Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ

បានផុស

នៅ

ប្រាសាទតាកែវ គឺជាសមិទ្ធផលស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិអង្គរ។ ប្រាសាទនេះមានលក្ខណៈពិសេសប្លែកពីគេ ដោយសារវាជា «ប្រាសាទភ្នំ» សាងសង់ឡើងអំពីថ្មភក់ដ៏ធំស្កឹមស្កៃ មានកម្ពស់៥ថ្នាក់ តំណាងឱ្យភ្នំព្រះសុមេរុ ប៉ុន្តែមិនទាន់មានការដាប់ឆ្លាក់ក្បូរក្បាច់រចនាឱ្យបានពេញលេញ ដូចប្រាសាទដទៃឡើយ ដែលជាចំណុចទាក់ទាញ និងបង្កើតជាសំណួរចោទសួរយ៉ាងច្រើនពីសំណាក់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយើងស្វែងរកឫសគល់ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូររជ្ជកាល ដោយផ្អែកលើមូលដ្ឋានសិលាចារឹក ប្រាសាទតាកែវមានឈ្មោះដើមថា «ហេមស្រឹង្គគិរី» (Hemaśṛṅgagiri) ដែលមានន័យថា «ភ្នំដែលមានកំពូលមាស»។ ការសាងសង់ត្រូវបានចាប់ផ្តើមឡើងនៅចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ (គ.ស. ៩៦៨-១០០១) ស្ថិតក្នុងអន្តរកាលរវាងរចនាបថប្រែរូប និងរចនាបថឃ្លាំង ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា។ ក្រោយពេលព្រះបាទជ័យវម៌្មទី៥ សោយទិវង្គត ការសាងសង់ត្រូវបានបន្តដោយព្រះមហាក្សត្របន្ទាប់គឺ ព្រះបាទជយវីរវម៌្ម និងព្រះបាទសូរ្យវម៌្មទី១ ប៉ុន្តែទោះជាឆ្លងកាត់បីរជ្ជកាលក៏ដោយ ក៏មហាសំណង់មួយនេះនៅតែមិនទាន់បានបញ្ចប់ជាស្ថាពររហូតមកដល់សព្វថ្ងៃ។

ទីតាំងភូមិសាស្ត្រ និងរចនាសម្ព័ន្ធស្ថាបត្យកម្មនៃប្រាសាទតាកែវ តាំងនៅខាងកើតនៃក្រុងអង្គរធំ ក្បែរខ្លោងទ្វារជ័យ និងស្ថិតនៅចំទិសខាងលិចនៃបារាយណ៍ខាងកើត។ ក្នុងទម្រង់ជាប្រាសាទភ្នំ ក្តីចំនួន៥ ផ្ដុំគ្នានៅលើថ្នាក់ខ្ពស់បំផុត (ថ្នាក់ទី៥) ដោយសាងឡើងលើខឿនតែមួយ មានលក្ខណៈស្មើភាពគ្នា ដែលជានិមិត្តរូបនៃកំពូលទាំង៥ នៃភ្នំព្រះសុមេរុ ដែលជាមណ្ឌលនៃចក្រវាឡក្នុងប្រព័ន្ធលោកធាតុវិទ្យា។

មានអាថ៌កំបាំងខ្លះ ទាក់ទងនឹងប្រាសាទដែលកសាងមិនទាន់រួច។ សំណួរដែលមនុស្សជាច្រើនតែងងឿងឆ្ងល់គឺ៖ ហេតុអ្វីបានជាប្រាសាទតាកែវគ្មានក្បូរក្បាច់ចម្លាក់លម្អពេញលេញ? ផ្អែកលើការសិក្សាស្រាវជ្រាវ គេបានលើកឡើងនូវទ្រឹស្ដី និងមូលហេតុចម្បងៗចំនួន ៣៖

– ប្រផ្នូលអាក្រក់ (រន្ទះបាញ់)៖ យោងតាមភស្តុតាងនៅក្នុងសិលាចារឹកបានបញ្ជាក់ថា នៅពេលដែលកំពុងដំណើរការសាងសង់ មានហេតុការណ៍រន្ទះបាញ់ចំប្រាសាទ។ នៅក្នុងផ្នត់គំនិតបុរាណ ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ ឬជាការខឹងសម្បារពីទេវតា ទើបការកសាងត្រូវបានផ្អាក ឬកាត់បន្ថយសកម្មភាព។

– ភាពរឹងខ្លាំងនៃលក្ខណៈថ្ម៖ ប្រាសាទនេះសាងសង់ឡើងដោយប្រើប្រាស់ថ្មភក់ពណ៌បៃតងក្រម៉ៅ (Greyish-green Sandstone) ដែលមានសាច់រឹងខ្លាំងខុសពីថ្មភក់នៅប្រាសាទដទៃ។ ភាពរឹងនៃលក្ខណៈរូបវន្តរបស់ថ្មនេះ បានបង្កជាឧបសគ្គយ៉ាងខ្លាំងដល់ជាងចម្លាក់ក្នុងការដាប់ឆ្លាក់ក្បូរក្បាច់ឱ្យបានល្អិតល្អន់។

– វិបត្តិ និងការផ្លាស់ប្តូររជ្ជកាល៖ សង្គ្រាមដណ្តើមរាជ្យ និងអស្ថិរភាពនយោបាយនៅចុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ រហូតដល់ការឡើងគ្រងរាជ្យរបស់ព្រះបាទសូរ្យវម៌្មទី១ អាចជាកត្តាខ្វះខាតកម្លាំងពលកម្មនិងធនធាន ដែលធ្វើឱ្យគម្រោងស្ថាបត្យកម្មដ៏មហិមានេះត្រូវកាត់ផ្ដាច់ (ដើម្បីស្វែងយល់បន្ថែមចំណុចនេះ សូមមើល៖ Coedès, George (1968): The Indianized States of Southeast Asia និងលោក Dupont, Pierre (1946) “La dislocation du Sud-Est asiatique au XIe siècle”, publ. EFEO ព្រមទាំង Jacques, Claude & Freeman, Michael (1997): Ancient Angkor។

ចំពោះតម្លៃបេតិកភណ្ឌ និងការអភិរក្សវិញ ទោះបីជាខកខានក្នុងការដាប់ឆ្លាក់ចម្លាក់ឱ្យបានរួចរាល់ក៏ដោយ ប៉ុន្តែប្រាសាទតាកែវគឺជាសក្ខីភាពដ៏វិសេសវិសាល នៃបច្ចេកវិទ្យាវិស្វកម្ម ភាពអត់ធ្មត់ និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ ក្នុងការរៀបចំលំដាប់លំដោយដុំថ្មធំៗរាប់ម៉ឺនដុំឱ្យមានលំនឹង និងភាពរឹងមាំបំផុត។ ជាងនេះទៅទៀត វាប្រៀបជា «ឯកសារណែនាំ» ដ៏សំខាន់សម្រាប់អ្នកបុរាណវិទ្យា ស្ថាបត្យករ និងវិស្វករ ក្នុងការសិក្សាអំពីរចនាសម្ព័ន្ធសំណង់ និងដំណាក់កាលនៃការសាងសង់ប្រាសាទបុរាណ ចាប់តាំងពីការរៀបដុំថ្មទទេ រហូតដល់ការរៀបចំផ្ទៃសម្រាប់ឆ្លាក់។

អាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលចិន (CSA) បានសហការជួសជុល និងអភិរក្សយ៉ាងយកចិត្តទុកដាក់ប្រាសាទតាកែវ ដើម្បីធានានិរន្តរភាពសំណង់ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការឡើងទៅទស្សនា និងផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលពីលើកំពូលប្រាសាទភ្នំដ៏ពិសិដ្ឋមួយនេះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម