វប្បធម៌ ជំនឿ
ទេវតាឆ្នាំថ្មីនេះយាងចុះពេលព្រឹក តើទ្រង់មានលក្ខណៈសម្គាល់សំខាន់អ្វីខ្លះ?
ថ្ងៃចូលឆ្នាំថ្មី ប្រារព្ធឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនឹងត្រូវបានឈប់សម្រាកពីការងារដើម្បីទទួលទេវតាឆ្នាំថ្មី និងចូលរួមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក។

លោក អ៊ឹម បុរិន្ទ បានឱ្យដឹងបន្តទៀតថា តាមក្បួនហោរាសាស្ត្រ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិត នៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ រូបនេះបានឱ្យដឹងបន្ថែមថា ព្រះនាងកិរិណីទេវី នឹងនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំង មួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង ៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យហើយ នាំគា្នចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
គួរបញ្ជាក់ថា ចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាមប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ “បុណ្យរដូវក្ដៅ” ដោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅតែអាចរីករាយ ដោយការបានឈប់សម្រាកពីការងារ និងចូលរួមអបអរ កម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីទាំងបែបសាសនា និងការជួបជុំញាតិមិត្ត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»


