Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ៣ ហើយមានអ្នកឆ្លង Omicron ក្នុងសហគមន៍

បានផុស

នៅ

រហូតមកដល់ពេលនេះប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៣ ហើយដែលរកឃើញករណីវីរុសកូវីដបំប្លែងខ្លួន Omicron ឆ្លងក្នុងសហគមន៍ ក្នុងនោះមានសិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី ។

ក្រសួង​សុខាភិបាល​សិង្ហបុរី​ប្រកាស​ថា ខ្លួន​បាន​ធ្វើ​តេស្ដ​វិជ្ជមានវីរុសបំប្លែងខ្លួន Omicron ជាករណីឆ្លងក្នុងសហគមន៍លើកដំបូងកាលពីថ្ងៃទី ១១ ខែធ្នូ ។

អ្នកជំងឺគឺជាស្ត្រីសិង្ហបុរីអាយុ ២៤ ឆ្នាំដែលធ្វើការជាអ្នកបម្រើសេវានៅអាកាសយានដ្ឋាន និងមិនបានធ្វើដំណើរទៅក្រៅប្រទេសនោះទេ ។ ប៉ុន្តែនាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​មានហានិភ័យ ​ព្រោះ​ពួក​គេ​ត្រូវ​ធ្វើ​ការ​និងមាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ បើទោះជានាងបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ ហើយនាងមិនចេញរោគសញ្ញាអ្វីឡើយ ។

ចំណែកប្រទេសថៃបានរាយការណ៍ពីករណីឆ្លង Omicron ក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ។ ការឆ្លងក្នុងសហគមន៍លើកដំបូងគឺជាស្ត្រីម្នាក់ បានឆ្លងមេរោគពីប្តីរបស់គាត់ ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ។

ចុងក្រោយគឺឥណ្ឌូណេស៊ី ។ អាជ្ញាធរប្រទេសនេះបានប្រកាសតាមដានទំនាក់ទំនងអ្នកប៉ះពាល់ជាមួយអ្នកឆ្លង Omicron បន្ទាប់ពីបានរកឃើញករណីវីរុសកូវីដបំប្លែងខ្លួនឆ្លងក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូ ។

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានឲ្យដឹងថា ករណីដែលបានបញ្ជាក់ជាលើកដំបូងនេះ គឺជាបុរសអាយុ ៣៧ ឆ្នាំមកពីទីក្រុង Medan ហើយបានចូលភោជនីយដ្ឋានមួយនៅក្នុងសង្កាត់ពាណិជ្ជកម្មទីក្រុងហ្សាការតាកាលពីដើមខែនេះ ។

បុរសរូបនោះមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬទាក់ទងជាមួយនឹងអ្នកដំណើរអន្តរជាតិណាមួយនោះទេនាពេលថ្មីៗនេះ ។ គាត់មានរោគសញ្ញា ហើយកំពុងធ្វើចត្តាឡីស័កក្នុងមន្ទីរពេទ្យក្រុងហ្សាការតា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសសិង្ហបុរីបានកត់ត្រាករណីឆ្លង Omicron ជាង ៦០០ ករណី ថៃមាន ៥១៤ ករណី ខណៈឥណ្ឌូណេស៊ីមាន ៤៧ ករណី ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ កូវីដ អុកឡុកពិភពលោក ៣ ឆ្នាំហើយ តែប្រទេស ៤ នេះនៅតែគ្មាន ករណីឆ្លងសូម្បីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម