Connect with us

ព័ត៌មានជាតិ

នាយក​វិទ្យាល័យ​ តាស្ដា ដកហូត​ទូរសព្ទសិស្ស​រាប់សិបគ្រឿងរក្សាទុកច្រើនខែ​ ព្រមាន​សិស្សលេងទូរសព្ទ​ក្នុង​ម៉ោងរៀន

បានផុស

នៅ

អាណាព្យាបាលសិស្សជាច្រើននាក់បានសម្តែងនូវការមិនពេញចិត្តទៅលើលោកនាយកវិទ្យាល័យ ហ៊ុន សែន តាស្តា ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានដកហូតទូរស័ព្ទពីសិស្សយកទៅទុករាប់ខែ មិនប្រគល់ឱ្យ​វិញបើទោះបីជាពួកគាត់ចូល​ខ្លួនទៅ​ធ្វើកិច្ចសន្យាជំនួសកូនៗរបស់គាត់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុកម្ដាយរបស់សិស្សជាច្រើននាក់ ដែលមានកូនរៀននៅវិទ្យាល័យ ហ៊ុន សែន តាស្តា ប្រតិកម្មទៅ​លើលោកនាយកសាលាឈ្មោះ សុខា ប៊ុណ្ណា ដែលបានចាប់ដកហូតទូរសព្ទ័ពីសិស្ស​ជាច្រើនគ្រឿង ដើម្បីជាការព្រមានទៅលើសិស្សណាដែលលែងទូរស័ព្ទក្នុងម៉ោងសិក្សា ហើយការដកហូតនេះ​ធ្វើឡើង​តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។

ឆ្លើយតបអ្នកសារព័ត៌មាន លោកនាយក សុខា ប៊ុនណា បានឲ្យដឹងថា ការធ្វើបែបនេះគឺក្នុង​គោលបំណងពង្រឹងសិស្សានុសិស្ស មិនឱ្យមានការលែងទូរស័ព្ទនៅក្នុងម៉ោងសិក្សា។ លោកបន្ថែមទៀតថា មកទល់ថ្ងៃនេះលោកចាប់ដកហូតទូរស័ព្ទជាច្រើនគ្រឿងហើយ ដោយក្នុងទូរស័ព្ទដែលចាប់គឺលោករក្សាទុកមានកំណត់រយ:ពេលមួយឆ្នាំ ចំពោះរឿងចូលខាតលោកមិនបានឆ្លើយថាទទួលខុសត្រូវឡើយ។

លោកថា បើទោះបីជាអាណាព្យាបាលសិស្ស ចូលខ្លួនមកធ្វើកិច្ចសន្យាក៏ដោយ​ក៏លោកមិនប្រគល់​ឱ្យ​វិញជាដាច់ខាត តែបើចង់បានទូរស័ព្ទវិញ គឺលោកប្រគល់អោយវិញបាន លុះត្រាតែសិស្សនោះ​ចាកចេញ​ពីសាលានេះ ហើយទៅរៀននៅកន្លែងផ្សេង ដោយមិនអនុញ្ញាតឱ្យ​រៀននៅក្នុងវិទ្យាល័យ​នេះតទៅទៀតបានឡើយ។

មួយរយៈនេះក៏មានសិស្សខ្លះទទួលបានមកវិញនៅក្នុងរយៈពេលនៃការដកហូត ៦ ខែ ប៉ុន្តែទូរសព្ទតម្លៃរាប់រយដុល្លារ ពេលយកមកវិញត្រូវគាំងគ្រឿងអស់ ប្រើលែងកើតទៅហើយ ដូច្នេះតើអ្នកណាទទួលខុសត្រូវលើបញ្ហានេះ?

ចំពោះលោក សំអាត ប្រធានការិយាល័យអប់រំស្រុកសំពៅលូនលោកបានឲ្យដឹងថា រាល់ការរឹតបន្តឹង និងការចាប់ដកហូតទូរសព្ទសិស្សដោយមានកំណត់ពេលមួយឆ្នាំបែបនេះ លោកមិនបានដឹងនោះទេលោកបានឲ្យអាណាព្យាបាលទៅទំនាក់ទំនងជាមួយលោកនាយកផ្ទាល់ហើយលោក នឹងឱ្យក្រុមការងារចុះសិក្សាក្នុងរឿងនេះ៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម