ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង និងអន្តរក្រសួង ជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅក្រុងបាវិត
ដើម្បីលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវរបស់កម្មករនិយោជិត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរខេត្តស្វាយរៀង រួមជាមួយក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងសាធារណការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត» នៅក្រុងបាវិត។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ព្រមទាំង លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នគរបាលជាតិ លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី តំណាងរោងចក្រ ម្ចាស់អាជីវកម្មដឹកជញ្ជូន និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករយ៉ាងច្រើនកុះករ។
លោក ម៉ែន អេង បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការអន្តរក្រសួង រួមមានក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងសាធារណការ ក្នុងការការពារអាយុជីវិត និងលើកកម្ពស់សុខុមាលភាព ក៏ដូចជាផាសុកភាពរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទូទាំងប្រទេស ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងផ្ទាល់តែម្តង។

នៅក្នុងឱកាសនោះ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ សំដៅជំរុញឱ្យភាគីពាក់ព័ន្ធ ជាពិសេសតំណាងរោងចក្រសហគ្រាស និងម្ចាស់យានយន្ត យកចិត្តទុកដាក់ខ្ពស់ទៅលើលក្ខខណ្ឌការងារ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ ពីព្រោះធនធានមនុស្សគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានោះផងដែរ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុត។ លោកស្រីបានអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកបើកបរទាំងអស់ ត្រូវបញ្ឈប់ការដឹកជញ្ជូនហួសចំណុះដែលបង្កគ្រោះថ្នាក់ ហើយត្រូវរួសរាន់នាំយករថយន្តទៅធ្វើការពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឱ្យបានទៀងទាត់។ ព្រមទាំងចូលរួមសហការបិទស្ទីកគ័រសម្គាល់ពណ៌ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការគ្រប់គ្រង និងជួយសម្រួលការធ្វើដំណើរ។

សិក្ខាសាលាក៏បានបើកឱ្យមានវគ្គពិភាក្សា និងការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូន ព្រមទាំងបានរៀបចំពិធីបិទស្ទីកគ័រសម្គាល់លើរថយន្តដឹកជញ្ជូនកម្មករនិយោជិតជាផ្លូវការ ដែលបានឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕
ដោយ៖ ភក្ដី


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


