ព័ត៌មានអន្ដរជាតិ
ចំនួនសព្វាវុធដែលអាមេរិកផ្តល់ទៅអ៊ុយក្រែនត្រូវបានលាតត្រដាង
ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ប្រហែលជា៨០%នៃរថក្រោះ និងគ្រាប់រំសេវ 155mm ពាក់កណ្តាលដែលលោកប្រធានាធិបតី ចូ បៃដិន សន្យាកាលពីខែមុនត្រូវបានបញ្ជូនទៅប្រទេសអ៊ុយក្រែនរួចរាល់ហើយ។
យោធាក៏បាននិយាយថា ខ្លួនបានផ្គត់ផ្គង់ស្ទើរទាំងអស់ហើយនូវអាវុធប្រឆាំងយន្តហោះ រ៉ាដាប្រឆាំងយន្តហោះ ព្រមទាំងមីស៊ីល Javelin ប្រឆាំងរថក្រោះ៥០០០គ្រឿងតាមការសន្យា ប៉ុន្តែមិនទាន់បញ្ជូនឧទ្ធម្ភាគចក្រទេ។

ទិន្នន័យនេះត្រូវបានដឹងនៅពេលធ្វើបទបង្ហាញនៅមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទ ដែលមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់បានប្រាប់ទៅអ្នកសារព័ត៌មានពីចំនួនផ្លូវការនៃជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនទៅទីក្រុងកៀវ។
លោកប្រធានាធិបតី ចូ បៃដិន កាលពីដំបូងបានសន្យាបញ្ជូនកាំភ្លើងធំ១៨គ្រឿង ប៉ុន្តែក្រោយមកបានបន្ថែម៧២គ្រឿងទៀត រួមជាមួយនឹងគ្រាប់រំសេវ 155mm ចំនួន ១៤០ ០០០គ្រាប់ រ៉ាដាប្រឆាំងនឹងកាំភ្លើងធំ១០គ្រឿង រ៉ាដាស៊ើបការណ៍ពីលើអាកាស២គ្រឿង រថក្រោះ M113 ២០០គ្រឿង រថពាសដែក១០០គ្រឿង និងឧទ្ធម្ភាគចក្រ Mi-17 ១១គ្រឿង។
យោងតាមមន្ទីរបញ្ចកោណឲ្យដឹងថា ពាក់កណ្តាលនៃគ្រាប់រំសេវ 155mm ត្រូវបានបញ្ជូនទៅដល់ដៃអ៊ុយក្រែនរួចហើយ ហើយនៅសល់ទៀតកំពុងបញ្ជូនទៅជារៀងរាល់ថ្ងៃ។ សរុបកាំភ្លើងធំ៧២គ្រឿងត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនរួមជាមួយនឹងរ៉ាដាស្ទើរទាំងអស់។ សរុបការដឹកជញ្ជូន១៤ដងបានចាកចេញពីទឹកដីអាមេរិកក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និងរំពឹងដឹកជញ្ជូន១១លើកទៀតនៅថ្ងៃបន្ទាប់ ហើយនឹងមានការហោះហើរ២៣លើកទៅប្រទេសផ្សេង។
ការហោះហើរដឹកគ្រឿងសព្វាវុធត្រូវបានរាយការណ៍ថា បានទៅដល់ប្រទេសប៉ូឡូញដែលអាវុធត្រូវបានបញ្ជូនឆ្លងព្រំដែនទៅប្រទេសអ៊ុយក្រែន។
មន្ទីរបញ្ចកោណក៏បានបង្ហាញថា ការបង្វឹកបង្ហាត់កម្លាំងទ័ពអ៊ុយក្រែនអំពីការប្រើប្រាស់កាំភ្លើងធំថ្មីនឹងធ្វើនៅប្រទេសអាល្លឺម៉ង់។ កងទ័ពឆ្មាំជាតិរដ្ឋហ្លរីដាបានដាក់មូលដ្ឋានទ័ពនៅទីនោះដែលធ្លាប់បានផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន។

ព័ត៌មានលំអិតផ្សេងទៀតត្រូវបានបញ្ចេញដោយមន្ទីរបញ្ចកោណគឺថា អ៊ុយក្រែនបានទទួលមីស៊ីលប្រឆាំងរថក្រោះ Javelin ចំនួន៥០០០គ្រឿងហើយ។
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក អាមេរិកបានសន្យាផ្តល់ជំនួយយោធាគិតជាប្រាក់ជិត១៥ប៊ីលានដុល្លារហើយដល់ទីក្រុងកៀវ។ កាលពីសប្តាហ៍មុន សភាក៏បានអនុម័តច្បាប់មួយដែលអាចផ្តល់ឲ្យសេតវិមានបញ្ជូនគ្រឿងសព្វាវុធដូចការប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន