Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ​នឹងក្លាយជាទីតាំង​រៀបចំមហាសន្និបាត​សមុទ្រអាស៊ីបូព៌ា​ឆ្នាំ២០២១

បានផុស

នៅ

កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុ ជាទីកន្លែងប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានឱ្យដឹងថា មហាសន្និបាតសមុទ្រ​ឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “Charting a New Decade of HOPE -Healthy Oceans, People and Economies”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១នេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖

១-ដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

២-បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទានដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។

៣-កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្ត​មហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានណែនាំឱ្យក្រុមការងារនីមួយៗ ត្រូវពង្រឹងការត្រួតពិនិត្យផែនការសកម្មភាពរបស់ខ្លួន ដោយសហការរៀបចំជាមួយអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា (PEMSEA) ប្រទេសជាសមាជិក និងដៃគូរអភិវឌ្ឍន៍ ដើម្បីឱ្យមហាសន្និបាតសមុទ្រឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងបង្កើនមោទនភាពជាតិកម្ពុជា។

លោករដ្ឋមន្ត្រីថ្លែងថា ការងារផ្សព្វផ្សាយនៃជំហានឆ្ពោះទៅកិច្ចប្រជុំ ពិតជាមានសារៈសំខាន់ទាក់ទងនឹងវិស័យ​បរិស្ថានសមុទ្រ ដែលពិភពលោកកំពុងយកចិត្តទុកដាក់និងជាឱកាសដែលកម្ពុជាបង្ហាញការចូលរួមចំណែកដោះស្រាយក្នុងបញ្ហាប្រឈមតំបន់និងអន្តរជាតិ រួមជាមួយការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាននិងការអភិវឌ្ឍដោយចីរភាព។

រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រ​អាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ារយៈពេល០២ថ្ងៃ (ថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១) នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធអនឡាញ និងអនុវត្តតាមវិធានសុខាភិបាល៕អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម