Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ផ្ដល់មីស៊ីល Patriot​ឲ្យ អ៊ុយក្រែន តាមសំណើរបស់ណាតូ និងយោធាអាមេរិក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz កាលពីថ្ងៃទី៦ ខែកក្កដា បានចេញមុខបកស្រាយ ថា ការផ្តល់ជំនួយជាមីស៊ីលស្ទាក់ចាប់ Patriot របស់ប៉ូឡូញទៅឲ្យអ៊ុយក្រែននាពេលថ្មីៗនេះ គឺត្រូវបានធ្វើឡើងតាមសំណើរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់អឺរ៉ុប។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kosiniak-Kamysz បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Warsaw ថា «តាមសំណើរបស់អគ្គលេខាធិការអង្គការណាតូ និងកងកម្លាំងអាមេរិកប្រចាំតំបន់អឺរ៉ុប ព្រមទាំងមានការពិគ្រោះយោបល់ជាមួយក្រុមអ្នកប្រើប្រាស់រួចមក ការសម្រេចចិត្តផ្តល់ជំនួយជាមីស៊ីល Patriot ត្រូវបានបង្កើតឡើងជាសំណើរ មិនមែនចិត្តឯងឡើយ»។ នេះបើតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Anadolu

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំនួនមីស៊ីលដែលបានផ្ទេរទៅនោះ មានត្រឹមតែមួយផ្នែកតូចនៃសមត្ថភាពសរុបរបស់ប៉ូឡូញតែប៉ុណ្ណោះ ហើយវានឹងមិនប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារដែនអាកាសរបស់ប្រទេសជាតិឡើយ។

លោកក៏បានគូសបញ្ជាក់បន្ថែមថា ការសម្រេចចិត្តនេះត្រូវបានពិភាក្សាជាមួយការិយាល័យប្រធានាធិបតី និងការិយាល័យសន្តិសុខជាតិរបស់ប៉ូឡូញរួចរាល់ហើយ ហើយវាក៏មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ស្ថាប័នទាំងពីរនោះដែរ។

យ៉ាងណាមិញ ការលាតត្រដាងព័ត៌មាននេះបានកើតឡើង បន្ទាប់ពីមានការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តរបស់ប្រធានាធិបតី លោក Karol Nawrocki ដែលបានចោទសួរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្តល់មីស៊ីល Patriot ទៅឲ្យអ៊ុយក្រែន ស្របពេលដែលមានការវាយប្រហារដោយមីស៊ីល និងដ្រូនជាបន្តបន្ទាប់ពីសំណាក់ប្រទេសរុស្ស៊ី។

ជាមួយគ្នានេះដែរ លោក Kosiniak-Kamysz ក៏បានច្រានចោលនូវរបាយការណ៍ដែលថា ប៉ូឡូញបានបោះបង់ចោលតំណែងរបស់ខ្លួននៅក្នុងជួរមុខ សម្រាប់ការផលិតមីស៊ីល Patriot ថ្មីៗពីសហរដ្ឋអាមេរិក ទៅឲ្យអ៊ុយក្រែនផងដែរ។ លោកបានសង្កត់ធ្ងន់ថា «យើងមិនត្រូវបានស្នើសុំឲ្យធ្វើដូច្នេះទេ ហើយយើងក៏មិនបានធ្វើការសម្រេចចិត្តបែបនោះដែរ»។

សូមជម្រាបជូនថា ប៉ូឡូញមានកិច្ចសន្យាទិញប្រព័ន្ធ Patriot ថ្មីៗជាច្រើនពីរោងចក្រសហរដ្ឋអាមេរិក។ បន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋាភិបាលប៉ូឡូញបានយល់ព្រមបោះបង់ចោលតំណែងរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យរោងចក្រអាមេរិកផលិត និងបញ្ជូនអាវុធទាំងនោះទៅឲ្យប្រទេសអ៊ុយក្រែនមុន។ ចំណុចនេះហើយ ដែលធ្វើឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវចេញមុខមកបដិសេធភ្លាមៗ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម