Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ៖ ជំងឺគ្រុនឈាម​នឹងអាចកើនឡើងខ្ពស់​ដោយសារស្ថិតក្នុងឆ្នាំវ័ន្តនៃការផ្ទុះទ្រង់ទ្រាយធំឆ្នាំនេះ

បានផុស

នៅ

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលបានអះអាងថា នៅឆ្នាំ២០២២នេះ ករណីជំងឺគ្រុនឈាមអាចនឹងមានការកើនឡើងខ្ពស់ដោយសារវាជាឆ្នាំស្ថិតក្នុងវ័ន្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩ មីនាថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅឆ្នាំនេះដោយសារកក្តាបំរែបំរួលអាកាសធាតុពិសេសអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន ខណៈមានការសាងសង់សំណង់អគារធំៗ ដែលមានមនុស្សរស់នៅកកកុញ និងមានបរិស្ថានមិនល្អដែលងាយកកើតមូសច្រើនពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំមានការផ្ទុះជំងឺគ្រុនឈាមដែលមានរយៈពេល៥ឆ្នាំម្តង។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានបន្តថា ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនៅឆ្នាំនេះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមថ្នាំអាបេតប្រមាណ១០០តោន សេរ៉ូម៦ ទៅ ៧ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំស្តីពីជំងឺគ្រុនឈាមដើម្បីបង្ការនិងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានបន្តទៀតថា កម្មវិធីជាតិក៏បានបណ្តុះបណ្តាលដល់គ្រូបង្គោលផ្នែកជំងឺគ្រុនឈាមនៅទូទាំងប្រទេសដើម្បីបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យរដ្ឋនិងឯកជនឲ្យចេះពីវិធីព្យាបាលជំងឺ និងចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមនៅតាមសហគមន៍នានាពិសេសនៅតាមបណ្តារាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេ។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់សាធារណជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចូលរួមសំអាតអនាម័យនៅជុំវិញលំ នៅដ្ឋាននិងទីសាធារណៈឲ្យបានស្អាតដូចជាលប់បំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗនិងរាល់វត្ថុដែលអាចដក់ទឹកបានព្រោះវាជាជំរកនៃការកកើតដង្កូវទឹកដែលវវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាមដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារនិងមនុស្សគ្រប់វ័យ។

លោកប្រធានកម្មវិធីជាតិបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបបើសង្ស័យថាមានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ទៅដល់៤០ អង្សារ នឹងមានរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមចិញ្ចាញធ្មេញជាដើមត្រូវរួសរាន់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម