Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីរ៉ង់ ប្រកាសវាយបកអាមេរិកចាស់ដៃ ក្រោយរងការទម្លាក់គ្រាប់បែក

បានផុស

នៅ

ស្ថានការណ៍នៅមជ្ឈិមបូព៌ា កំពុងតែប្រឈមមុខនឹងភាពតានតឹងខ្លាំង បន្ទាប់ពីទីបញ្ជាការកណ្តាល Khatam-al-Anbiya របស់យោធាអ៊ីរ៉ង់ បានចេញ​ថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ នេះ​យោង​តាម​ការ​ចុះផ្សាយរបស់​សារព័ត៌មាន Al Jazeera នា​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពអ៊ីរ៉ង់ បានចាត់ទុកទង្វើនេះថាជា «ការឈ្លានពានដ៏កំរោលបំផុត» ជាពិសេសគឺវាកើតឡើងចំពេល ដែលគេកំពុងរៀបចំពិធីដង្ហែសពអតីតមេដឹកនាំកំពូលរបស់ខ្លួនគឺ​លោក Ayatollah Ali Khamenei នៅក្នុងប្រទេសអ៊ីរ៉ាក់។

តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការ យោធាអ៊ីរ៉ង់​បានព្រមានខ្លាំងៗថា កងទ័ពរបស់ខ្លួននឹងបើកការវាយបកត្រឡប់ទៅវិញយ៉ាងចាស់ដៃបំផុត ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់អាមេរិក។ ជាមួយគ្នានេះដែរ ភាគីអ៊ីរ៉ង់បានប្រកាសដាច់អហង្ការថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសណាមួយ មកលើការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់នោះឡើយ។

យោធាអ៊ីរ៉ង់ បានសង្កត់ធ្ងន់បន្ថែមថា ផ្លូវតែមួយគត់ដែលមានសុវត្ថិភាពសម្រាប់នាវាដឹកទំនិញ និងនាវាដឹកប្រេងទាំងអស់ ក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺមានតែផ្លូវដែលកំណត់ដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់តែប៉ុណ្ណោះ។ ការប្រកាសក្តៅៗបែបនេះ កំពុងធ្វើឱ្យពិភពលោកបារម្ភខ្លាចកើតមានសង្គ្រាមទ្រង់ទ្រាយធំ និងអាចប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងសកលជាថ្មីម្ដងទៀត។

គួរ​រំលឹក​ថា បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បានឱ្យដឹងថា កងទ័ពរបស់ខ្លួន បានធ្វើសកម្មភាពវាយប្រហារ​លើ​អ៊ីរ៉ង់ កាលពីរាត្រីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅ នឹងការដែលអ៊ីរ៉ង់ វាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មចំនួន ៣គ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស។

ការផ្ទុះជាច្រើនកន្លែង ត្រូវបានគេឮនៅទូទាំងតំបន់ឆ្នេរសមុទ្រយុទ្ធសាស្ត្រ រួមមានទីក្រុងកំពង់ផែភាគខាងត្បូង Sirik, កោះ Qeshm និងមូលដ្ឋានកងទ័ពជើងទឹកដ៏ធំ គឺ Bandar Abbas៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម