ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ទទូចសុំកុំឱ្យអាមេរិក លក់យន្តហោះចម្បាំងទំនើបៗឱ្យ តួកគី
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជំរុញយ៉ាងទទូចសុំកុំឱ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងទំនើបៗ ឬម៉ាស៊ីនយន្តហោះចម្បាំងឱ្យទៅប្រទេសតួកគីឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ចាក់ផ្សាយថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ មុនពេលកិច្ចប្រជុំកំពូលណាតូចាប់ផ្តើមឡើងនៅទីក្រុងអង់ការ៉ា លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា អាមេរិកមិនគួរផ្តល់យន្តហោះចម្បាំងធុន F-35 ឬម៉ាស៊ីនយន្តហោះចម្បាំងឱ្យតួកគីនោះទេ ព្រោះវានឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នត្រូវបានធានាដោយឧត្តមភាពខាងផ្លូវអាកាសរបស់អ៊ីស្រាអែល និងវត្តមានរបស់អាមេរិក។
ការចេញមុខមកទប់ស្កាត់របស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែជំរុញការលក់ម៉ាស៊ីនយន្តហោះចម្បាំងប្រភេទ General Electric F110 ទៅឱ្យតួកគី ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសភាអាមេរិកក៏ដោយ។ លោក Gregory Meeks មន្ត្រីជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យ នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្អាកការលក់អាវុធនេះ ដោយលោកបានរិះគន់រដ្ឋបាលលោក ត្រាំ ថាបានព្យាយាមរំលងការត្រួតពិនិត្យរបស់សភា ក្នុងការលក់អាវុធដែលមានតម្លៃជាង ៧០០លានដុល្លារនេះ។
ក្រៅពីការរំលងអំណាចសភា លោក Meeks ក៏បានរិះគន់រដ្ឋបាលលោក ត្រាំ ផងដែរ ដែលមិនបានគិតគូរពីបញ្ហាសន្តិសុខ ខណៈដែលតួកគីនៅតែបន្តរក្សាទុកប្រព័ន្ធការពារមីស៊ីល S-400 ដែលទិញពីរុស្ស៊ីនៅឡើយ។
បញ្ហាលក់អាវុធដ៏ចម្រូងចម្រាសនេះ កំពុងតែក្លាយជាចំណុចក្តៅ ស្របពេលដែលមេដឹកនាំណាតូ ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅតួកគី ដែលមន្ត្រីអាមេរិកបង្ហើបថា អាចនឹងមានការប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធទំនើបៗតម្លៃរាប់ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិកថែមទៀតផង។

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចរិតលក្ខណៈរបស់មេដឹកនាំតួកគី ដោយលោកបានលើកឡើងចំៗថា តួកគីជាប្រទេសដ៏អស្ចារ្យមួយមែន ប៉ុន្តែបែរជាត្រូវគ្រប់គ្រងដោយបុរសម្នាក់ គឺលោកប្រធានាធិបតី Recep Tayyip Erdoğan ដែលតែងតែប្រកាសចង់កម្ទេចប្រទេសអ៊ីស្រាអែលទៅវិញ។ លោកបានបន្ថែមថា មេដឹកនាំតួកគីរូបនេះ បានចូលកាន់កាប់ទឹកដីពាក់កណ្តាលនៃប្រទេសស៊ីប និងកំពុងគំរាមកំហែងប្រទេសក្រិក ដែលជាសមាជិកណាតូដូចគ្នា ថែមទាំងធ្លាប់បាននិយាយជាចំហពីគម្រោងចង់វាយយកទីក្រុងហ្សេរុយសាឡឹមទៀតផង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


