នយោបាយ
បក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវសមាជិកខ្លួនកុំឲ្យចេះជេរ ចេះលាបពណ៌គ្នា
គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញមកអំពាវនាវដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនទាំងអស់ បន្តរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ដោយចៀសវាងនូវការប្រើភាសាអសុរោះ ជេរប្រមាថ ឬលាបពណ៌ណាមួយដែលមិនសមរម្យ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន បានចេញមកប្រើសម្តីអសុរោះ និងលាបពណ៌ចំពោះការចង់មានសម្ព័ន្ធភាពរបស់គណបក្សមួយចំនួនមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ចូលមកដល់។

តាមរយៈទំព័រហ្វេសប៊ុក គណបក្សនេះ បានសរសេរដោយប្រើសុភាសិតថា៖«នៅពេលនរណាម្នាក់ជេរប្រមាថ មើលងាយ លាបពណ៌ ឬវាយតម្លៃលើយើងបែបណា វាមិនឆ្លុះបញ្ចាំងអត្តចរិតរបស់យើងទេ វាគ្រាន់តែឆ្លុះបញ្ចាំងអត្តចរិតអ្នកប្រមាថយើងប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលយើងប្រតិកម្មជាមួយកំហឹង ការជេរប្រមាថ ឬលាបពណ៌ តបទៅវិញ នោះយើងនឹងបង្ហាញថា អត្តចរិតរបស់យើងមិនខុសពីគេទេ»។ ទោះជាបែបនេះក្តី គណបក្សប្រជាធិបតេយ្យ ក៏បានអះអាងថា មនុស្សម្នាក់ៗសុទ្ធតែមានសិទ្ធិបញ្ចេញមតិដែលធ្វើឡើងក្នុងភាសាថ្លៃថ្នូរ។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាអ្នកផ្តើមគំនិតចង់ឲ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាលរួបរួមគ្នាចងសម្ព័ន្ធភាពសម្រាប់ត្រៀមការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។ គណបក្សដែលមានបំណងចង់ចងសម្ព័ន្ធភាពជាមួយគ្នានេះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្ពុជានិយម។ ប៉ុន្តែ មិនទាន់ទាំងបានព្រមព្រៀងគ្នាបង្កើតចេញជារូបរាងផង ស្រាប់តែសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀនមួយចំនួនចេញមកបរិហារទៅហើយ។

អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សិត ដែលជាសមាជិកលេចធ្លោរមួយរូបរបស់គណបក្សភ្លើងទៀន បានបរិហារតាមហ្វេសប៊ុកថា កាលៈទេសៈបែបនេះ គ្មានភាពចាំបាច់ណាមួយដែលគណបក្សភ្លើងទៀនត្រូវទៅចូលរួមជាមួយគណបក្សណាឡើយ។ អ្នកនាង បានសរសេរថា៖«យើងមិនទៅចងសម្ព័ន្ធភាពជាមួយអ្នកគ្មានភាពស្មោះត្រង់។ យើងមិនល្ងង់ទៅបូកជាមួយអ្នកដែលវាយប្រហារមេយើង។ សំណើគ្មានយុទ្ធសាស្រ្ត គ្មានយុទ្ធសាស្រ្ត រូបមន្តសេះហោះគ្មានយុទ្ធសាស្រ្ត យើងមិនល្ងង់ទៅចងសម្ព័ន្ធភាពឡើយ»។
ក្រៅពីអ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សិត នេះ ក៏នៅមានសកម្មជន និងអ្នកគាំទ្រមួយចំនួនទៀត បានប្រើហ្វេសប៊ុករិះគន់ មិនពេញចិត្តនឹងបំណងចងសម្ព័ន្ធភាពនឹងគ្នានេះដែរ។ ខ្លះថា គណបក្សដែលរត់ចោលគ្នាទៅហើយ ដល់ឃើញគណបក្សភ្លើងទៀន មានផ្លែផ្កា ក៏ចាប់តាំងចង់មកចងសម្ព័ន្ធភាពទៅវិញ។ ពួកគេអះអាងថា ពេលឃើញមានប្រយោជន៍ ក៏ចង់មកផ្ញើខ្លួននឹងគណបក្សភ្លើងទៀន។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា នឹងបន្តបេសកកម្មសម្របសម្រួល និងទំនាក់ទំនងជាមួយអ្នកស្រឡាញ់សេរីភាព និងប្រជាធិបតេយ្យផ្សេងៗ ក្នុងគោលដៅចងសម្ព័ន្ធភាពនយោបាយឆ្នាំ២០២៣។ ពួកគេគូសបញ្ជាក់ថា ពួកគេអាចធ្វើបាន និងវាយតម្លៃស្ថានការណ៍វិវត្តជាមួយសេចក្តីអត់ធ្មត់ដែលមានព្រំដែន៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


