Connect with us

ព័ត៌មានអន្ដរជាតិ

ឥទ្ធិពលព្យុះកំណាច Bavi ឆក់យកជីវិតមនុស្សច្រើននាក់ និងបង្កការបំផ្លាញធំធេង នៅអាស៊ី

បានផុស

នៅ

Bavi គឺជាព្យុះទីហ្វុងដ៏សាហាវ ដែលវាយប្រហារទ្វីបអាស៊ី ដោយបោកបក់ពេញទំហឹង ចំប្រទេសចិន ហ្វីលីពីន និងកោះតៃវ៉ាន់ ចាប់តាំងពីដើមខែកក្កដាមក។

(រូប៖ Reuters)

យោងតាមគេហទំព័រ Zoom Earth, វាជាព្យុះកំណាចមួយក្នុងឆ្នាំ២០២៦ ដែលបានវិវត្តខ្លួន ទៅជាព្យុះលំដាប់កំពូលទី៥ ជាមួយល្បឿនខ្យល់បោកបក់អតិបរមារហូតដល់ ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ហ្វីលីពីន ជាប្រទេសមានមនុស្សស្លាប់ ច្រើនជាងគេបំផុត ដោយសារព្យុះនេះ ពោលគឺមានមនុស្សបាត់បង់ជីវិតចំនួន ១៨នាក់ និងបាត់ខ្លួន ១៤ នាក់។ គ្រោះថ្នាក់នេះ គឺបណ្តាលមកពីបំណាក់ដី និងទឹកជំនន់រហ័ស ដែលបង្កឡើងដោយ ភ្លៀងធ្លាក់ខ្លាំង។

(រូប៖ Reuters)

ទន្ទឹមនោះ មនុស្សជាង ១១ ០០០នាក់ ក៏ត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែងផងដែរ ខណៈរាប់ម៉ឺនគ្រួសារ គ្មានអគ្គិសនីប្រើប្រាស់។

ចំណែកនៅចិន, អាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ២.៨លាននាក់ នៅតាមបណ្តាខេត្តឆ្នេរសមុទ្រភាគខាងកើត ដូចជា Zhejiang និង Fujian ព្រមទាំងទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង ផងដែរ។ យ៉ាងណា មិនមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ ដោយផ្ទាល់ពីព្យុះ នេះទេ។

(រូប៖ Reuters)

ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន នៅភាគអាគ្នេយ៍ប្រទេសចិន ក៏ត្រូវផ្អាកដំណើរការទាំងស្រុង ផងដែរ ឯនៅទីក្រុង Yueqing បាក់ដើមឈើជាង ១ ៣០០ ដើម ហើយទឹកបានជន់លិចផ្លូវថ្នល់ ជម្រៅជាង ២ ម៉ែត្រនៅក្នុងខេត្ត Hebei ព្រមទាំងបណ្តាលឲ្យលិចលង់ដីកសិកម្ម រាប់ម៉ឺនហិកតា។

រីឯនៅកោះតៃវ៉ាន់វិញ មនុស្សជាង២០០ នាក់បានរងរបួស ប៉ុន្តែមិនមាន អ្នកបាត់បង់ជីវិតឡើយ ខណៈ ជាង ១៤ ០០០នាក់ទៀត ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់។

(រូប៖ Reuters)

លើសពីនេះ ផ្ទះប្រជាជនជាង ១៧០ ០០០ ខ្នងបានដាច់ចរន្តអគ្គិសនី រួមទាំងខ្សែទូរស័ព្ទជាង ១ ០០០ ខ្សែ និងបង្គោលសេវាទូរស័ព្ទ ៥៩ កន្លែងរងការខូចខាត។

ងាកទៅជប៉ុន ព្យុះ Bavi បានបោកបក់ កាត់កោះ Sakishima និងតំបន់ Okinawa បណ្តាលឲ្យមានអ្នករបួសមួយចំនួន ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ។ យ៉ាងណា ផ្ទះរាប់ម៉ឺនខ្នង ក៏ដាច់ចរន្តអគ្គិសនីដែរ៕ 

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម