ព័ត៌មានជាតិ
សាស្ត្រាចារ្យ យូ សុភា ផ្តាំសិស្សត្រៀមប្រឡង៖ ស្គាល់ប្រភេទប្រធានបទ និងចេះប្រើឃ្លោងឃ្លា ជាគន្លឹះសរសេរតែងសេចក្តីឱ្យបានល្អ
លោក យូ សុភា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាក្រុមកំណែមុខវិជ្ជាភាសាខ្មែរក្នុងការប្រឡងបាក់ឌុប បានណែនាំសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខ ថា ដើម្បីសរសេរតែងសេចក្តីឱ្យបានល្អ សិស្សត្រូវយកចិត្តទុកដាក់លើគន្លឹះសំខាន់ពីរ គឺ ទី១ ត្រូវស្គាល់ប្រភេទប្រធានបទឱ្យបានច្បាស់ ដើម្បីចៀសវាងសរសេរខុសលំនាំតែងសេចក្តី និងទី២ ត្រូវចេះប្រើពាក្យពេចន៍ និងឃ្លោងឃ្លាឱ្យបានសមរម្យ មិនសាមញ្ញពេក ហើយត្រឹមត្រូវតាមក្បួនវេយ្យាករណ៍។

សាស្ត្រាចារ្យ យូ សុភា បានប្រាប់ «កម្ពុជាថ្មី» ថា ចំណុចចាំបាច់បំផុតដែលត្រូវដឹងក្នុងតែងសេចក្តី គឺការកំណត់ប្រភេទប្រធានតែងសេចក្តីឱ្យបានច្បាស់ថា ជាប្រភេទអ្វី? ដើម្បីសរសេរតែងសេចក្តីនោះឱ្យត្រូវតាមលំនាំ និងឆ្លើយតបតាមគោលដៅរបស់ប្រធានបទ ព្រមទាំងចៀសវាងការសរសេរចាកប្រធាន។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ទោះបីជាការសរសេរតែងសេចក្តីនោះបានល្អកម្រិតណាក៏ដោយ ប៉ុន្តែ ប្រសិនបើសរសេរចាកប្រធាន នោះបេក្ខជននឹងមិនទទួលបានពិន្ទុល្អឡើយ។
សាស្ត្រាចារ្យ យូ សុភា បានបន្ថែមថា ចំណុចសំខាន់មួយទៀតដែលបេក្ខជនប្រឡងត្រូវយកចិត្តទុកដាក់ គឺការចេះប្រើពាក្យពេចន៍ និងឃ្លោងឃ្លាឱ្យបានសមរម្យក្នុងការសរសេរតែងសេចក្តី។ លោកពន្យល់ថា ប្រសិនបើប្រើពាក្យពេចន៍សាមញ្ញពេក នឹងធ្វើឱ្យសំណេរខ្វះទម្ងន់ មិនសូវទាក់ទាញ និងពិបាកទទួលបានពិន្ទុខ្ពស់ពីគណៈកម្មការកំណែ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍ថា៖ «ពាក្យពេចន៍ឃ្លោងឃ្លាពីល្បះមួយទៅល្បះមួយ ត្រូវមានភាពប្រទាក់ក្រឡាគ្នា រលូនល្អ ចៀសវាងការសរសេរជាប់គ្នារដឹកខ្លាំងពេក ដែលគ្មានសញ្ញាខន្ធនេះ គឺអត់មានឃ្លាល្បះ អត់មានអីទាំងអស់គឺសរសេរជាប់គ្នារដឹក អ៉ីចឹងក៏អត់ទទួលបានជោគជ័យដែរ។ យើងចាំបាច់ត្រូវប្រើប្រាស់ពាក្យពេចន៍ឃ្លោងឃ្លា ប្រយោគឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ ជាពាក្យពេចន៍បង្កប់អត្ថន័យ បញ្ជាក់បានពីកម្រិតចំណេះដឹងថ្នាក់វិទ្យាល័យ»។
ក្នុងនាមជាក្រុមកំណែមុខវិជ្ជាភាសាខ្មែរក្នុងការប្រឡងបាក់ឌុប សាស្ត្រាចារ្យ យូ សុភា បានផ្តាំដល់បេក្ខជនប្រឡងពីគន្លឹះលើកឧទាហរណ៍ក្នុងរឿងអក្សរសិល្ប៍ថា ដើម្បីអាចទទួលបានពិន្ទុល្អក្នុងការសរសេរ សិស្សត្រូវលើកយកឧទាហរណ៍ក្នុងរឿងឱ្យបាន ៤រឿង ឬ ៥រឿងឡើងទៅ ទើបសំណេរមានទម្ងន់ និងអត្ថន័យទូលំទូលាយល្អ។ លោក បញ្ជាក់ថា ចំពោះការលើកឧទាហរណ៍ក្នុងរឿងអក្សរសីល្ប៍នេះ បេក្ខជនត្រូវលើកឱ្យចំចំណុចដែលពាក់ព័ន្ធត្រូវនឹងប្រធានបទ ពោល ចៀសវាងការសង្ខេបរឿងឡើងវិញ ឬសរសេរតែតាមអ្វីដែលខ្លួននឹងឃើញទាំងមិនចំគោលដៅ ព្រោះទោះបីសំណេរវែងយ៉ាងណាក៏ដោយ ប្រសិនបើមិនត្រូវតាមប្រធានបទ នឹងមិនអាចទទួលបានពិន្ទុល្អឡើយ។
លោកសង្កត់ធ្ងន់ថា៖ «ទោះបីលើករឿងច្រើនមែន ក៏ប៉ុន្តែអត់ចំគោលដៅ អត់ចំពាក់ព័ន្ធជាមួយប្រធាន ក៏អត់ទទួលបានពិន្ទុនោះទេ»។
ជាមួយគ្នានេះ សាស្ត្រាចារ្យ យូ សុភា ក៏បានណែនាំឱ្យសិស្សយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធ និងខិតខំអានរឿងអក្សរសិល្ប៍ឱ្យបានច្រើន ចងចាំសាច់រឿង និងតួអង្គក្នុងរឿងឱ្យបានច្បាស់ ចៀសវាងការច្រឡំសាច់រឿង និងដាក់ឈ្មោះតួអង្គខុស៕

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


