ព័ត៌មានជាតិ
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូនៅភ្នំពេញជំហានទី ៤
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤។
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី ៤នេះ ចំណាយថវិកាសរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹក នៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១, ព្រះគន្លង់ ២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។
គម្រោងសាងសង់សំណង់ ដូចរៀបរាប់ខាងលើ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៩។គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១។
តាមរយៈកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះបានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន ៤ លើកហើយ។ តាមរយៈគម្រោងទាំង ៤ លើកនេះ បានជួយឲ្យរាជធានីភ្នំពេញគេចផុត ពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរ សម្រាប់រំដោះជំនន់ទឹកភ្លៀង។
គម្រោងទី១៖ គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី ១ ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុនពីខែធ្នូឆ្នាំ ២០០២ ដល់ខែកញ្ញាឆ្នាំ ២០០៤។ ជាលទ្ធផលគម្រោងនេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀង ដែលធ្លាប់តែជន់លិចត្រាំត្រែងនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅ ផ្នែកខ្លះនៃខណ្ឌទួល គោក ខណ្ឌចំការ និងខណ្ឌមានជ័យ ជាពិសេសបានការពារផ្នែកខាងត្បូងរាជធានីភ្នំពេញ ពីការគម្រាមកំហែងដោយទឹកជំនន់ ពីប្រព័ន្ធទន្លេមេគង្គ ដោយទំនប់បឹងទំពុនត្រូវបានជួសជុល និងពង្រឹង និងជាបន្ទាប់មកទៀត ក៏បានក្លាយជាផ្លូវវាងមួយដ៏សំខាន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។
គម្រោងទី២៖ ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី ២ ដែលបានអនុវត្តពីខែតុលា ឆ្នាំ ២០០៧ ដល់ខែកុម្ភៈឆ្នាំ ២០១០ ហើយដែលគម្រោងជំហានទី ២នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់កណ្តាល និងខាងកើតរាជធានីភ្នំពេញ ដូចជានៅជុំវិញតំបន់វត្តភ្នំ ជុំវិញផ្សារថ្មី ផ្សារកណ្តាល ជុំវិញព្រះបរមរាជវាំង និងសារមន្ទីរជាតិ ជាពិសេសមុខអតីតរដ្ឋសភាជាតិ ដែលឧស្សាហ៍ជន់លិចដោយទឹកភ្លៀងជារឿយៗ ក្នុងរដូវវស្សាកន្លងមក ដោយបានសាងសង់ស្ថានីយបូមទឹក និងអាងស្តុកទឹកក្រោមដីចំនួន ៤ កន្លែងក្រោមសួនច្បារតាមដងទន្លេ សាបនិងជីកដាក់បណ្តាញលូមេសំខាន់ៗតាមដងផ្លូវមួយចំនួន ដើម្បីប្រមូលទឹកភ្លៀងឲ្យហូរបានលឿន មកអាងស្តុកទឹកក្រោមដីទាំងនោះ ដើម្បីបូមបញ្ចេញទៅទន្លេ បានទាន់ពេលវេលា។
គម្រោងទី៣៖ ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី ៣ ដែលបានអនុវត្តពីខែមករា ឆ្នាំ ២០១២ ដល់ខែតុលា ឆ្នាំ ២០១៥។ គម្រោងជំហានទី ៣នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងតំបន់បឹងត្របែក ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដោយបានជីកដាក់បណ្តាញលូមេ និងលូប្រអប់ធំៗប្រវែងប្រមាណ ២០,៦៥៤ម៉ែត្រ ក្នុងខណ្ឌចំការមន ខណ្ឌ ៧មករានិងផ្នែកខ្លះនៃខណ្ឌ ដូនពេញសាងសង់ឡើងវិញ នូវអាងត្រងសម្រាមក្រោមដី នៅសួនច្បារក្បែរផ្លូវលេខ ២៤០ ខាងត្បូងព្រះបរមរាជវាំងដើម្បីបង្ហូរទឹកភ្លៀងឲ្យបានលឿនឆ្ពោះទៅអាងស្តុក ទឹកបឹងត្របែក។ ជាមួយគ្នានេះដែរ ក៏មានការផ្គត់ផ្គង់រថយន្ត បាញ់ទឹកលាងសម្អាតបណ្តាញលូចំនួន ២គ្រឿង និងរថយន្តបូមសម្អាតបណ្តាញលូចំនួន ២គ្រឿងផងដែរ៕
ដោយ៖ណារី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


