ព័ត៌មានជាតិ
គ្មានអគ្គិសនីប្រើប្រាស់ច្រើនឆ្នាំ! ពលរដ្ឋ ៥០ គ្រួសារ នៅរតនគិរី ស្នើពង្រីកបណ្តាញអគ្គិសនីចូលតំបន់ពួកគេរស់នៅ
ពលរដ្ឋប្រមាណ ៥០ គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចគ្រឹង រស់នៅសងខាងផ្លូវភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានស្នើឱ្យអាជ្ញាធរ និងអង្គភាពអគ្គិសនី ពង្រីកបណ្តាញអគ្គិសនីចូលដល់តំបន់រស់នៅរបស់ពួកគេ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ និងបង្កើនឱកាសប្រកបមុខរបរនៅមូលដ្ឋាន។ ប្រជាពលរដ្ឋអះអាងថា រយៈពេលជាង ៣ ឆ្នាំមកហើយ ពួកគេបានដាក់សំណើទៅការិយាល័យអគ្គិសនីស្រុកវើនសៃជាច្រើនលើក ដើម្បីស្នើសុំតបណ្តាញអគ្គិសនី ប៉ុន្តែមិនទទួលបានការអនុម័ត។

អ្នកស្រី ណែន ធួន បានប្រាប់ «កម្ពុជាថ្មី» ថា គ្រួសាររបស់អ្នកស្រី និងអ្នកភូមិជាច្រើន នៅតែមិនមានភ្លើងអគ្គិសនីប្រើប្រាស់ ទោះបីពួកគេមករស់នៅតំបន់ខាងលើយូរឆ្នាំហើយក៏ដោយ។ អ្នកស្រីលើកឡើងពីបញ្ហាថា ការខ្វះអគ្គិសនីធ្វើឱ្យការរស់នៅពេលយប់ជួបការលំបាក មិនអាចសាកថ្មទូរស័ព្ទ ប្រើកុំព្យូទ័រ ឬបំពេញការងារសិក្សារបស់កូនៗបានដូចតំបន់ផ្សេង។
ចំណែកអ្នកស្រី នាង បានឱ្យដឹងថា នៅពេលទៅស្នើសុំតភ្លើង មន្ត្រីបានណែនាំឱ្យតខ្សែភ្លើងពីត្រង់ហ្វូក្នុងភូមិ ដែលមានចម្ងាយរាប់រយម៉ែត្រ។ ត្រង់ចំណុចនេះ អ្នកស្រីថា គ្រួសារមិនមានលទ្ធភាពចំណាយលើការទិញខ្សែភ្លើងប្រវែងវែង ឬដំឡើងប្រព័ន្ធសូឡាឱ្យគ្រប់គ្រាន់នោះទេ។ ដោយសារមិនមានអគ្គិសនីប្រើប្រាស់នេះហើយ អ្នកស្រីក៏មិនអាចបើកតូបកាត់ដេរសម្លៀកបំពាក់នៅផ្ទះ ដើម្បីបណ្តុះបណ្តាលកុមារ និងប្រកបមុខរបរនៅក្នុងសហគមន៍បាន។
ស្រដៀងគ្នានេះដែរ អ្នកស្រី គី បាននិយាយថា ការខ្វះអគ្គិសនីធ្វើឱ្យគ្រួសាររបស់អ្នកស្រីមិនអាចបើករោងជាងដែកនៅផ្ទះបាន ហើយត្រូវចេញទៅរកការងារនៅកន្លែងផ្សេង។ អ្នកស្រីសង្ឃឹមថា ប្រសិនបើមានបណ្តាញអគ្គិសនីចូលដល់លំនៅឋាន នឹងជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋនេះ លោក លុច វិបុល មន្ត្រីអគ្គិសនីស្រុកវើនសៃ ធ្លាប់បានលើកឡើងក្នុងវេទិកាសាធារណៈឃុំកាចូន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា ទោះបីមានបង្គោលភ្លើងនៅតាមសងខាងផ្លូវក៏ដោយ ប៉ុន្តែតំបន់នោះនៅមិនទាន់មានចំនួនអ្នករស់នៅគ្រប់លក្ខខណ្ឌដែលអាចពង្រីកបណ្តាញអគ្គិសនីបាននៅឡើយ។
លោកបញ្ជាក់ថា តំបន់សងខាងផ្លូវភូមិទៀមលើមានគម្រោងពង្រីកបណ្តាញអគ្គិសនីនាពេលខាងមុខ ប៉ុន្តែសម្រាប់តំបន់អូរលីង ក្នុងភូមិកាចូនក្រោម នៅមិនទាន់មានគម្រោងពង្រីកបណ្តាញនៅឡើយ។
ទន្ទឹមនឹងនេះ លោកបានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីបង្គោលភ្លើង អាចជ្រើសរើសតភ្លើងពីចំណុចដែលនៅជិតបំផុត ដោយត្រូវទិញខ្សែភ្លើងប្រភេទមុខកាត់ ៥០ មីលីម៉ែត្រការ៉េ ដោយខ្លួនឯង។ លោកអះអាងថា ការតភ្ជាប់ក្នុងចម្ងាយប្រមាណ ៥០០ ម៉ែត្រ មិនបង្កឱ្យមានការធ្លាក់តង់ស្យុងទេ ហើយសេវាតភ្ជាប់ក៏ត្រូវបានបញ្ចុះតម្លៃរួចហើយ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋអះអាងថា ពួកគេមិនមានលទ្ធភាពទិញខ្សែភ្លើងនោះទេ និងស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការពង្រីកបណ្តាញអគ្គិសនីចូលតំបន់ពួកគេរស់នៅ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាអគ្គិសនី និងអាចបើកមុខរបរលក់ដូរប្រចាំថ្ងៃ និងអាជីវកម្មផ្សេងៗបាន ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


