Connect with us

ព័ត៌មានជាតិ

កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញដែលមានពីមុន អាចជួយអតីតពលករទទួលបានឱកាសការងារមានប្រាក់ចំណូលសមរម្យ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងដំណើរការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL)របស់អតីតពលករ ដើម្បីទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារដែលមានស្រាប់របស់បេក្ខជន ឱ្យក្លាយជា វិញ្ញាបនបត្រផ្លូវការ សំដៅបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូលសម្រាប់អតីតពលករខ្មែរ ជាពិសេសពលករត្រឡប់មកពីថៃ និងធ្លាប់មានបទពិសោធន៍ការងារ។ កម្មវិធីនេះ កំពុងអនុវត្ត និងទទួលអតីតពលករចូលធ្វើតេស្តនៅតាមទីតាំងក្នុងរាជធានីខេត្តចំនួន៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ជាទីតាំងមួយ ដែលយុវជន ទុយ វិទូ អតីតពលករធ្លាប់ធ្វើការងារនៅប្រទេសថៃ បានចូលធ្វើតេស្តទទួលស្គាល់ជំនាញពីមុន លើជំនាញការដំឡើងបណ្តាញបំពង់ទឹក ដោយមានអ្នកវាយតម្លៃមកពីក្រុមហ៊ុនឯកជនចាំតាមដាន និងដាក់ពិន្ទុ។  វិទូ រៀបរាប់ថា កន្លងទៅរូបបំពេញការងារជាជាងតប្រព័ន្ធទឹកតាមតែអ្វីដែលចេះបន្តពីជាងដទៃប៉ុណ្ណោះ គ្មានស្តង់ដារឡើង ប៉ុន្តែ ឆ្លងកាត់ការចង្អុលបង្ហាញ ការធ្វើតេស្ត រូបគេទទួលបានចំណេះជំនាញច្បាស់ជាងមុន។ អតីតពលករចូលធ្វើតេស្តទទួលស្គាល់ជំនាញរូបនេះ រំពឹងថា ក្រោយទទួលបានវិញ្ញាបនបត្រ រូបគេអាចទទួលបានឱកាសការងារល្អប្រសើរ និងទទួលបានកម្រៃគួរសមជាងមុន។

​វិទូ អះអាងថា ៖«បន្ទាប់ពីការធ្វើតេស្ត យើងអាចអភិវឌ្ឍន៍ខ្លួនឯងបានច្រើន អ៊ីចឹងបើយើងទៅសម្ភាសន៍ការងារថ្មី យើងអាចទទួលបានការងារដែលល្អជាងមុន ពីព្រោះថាពីមុននិយាយឱ្យខ្លីទៅយើងបែបកូនជាង អ៊ីចឹងមក(ធ្វើតេស្ត)ទៅយើងដឹងរាងច្បាស់ទៅ យើងអាចមានឱកាសមួយកម្រិតទៀតសម្រាប់ការងារថ្មី»។

អតីតពលកររូបនេះ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា បង្កើតកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញនេះឡើង ដែលកម្មវិធីនេះ ជួយឱ្យអតីតពលករគ្រប់រូបបានដឹងពីសមត្ថភាពផ្ទាល់ខ្លួនផង និងមានការទទួលស្គាល់កម្រិតសមត្ថភាពផ្លូវការ។

ក្រឡេកទៅមើលយុវជន សួន វណ្ណា វិញម្ដង អតីតពលករធ្លាប់ធ្វើការរយៈ៦ឆ្នាំ លើទឹកដីថៃរូបនេះ ក៏បានចូលធ្វើតេស្តទទួលស្គាល់ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារដូចបេក្ខជនដទៃទៀតដែរ។ វណ្ណា ចូលធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ព្រោះតែគិតថា វិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុន មានតម្លៃ និងអាចផ្ដល់ឱកាសការងារល្អដល់ខ្លួន។  

អតីតពលករសួន វណ្ណា រៀបរាប់ពីមូលហេតុដែលជំរុញឱ្យខ្លួនចូលធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដូច្នេះ៖«ខ្ញុំគិតថា វាមានតម្លៃ ដោយសារ បើយើងមានសញ្ញាបត្រ យើងអាចដាក់ពាក្យចូលធ្វើការក្នុងសហគ្រាសទាំងដែលគេមិនសួរនាំវែងឆ្ងាយ ដោយសារតែយើងមានសញ្ញាបត្រដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំជូនអតីតពលករដូចជារូបខ្ញុំប្រឡង។

វណ្ណា​ អំពាវនាវទៅកាន់អតីតពលករទាំងអស់ដែលវិលពីថៃ បើសិនជាមានជំនាញស្រាប់សូមមកធ្វើតេស្តទទួលស្គាល់ជំនាញ ដើម្បីទទួលបានឱកាសការងារថ្មី មានប្រាក់ចំណូលសមរម្យជាងមុន។ វណ្ណា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះឡើង ពីព្រោះកម្មវិធីនេះ ជួយដល់អតីតពលករធ្លាប់មានជំនាញធ្វើការ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាព ឱ្យមានការទទួលស្គាល់សមត្ថភាពជាផ្លូវការ ងាយស្រួលរកការងារធ្វើ និងទទួលបានចំណូលបន្ថែម។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា  ឱ្យដឹងថា  បច្ចុប្បន្ននេះ មានអតីតពលករជិត៦ពាន់នាក់ បានដាក់ពាក្យស្នើសុំធ្វើតេស្តទទួលស្គាល់ជំនាញ ក្នុងនោះបេក្ខជនប្រមាណ៥ពាន់៤រយនាក់ បានធ្វើតេស្តរួចរាល់ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញ។ លោក ស៊ុន មេសា ចាត់ទុកអតីតពលករធ្លាប់ធ្វើការនៅប្រទេសថៃ ហើយបច្ចុប្បន្នបានវិលត្រឡប់ពីមកកម្ពុជាវិញ ថាប្រៀបបាននឹងដុំពេជ្រ ពីព្រោះអតីតពលករទាំងនោះសុទ្ធតែមានជំនាញស្រាប់។ លោក គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា រៀបចំការបញ្ជាក់ជំនាញពីមុនជូនអតីតពលករ គឺដើម្បីផ្ដល់ជំនាញច្បាស់លាស់តាមស្ដង់ដារ និងផ្ដល់ឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។

 

អ្នកនាំពាក្យលើកឡើងថា ៖«ជាធម្មតាទេ ពេលយើងដាក់ពាក្យចូលធ្វើការ គេនឹងសួរយើងថា យើងចេះអ្វី ហើយមានសញ្ញាបត្រឬអត់ អ៊ីចឹងបងប្អូនយើង (អតីតពលករ)ប្រឈម ព្រោះគាត់មានជំនាញ ប៉ុន្តែជំនាញមួយដែលមិនផ្លូវការ អ៊ីចឹងជំនាញដែលមិនផ្លូវការនេះ ត្រូវបានរាជរដ្ឋាភិបាលយកមកបង្កើតឱ្យទៅជាជំនាញមួយដែលផ្លូវការ ឱ្យពួកគាត់មានវិញ្ញាបនបត្រជាក់លាក់ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់។ ជាក់ស្ដែងខ្ញុំបានសួរទៅកាន់អ្នកវាយតម្លៃមកពីវិស័យឯកជន ពួកគាត់ថា ប្រសិនបើបងប្អូនកម្មករសំណង់ម្នាក់ មានវិញ្ញាបនបត្រនេះហើយ ជាមធ្យមក៏គាត់អាចទទួលបានប្រាក់ចំណូលចាប់ពី១៥ដុល្លារឡើងដែរ មានន័យថាជាកម្មករ ជំនាញតែម្ដង ខុសពីបងប្អូនផ្សេងទៀតដែលមកធ្វើការ ប៉ុន្តែមិនមានវិញ្ញាបនបត្របញ្ជាក់ជំនាញ។»។

លោក បន្ថែមថា៖«អ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ គឺជារបស់មួយដែលយើងអាចនិយាយយ៉ាងសាមញ្ញថា អេះចំកន្លែងរមាស់ ឬ ដាក់ថ្នាំចំត្រូវនឹងជំងឺ! អតីតពលករ ពួកគាត់មានជំនាញ គាត់ខ្វះដែលក្រដាសមួយសន្លឹកបញ្ជាក់ថា ពួកគាត់ពិតជាមានគុណភាព សមត្ថភាពក្នុងការលើវិស័យសំណង់មែន។ …(ការវាយតម្លៃនេះ គឺមានការចូលរួមពីវិស័យ​ឯកជន) អ៊ីចឹង ការចេញវិញ្ញាបនបត្ររបស់យើង មិនមែនមានន័យថាគ្រាន់តែជាការចេញក្រដាសមួយសន្លឹក ដើម្បីបង្គ្រប់កិច្ចទេ ប៉ុន្តែ(វិញ្ញាបនបត្រទទួលស្គាល់ជំនាញនេះ)គឺជាក្រដាសមួយសន្លឹក ដើម្បីប​ញ្ជាក់ពីសមត្ថភាពពិតប្រាកដ ដែលវិស័យឯកជនចង់បាន ដែលវិស័យឯកជនទទួលយក។»។

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យអតីតពលករដែលធ្លាប់ធ្វើការងារនៅថៃ ចូលរួមធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ហើយការធ្វើតេស្តនេះ គឺដោយគិតថ្លៃ មានសម្ភារៈគ្រប់គ្រាន់ និងមានអ្នកជំនាញមកពីវិស័យឯកជនមានបទពិសោធន៍ច្រើនឆ្នាំជាអ្នកវាយតម្លៃ។ 

លោក ស៊ុន មេសា បន្ថែមថា ៖«…សម្ភារៈរបស់យើងមិនឱ្យខ្វះទេ គ្រូវាយតម្លៃសុទ្ធតែមកពីវិស័យ​ឯកជន អ៊ឹចឹងពីភាគីរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចហើយ នៅឡើងរងចាំតែបងប្អូនអតីតពលករផ្នែកសំណង់មកពីប្រទេសថៃទេ។ សូមបងប្អូនអញ្ជើញមកធ្វើតេស្តទាំងអស់គ្នាអត់យកលុយទេ។»។

អ្នកវាយតម្លៃមកពីក្រុមហ៊ុន 61 Design and Build   បានឱ្យដឹងថា បេក្ខជនដែលដាក់ពាក្យចូលធ្វើតេស្ត ត្រូវមកបង្ហាញសមត្ថភាព ជំនាញដែលមានពីមុនដោយផ្ទាល់នៅទីតាំងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព។

អ្នកវាយតម្លៃសង្កត់ធ្ងន់ថា « ទាក់ទងជាមួយការវាយតម្លៃនេះដែរ គឺបង្ហាញថាអតីតពលករពិតជាមានសមត្ថភាពធ្វើការងារទាំងហ្នឹង ឱ្យបានត្រឹមត្រូវទៅតាមប្លង់បច្ចេកទេស មានន័យថាតាំងពីការងារប្រតិបត្តិរហូតដល់បញ្ចប់ការងារចងសរសៃដែក។ ទាក់ទងជាមួយគុណសម្ប​ត្តិការដែលគាត់មកធ្វើតេស្តទទួលស្គាល់គុណភាពជំនាញនេះ គឺមានន័យថាគាត់អាចធ្វើការងារត្រូវទៅតាមប្លង់បច្ចេកទេស ឬមជ្ឈមណ្ឌលវាយតម្លៃដាក់ឱ្យពួកគាត់។»

អ្នកវាយតម្លៃរូបនេះ អះអាងថា វិញ្ញាបនបត្រដែលអតីតពលករទទួលបានពីការវាយតម្លៃនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រា​ប់ប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារទាំងនៅក្នុងប្រទេស នៅក្រៅប្រទេស។

លោក ថា៖«បើសម្រាប់បេក្ខជនដែលគាត់ទៅធ្វើការងារនៅក្រៅប្រទេស គឺគាត់អាចមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលថាគាត់ពិតជាមានសមត្ថភាព អាចធ្វើការងារ​ឬប្រកបអាជីវកម្មហ្នឹងបាន។ »។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC)  មើលឃើញថា ការតេស្តទទួលស្គាល់ជំនាញ គឺជាគិតគូរមួយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះកន្លងទៅវិស័យឯកជនធ្លាប់ត្អូញត្អែរអំពីបញ្ហាខ្វះការធ្វើតេស្តទទួលស្គាល់ជំនាញ។

ប្រធានសហភាពការងារកម្ពុជា  ថ្លែងថា​៖«យើងបានឮអំពីបញ្ហាខ្វះការទទួលស្គាល់ជំនាញនេះ វាយូរដែរហើយ អ៊ីចឹងនៅកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាលគឺយើងឃើញថា កម្មវិធីទទួលស្គាល់ជំនាញរបស់កម្មករ គឺជាការបំពេញមួយដ៏ត្រូវ ហើយចាំបាច់ចំពោះបងប្អូនកម្មករ ជាពិសេសបងប្អូនកម្មករវិលត្រឡប់ពីប្រទេសថៃដែលចំណាកស្រុកមកកម្ពុជាយើងតែម្ដង។»។

លោក គង់ អាទិត្យ បន្តថា៖«យើងដឹងហើយថា នៅកន្លែងជ្រើសរើសបុគ្គលិក គេត្រូវការគុណភាពហើយស្តង់ដារ ហើយបើសិនជាគាត់អត់មានវិញ្ញាបនបត្រទទួលស្គាល់គុណភាពជំនាញហ្នឹងទេ គាត់ទៅដាក់ពាក្យ និយោជកអត់ដឹងថាកំណត់គាត់យ៉ាងម៉េច ហើយកម្រិតប្រាក់ឈ្នួលគាត់ក៏ទាប។ អ៊ីចឹងនៅពេលដែលគាត់មានការទទួលស្គាល់ស្តង់ដារសមត្ថភាព បូករួមជាមួយជំនាញដែលគាត់រៀនពីក្រៅប្រទេស គាត់អាចទទួលបានចំណូលខ្ពស់ លក្ខខណ្ឌការងារល្អ។»។

អតីតពលករអាចចុះឈ្មោះធ្វើតេស្ត RPL ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh ឬចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ កន្លែង ក្នុងនោះសម្រាប់រាជធានីភ្នំពេញអាចចុះឈ្មោះនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំណែកតាមបណ្ដាខេត្តអាចចុះឈ្មោះនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងមាននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម