ព័ត៌មានជាតិ
សក្តានុពលខេត្តកំពតមានដំណាំកសិកម្ម រួមទាំងឈើហូបផ្លែពេញនិយមជាច្រើនមុខ ដាំដុះលើផ្ទៃដីរាប់ពាន់ហិកតា
ខេត្តកំពតមានសក្តានុពលលើវិស័យកសិកម្ម រួមទាំងសំបូរដំណាំឈើហូបផ្លែជាច្រើនប្រភេទ ត្រូវបានដាំដុះនៅលើផ្ទៃដីរាប់ពាន់ហិកតា ហើយមានដំណាំខ្លះមានសក្តានុពលខ្ពស់ អាចនាំចេញទៅលក់ដល់ទីផ្សារបរទេសរហូតដល់ប្រទេសនៅអឺរ៉ុប។
លោក មឿង គង្គា អភិបាលរងខេត្តកំពតបានលើកឡើងពីសក្តានុពលនៃវិស័យកសិកម្ម និងដំណាំយុទ្ធសាស្ត្រនៅក្នុងខេត្តកំពត។

លោក មឿង គង្គា អភិបាលរងខេត្តកំពត
លោកថា ខេត្តកំពតមានផ្ទៃដីដាំដុះដំណាំស្រូវប្រមាណជា ១៤ ម៉ឺនហិកតា ជាមួយបរិមាណផលផលិតបានមានចំនួន ៤៨ ម៉ឺនតោន ជាមួយតុល្យភាពស្បៀងគិតជាស្រូវនៅសល់ប្រមាណ ២៥ ម៉ឺនតោន។
លោកថា ខេត្តកំពតក៏មានទិសដៅពង្រីក និងបង្កើនការងារដាំដុះដំណាំស្រូវបន្ថែមទៀតទៅថ្ងៃអនាគត។

ក្រៅពីដំណាំស្រូវ ដំណាំសក្តានុពលផ្សេងទៀតក្នុងនោះ មានម្រេចកំពតដែលត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។
លោកថា ម្រេចកំពតត្រូវបានដាំនៅស្រុកទឹកឈូ ស្រុកដងទង់ ស្រុកឈូក និងស្រុកកំពង់ត្រាចដែលផ្ទៃដីដាំដុះមានប្រមាណ ២៨៦ ហិកតា និងទទួលបានបរិមាណផលប្រហែល ៤៤១ តោន។
ម្រេចកំពតភាគច្រើននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដែលជាចំណែកទីផ្សារលក់ចេញធំជាងគេ។
ប្រភេទម្រេចកំពតមាន ៣ ប្រភេទ គឺ ម្រេចខ្មៅ ម្រេចក្រហម និងម្រេចស ដែលមានតម្លៃខុសៗគ្នា។ ក្នុងនោះម្រេចសមានតម្លៃថ្លៃជាងគេបំផុតប្រមាណ ៣០ ដុល្លារក្នុងមួយគីឡូក្រាម។

ដំណាំទុរេន ក៏ជាដំណាំដ៏មានប្រជាប្រិយ ដែលក្នុងខេត្តមានផ្ទៃដីដាំដុះប្រមាណ ២,៥០០ ហិកតា និងទទួលបានបរិមាណផលប្រហែល ២ ម៉ឺនតោន សម្រាប់លក់នៅក្នុងស្រុក។
តំបន់ដែលមានការដាំដុះទុរេនច្រើនមាននៅស្រុកទឹកឈូ ស្រុកឈូក ផ្នែកខ្លះនៃស្រុកដងទង់ និងស្រុកកំពង់ត្រាច។
យ៉ាងណាមិញ ទុរេនដែលឆ្ងាញ់ប្រចាំតំបន់និងល្បីល្បាញជាងគេ គឺដាំនៅជើងភ្នំបូកគោ (ជើងភ្នំកំចាយ) ដោយមានពូជល្បីគឺប្រភេទឪខាក់។
លោក មឿង គង្គា អះអាងថា ទុរេនដែលដាំនៅកំពតមានទីផ្សារធំទូលាយ ហើយក៏មានការពេញនិយមដាំដុះច្រើន។
ដើម្បីការពារអត្តសញ្ញាណទុរេនកំពត អភិបាលខេត្តបានបញ្ជាឲ្យសមត្ថកិច្ចនិងកម្លាំងជំនាញ ចូលរួមដើម្បីទប់ស្កាត់ការនាំចូលទុរេនពីប្រទេសជិតខាង និងត្រួតពិនិត្យគោលដៅលក់ដូរដើម្បីរក្សាកេរ្តិ៍ឈ្មោះទុរេនកំពតកុំឲ្យប៉ះពាល់។
ដោយឡែក ដំណាំដូងក៏ជាដំណាំដ៏មានសក្តានុពលរបស់ខេត្តតំបន់ឆ្នេរនេះ។ ខេត្តកំពតមានផ្ទៃដីដាំដុះប្រមាណ ៥ ០០០ ហិកតា និងផ្ទៃដីប្រមូលផលមាន ៤ ០០០ ហិកតា។
កាលពីមុន ខេត្តកំពតធ្លាប់ខ្វះខាតដូងសម្រាប់ផ្គត់ផ្គង់ទេសចរ ប៉ុន្តែបច្ចុប្បន្នមានការផ្គត់ផ្គង់គ្រប់គ្រាន់ ដោយសារការជំរុញការដាំដុះពីមន្ទីរកសិកម្ម រួមផ្សំនឹងការដាំដុះលក្ខណៈគ្រួសារ សហគមន៍ និងក្រុមហ៊ុន។

ដូងខេត្តកំពតមានរសជាតិផ្អែមឆ្ងាញ់ ដោយក្រៅពីផ្គត់ផ្គង់ទេសចរណ៍ក្នុងខេត្ត ក៏មានការដឹកជញ្ជូនយកទៅលក់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ ស្វាយកែវរមៀត និងចេកអំបូងលឿងក៏មានការដាំដុះបានច្រើននៅក្នុងខេត្តកំពត និងមានការនាំចេញទៅកាន់បណ្តាប្រទេសនានា ដូចជាប្រទេសចិនជាដើម។
ចេកអំបូងលឿងមានក្រុមហ៊ុនចំនួនពីរកំពុងវិនិយោគសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោក មឿង គង្គា បានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅខេត្តកំពត៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


