Connect with us

នយោបាយ

សម្តេចធិបតីបញ្ជាក់ជាថ្មីទៅចិនថា កម្ពុជាប្រកាន់ខ្ជាប់ដំណោះស្រាយសន្តិវិធី និងច្បាប់អន្តរជាតិលើបញ្ហាព្រំដែនជាមួយថៃ

បានផុស

នៅ

នៅចំពោះមុខនាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់គោលជំហរជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់លើបញ្ហាជម្លោះព្រំដែនជាមួយថៃ។ ការគូសបញ្ជាក់ពីជំហររបស់កម្ពុជាជាថ្មីម្តងទៀតនេះ គឺធ្វើឡើងនៅមុនដំណើរទៅដល់ប្រទេសចិនរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយក៏គ្រោងនឹងលើកយកបញ្ហាកម្ពុជា-ថៃនេះ ទៅជជែកជាមួយថ្នាក់ដឹកនាំកំពូលចិនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហរច្បាស់លាស់ និងឥតប្រួលប្រែរបស់កម្ពុជាលើបញ្ហាដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងប្រាប់ទៅនាយករដ្ឋមន្រ្តីចិននៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចធិបតីបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសចិន។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជម្រាបជូននាយករដ្ឋមន្ត្រីចិន លោក លី ឈាង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ។​

នេះ មិនមែនជាលើកទីមួយនោះទេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនថ្នាក់ដឹកនាំកំពូលចិនអំពីជំហររបស់កម្ពុជាចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ នេះ។ កន្លងមក សម្តេចធិបតីបានលើកឡើងជាបន្តបន្ទាប់បញ្ជាក់ប្រាប់ទៅថ្នាក់ដឹកនាំចិន ក៏ដូចជា​ ថ្នាក់ដឹកនាំបរទេសដទៃទៀតថា កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏តែងតែទាមទារ និងចង់ឱ្យភាគីថៃប្រកាន់ជំហរនេះដូចកម្ពុជាដែរ ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី ចៀសវាងការប្រយុទ្ធបង្ហូរឈាមគ្នាដោយមិនចាំបាច់។

ការអះអាងពីជំហរកម្ពុជាជាថ្មីនេះ គឺធ្វើឡើងនៅមុនដំណើរទៅដល់ប្រទេសចិនរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ តាមព័ត៌មាន លោក អនុទីន ក៏មានគម្រោងជួបជជែកពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិនពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ ប៉ុន្តែ មុនចេញទៅចិន គឺកាលពីថ្ងៃទី១៦ ខែកក្កដា លោក អនុទីន បានជួបពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំយោធាថៃ។ លោក អនុទីន បានសួរទៅកាន់មេដឹកនាំយោធាថៃតើមានបញ្ហាអ្វីដែលចង់ឱ្យលោកលើកឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង  និងនាយករដ្ឋមន្ត្រី លោក លី ឈាំង ដែរ ឬទេ។ លោកនាយករដ្ឋមន្រ្តីថៃក៏អះអាងពីការមិនទាត់ចោលលទ្ធភាពដែលប្រទេសចិនអាចដើរតួជាអ្នកសម្របសម្រួលជួយសម្រាលភាពតានតឹងព្រំដែនរវាងថៃ និងកម្ពុជានោះដែរ ដោយលោកបានសង្កត់ធ្ងន់ថា ថៃ«មិនបិទទ្វារឡើយ»ក្នុងការទទួលយកជំនួយសម្របសម្រួលនេះ។

សូមបញ្ជាក់ជូនថា ការអះអាងពីលទ្ធភាពដែលចិនអាចដើរតួជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនេះ គឺមានការលើកឡើងតែពីសំណាក់ភាគីថៃប៉ុណ្ណោះ ខណៈភាគីកម្ពុជា មិនបានលើកឡើងនោះទេ។ ចំណែក ភាគីចិនឯណោះវិញ ក៏បន្តនៅស្ងៀមដែរចំពោះបញ្ហានេះ ដោយគ្រាន់តែទទួលជួបជជែកពិភាក្សាតាមពិធីការការទូតទាំងជាមួយភាគីកម្ពុជា និងទាំងជាមួយភាគីថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម