Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការថៃ បើកដៃឱ្យ អានុទីន ប្រើកម្ចីបន្ទាន់ ១២ពាន់លានដុល្លារ ខណៈ​អ្នកជំនាញព្រមានពីវិបត្តិបំណុលជាតិ​វ័ណ្ឌក

បានផុស

នៅ

យោងតាម​សារព័ត៌មាន The Nation Thailand រដ្ឋាភិបាលរបស់​​លោក អានុទីន ឆានវីរៈគុល ទទួលបានជ័យជម្នះផ្នែកនយោបាយយ៉ាងធំធេង បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេច​នា​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ថា ព្រះរាជក្រឹត្យកម្ចីបន្ទាន់ក្នុងទំហំទឹកប្រាក់ ៤០០ពាន់លានបាត ឬ​​ប្រហែល ១២ពាន់លានដុល្លារ គឺស្របតាមរដ្ឋធម្មនុញ្ញទាំងស្រុង។ យ៉ាងណាមិញ ជោគជ័យនេះ ត្រូវរងការព្រមានភ្លាមៗពីធនាគារកណ្តាលថៃ និងក្រុមអ្នកជំនាញសេដ្ឋកិច្ចថា កម្ចីដ៏មហាសាលនេះ នឹងរុញច្រានបំណុលសាធារណៈឱ្យឡើងទៅកៀកនឹងពិដានច្បាប់កំណត់ ៧០% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលធ្វើឱ្យប៉ះពាល់ខ្លាំង​ដល់​​លំហូរ​ហិរញ្ញវត្ថុជាតិសម្រាប់ទប់ទល់នឹងវិបត្តិនាពេលអនាគត។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយ វិវាទផ្លូវច្បាប់នេះ បានផ្ទុះឡើងបន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងចំនួន ១៣៣រូប បានរួមគ្នាប្តឹងទៅតុលាការ ដោយអះ​អាងថា គណៈរដ្ឋមន្ត្រីបានរំលោភលើរដ្ឋធម្មនុញ្ញមាត្រា ១៧២ ដែលអនុញ្ញាតឱ្យចេញព្រះរាជក្រឹត្យបន្ទាន់បាន តែក្នុងករណីណាដែលមានភាពចាំបាច់ និងមិនអាចជៀសវាងបានប៉ុណ្ណោះ។ បក្សប្រឆាំងយល់ស្របថា ការចែកលុយជួយជីវភាពពលរដ្ឋជារឿងប្រញាប់ ប៉ុន្តែពួកគេមិនយល់ស្របឡើយ ចំពោះការប្រើប្រាស់កម្ចីបន្ទាន់នេះ ហួស​ទៅ​ដល់ការវិនិយោគលើរចនាសម្ព័ន្ធថាមពលរយៈពេលវែងនោះទេ។ ទោះជាយ៉ាងណា ក្រុមចៅក្រមបានបោះឆ្នោតគាំទ្រគម្រោងនេះ ដោយសំឡេង ៩ ទល់នឹង ០ លើកញ្ចប់ថវិកាចែកលុយ ២០០ពាន់លានបាត ហៅថា «Thais Help Thais Plus» និងសំឡេង ៧ ទល់នឹង ២ លើកញ្ចប់ថវិកា ២០០ពាន់លានបាតទៀត សម្រាប់បង្វែរប្រទេសទៅរកថាមពលបៃតង និងឡានអគ្គិសនី។

ក្រៅពីបញ្ហាបំណុលវណ្ឌកហើយ ប្រភពព័ត៌មានសេដ្ឋកិច្ចធំៗ ដូចជា Bloomberg បានគូសបញ្ជាក់បន្ថែមពីផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ តាមរយៈការបង្កើតសម្ពាធលើអតិផរណា។ កាលពីខែឧសភា អត្រាអតិផរណារបស់ថៃ បានហក់ឡើងខ្ពស់បំផុត ក្នុងរយៈពេល ៣៨ខែ គឺដល់ទៅ ២,៨៩% ទៅហើយ ដោយសារវិបត្តិថាមពលសកល។ ការចាក់លុយស្រស់ៗចំនួន ២០០ពាន់លានបាត ចូលទៅក្នុងដៃអ្នកប្រើប្រាស់ភ្លាមៗបែបនេះ អាចនឹងរុញច្រានឱ្យទំនិញក្នុងស្រុកកាន់តែឡើងថ្លៃខ្លាំងលើសដើម ដែលបង្ខំឱ្យធនាគារកណ្តាលត្រូវរក្សាអត្រាការប្រាក់ ក្នុងកម្រិតខ្ពស់ដដែល។

ជាងនេះទៅទៀត ក្រុមអ្នកសេដ្ឋកិច្ច បានរិះគន់ថា កម្ចីនេះជាដំណោះស្រាយបែប «បិទដំបៅបណ្តោះអាសន្ន» ព្រោះការចែកលុយឱ្យពលរដ្ឋចាយវាយ គឺគ្រាន់តែជួយទប់ទល់សេដ្ឋកិច្ច ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាមិនបានជួយដោះស្រាយឫសគល់នៃបញ្ហាសេដ្ឋកិច្ចពិតប្រាកដរបស់ថៃនោះឡើយ ជាអាទិ៍ បញ្ហាបំណុលវណ្ឌកក្នុងគ្រួសារ បញ្ហាសង្គមមនុស្សចាស់ និងការធ្លាក់ចុះនៃសមត្ថភាពប្រកួតប្រជែងរបស់ជាតិនៅលើទីផ្សារអន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ ការប្រើប្រាស់ព្រះរាជក្រឹត្យបន្ទាន់របស់រដ្ឋាភិបាល ក៏បានធ្វើឱ្យគម្រោងនេះរំលងប្រព័ន្ធត្រួតពិនិត្យថវិកាជាតិ ដោយមិនបានឆ្លងកាត់ការដេញដោល និងស៊ើបអង្កេតយ៉ាងល្អិតល្អន់ពីសភាជាតិឡើយ ដែលក្រុមអ្នកតស៊ូមតិដើម្បីតម្លាភាពព្រមានថា នេះជាគំរូនយោបាយដ៏គ្រោះថ្នាក់ ដែលកាត់បន្ថយប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាច ក្នុងការប្រើប្រាស់លុយពន្ធរបស់ប្រជាពលរដ្ឋ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម