Connect with us

សេដ្ឋកិច្ច

ចង្កឹះឫស្សីខ្មែរកាន់តែទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុក

បានផុស

នៅ

ស្របពេលដែលសិប្បកម្មក្នុងស្រុកកំពុងតែមានការរីកចម្រើនជាមួយនឹងសន្ទុះនៃការពហិការផលិតផលថៃ ចង្កឹះឫស្សីខ្មែរដែលផលិតបានក្នុងស្រុកនាពេលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ។

ចង្កឹះឫស្សីខ្មែរ គឺជាផលិតផលមួយដែលមានទីតាំងស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ​ត្រូវបានផលិតឡើងពីដើមឫស្សីធម្មជាតិសុទ្ធ ខណៈការផលិតមិនប្រើប្រាស់សារធាតុគីមីនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ័រ ដាណា ជាម្ចាស់សិប្បម្មផលិតចង្កឹះឫស្សី វីខេ (VK) ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នទាក់ទងនឹងការផលិតចង្កឹះឫស្សីនៅសិប្បកម្មរបស់លោកឃើញថាកាន់តែទទួលបានការគាំទ្រច្រើនជាងមុន ដ្បិតប្រជាជនខ្មែរបានស្វែងយល់ច្បាស់អំពីផលិតផលមុនសម្រេចចិត្តទិញ។ ក្រៅពីនេះ សព្វថ្ងៃប្រជាជនខ្មែរភាគច្រើនក៏បានជួយគាំទ្រផលិតផលក្នុងស្រុក ជាជាងការគាំទ្រផលិតរបស់ប្រទេសថៃ និងផលិតផលរបស់ប្រទេសជិតខាងផងដែរ។

ស្របពេលជាមួយការគាំទ្ររបស់ប្រជាជនខ្មែរ សិប្បកម្មរបស់លោក ដាណា ក៏មានឧបសគ្គមួយចំនួនដែលទាក់ទងនឹងការផលិតផលត្រូវទិញថង់វេចខ្ជាប់ពីប្រទេសជិតខាងក្នុងតម្លៃខ្ពស់។ មួយវិញទៀត ពេលផលិតហើយត្រូវប្រកួតប្រជែងជាមួយចង្កឹះឫស្សីមានតម្លៃទាប ដែលភាគច្រើនចង្កឹះទាំងនោះមានប្រភពមកពីប្រទេសជិតខាងតែម្ដង។

ម្ចាស់សិប្បកម្មរូបនេះ បានឱ្យដឹងទៀតថា ដ្បិតការប្រកួតប្រជែងនៅលើទីផ្សារមិនអាចប្រៀបស្មើនឹងរបស់នាំចូលក៏ពិតមែន ប៉ុន្តែចង្កឹះឫស្សីដែលផលិតបានរបស់សិប្បកម្ម វីខេ គឺមានលក្ខណៈពិសេសខុសពីរបស់នាំចូលត្រង់ថាមិនមានផ្ទុកសារធាតុគីមីដែលប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាព។

សិប្បកម្មផលិតចង្កឹះឫស្សី វីខេ ​ជាសិប្បកម្មក្នុងស្រុកមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២២។ បច្ចុប្បន្ន សិប្បកម្មលក្ខណៈគ្រួសារមួយនេះ អាចមានសមត្ថភាពផលិតចង្កឹះឫស្សីដែលគ្មានសារធាតុគីមី និងមានសុវត្ថិភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារបានជាង ១ពាន់បេ ក្នុងមួយខែ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម