Connect with us

ព័ត៌មានអន្ដរជាតិ

ADB៖ វៀតណាមបន្តមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ​នៅអាស៊ាន​ឆ្នាំនេះ ទោះមានហានិភ័យសកល

បានផុស

នៅ

សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើង​វ៉ាដាច់គេនៅ​អាស៊ីអាគ្នេយ៍​ ​ក្នុងអត្រាប្រមាណ ៧,២% នៅឆ្នាំ ២០២៦ និង ៧,០% នៅឆ្នាំ២០២៧។ នេះបើតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកក្កដា ឆ្នាំ២០២៦ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយកាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ADB បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានភាពរឹងមាំ ដោយសារវិស័យផលិតកម្មបន្ត​រីកចម្រើន​ ការនាំចេញ និងការវិនិយោគនៅតែមានស្ថិរភាព ខណៈតម្រូវការក្នុងស្រុកក៏បន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនេះ អត្រាអតិផរណា​នឹងកើនពី ៣,៣% នៅឆ្នាំ២០២៥ មក ៤,០% នៅឆ្នាំ២០២៦ មុននឹងថយមក ៣,៨% នៅឆ្នាំ២០២៧។

ក្រៅពីវៀតណាម ADB បានព្យាករថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើនឡើង ៥,២% នៅឆ្នាំ ២០២៦, ម៉ាឡេស៊ី ៤,៦% កម្ពុជា ៤,១% ឡាវ ៤% ហ្វីលីពីន ៣,៨% មីយ៉ាន់ម៉ា ២,៤% និង​ថៃ និងប្រ៊ុយណេ ១,៨% ។

​ក្នុង​របាយការណ៍ដដែល ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកមកនៅ ៤,៩% ក្នុងឆ្នាំ២០២៦ ពី ៥,៥% ក្នុងឆ្នាំ២០២៥ ហើយទាបជាងការព្យាករកាលពីខែមេសាចំនួន ០,២ ភាគរយ។ ទោះជាយ៉ាងណា ស្ថាប័ននេះនៅតែរក្សាការព្យាករកំណើនសម្រាប់ឆ្នាំ២០២៧ នៅ ៥,១% ដោយរំពឹងថាសកម្មភាពសេដ្ឋកិច្ចនឹងងើបឡើងវិញ បន្ទាប់ពីសម្ពាធខាងក្រៅថយចុះជាបន្តបន្ទាប់។

ADB បានបញ្ជាក់ថា ការរំខានយូរអង្វែងនៅក្នុងទីផ្សារថាមពលសកល ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធខ្លាំងជាងការរំពឹងទុកទៅលើសេដ្ឋកិច្ចក្នុងតំបន់។ ទោះបីមានកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីខែមិថុនាក៏ដោយ ADB រំពឹងថា ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារថាមពលនឹងថយចុះតែបន្តិចម្តងៗប៉ុណ្ណោះ។

របាយការណ៍ក៏បានព្រមានថា ការកើនឡើងនៃតម្លៃថាមពលកំពុងជះឥទ្ធិពលទៅលើតម្លៃជីកសិកម្ម ទំនិញសំខាន់ៗ និងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកល ដែលធ្វើឱ្យសម្ពាធអតិផរណានៅទូទាំងតំបន់បន្តកើនឡើង។

ប្រធានសេដ្ឋវិទូរបស់ ADB លោក Albert Park បានលើកឡើងថា ទោះបីតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅតែបង្ហាញភាពធន់នៃកំណើនសេដ្ឋកិច្ចក៏ដោយ បញ្ហាប្រឈមដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា តម្រូវឱ្យរដ្ឋាភិបាលនានារក្សាតុល្យភាពរវាងការជំរុញកំណើនសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា។

ADB ក៏បានព្រមានផងដែរថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងអស្ថិរភាពដែលអាចអូសបន្លាយនៅលើពិភពលោក នឹងនៅតែជាហានិភ័យសំខាន់សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ដោយអាចបង្កឱ្យទីផ្សារថាមពលកាន់តែតឹងរ៉ឹង បង្កើនសម្ពាធអតិផរណា និងបន្ថែមហានិភ័យចំពោះសេដ្ឋកិច្ចប្រទេសនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម