ព័ត៌មានជាតិ
គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្តសម្រេចបាន ៤០ភាគរយ
គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ដំណាក់កាលទី៧ ប្រវែងចំនួន២០ម៉ែត្រ លើការងារជួសជុលពង្រឹងគ្រឹះ និងរៀបកាំជណ្តើរពីថ្មបាយក្រៀម ព្រមទាំងត្រៀមរៀបកាំជណ្តើរធ្វើពីថ្មភក់បុរាណតាមលំដើមឡើងវិញផងនោះ សម្រេចបានប្រមាណ៤០ភាគរយហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។

អ្នកស្រី នង បូរ៉ាវី បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើង បានឱ្យដឹងថា មកដល់ពេលនេះ ដំណើរការជួសជុល សម្រេចបានប្រមាណ៤០ភាគរយហើយ លើការងារជួសជុលពង្រឹងគ្រឹះនៃបាតច្រាំងកសិន្ធុ រៀបកាំជណ្តើរពីថ្មបាយក្រៀមថ្មីជំនួសថ្មបាយក្រៀមចាស់ពុកផុយខូចខាតទាំងអស់ឡើងវិញ បាន៧កាំ ព្រមទាំងបានរក្សាទម្រង់ដើមរបស់លូបុរាណ ដោយប្រើថ្មបាយក្រៀមថ្មី ជំនួសថ្មបាយក្រៀមចាស់ដែលពុកផុយនៅផ្នែកខាងមុខជាប់នឹងមាត់ច្រាំងកសិន្ធុ ហើយត្រៀមនឹងរៀបកាំជណ្តើរធ្វើពីថ្មភក់ចំនួន៤កាំជាបន្តទៀត។

អ្នកស្រី នង បូរ៉ាវី បញ្ជាក់ទៀតថា ជំហានដំបូង ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ ប្រទះឃើញលូបង្ហូរទឹកបុរាណដែលមានទំនាក់ទំនងពីកសិន្ធុទឹកប្រាសាទអង្គរវត្តទៅនឹងត្រពាំងសេសនៅមានស្ថានភាពល្អ។ ជាមួយគ្នានោះ ក្រុមការងារក៏បានបិទទំនប់ទឹកដើម្បីសម្រួលដល់ការងារជួសជុលគ្រឹះច្រាំងកសិន្ធុ ធ្វើសម្រង់ប្លង់ថ្ម ដែលជ្រុះធ្លាក់ចូលទៅក្នុងច្រាំង ព្រមទាំងរុះរើថ្មដោយប្រើកៅឡាក់អូសចេញពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ លាងសម្អាត ចុះបញ្ជើថ្ម និងជួសជុល មុននឹងយកមករៀបនៅទីតាំងដើមវិញផង។
បុរាណវិទូរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ការងារជួសជុលកសិន្ធុនេះថា ដោយសារការដ្ឋានជួសជុលនៅជាប់នឹងមាត់ទឹក គឺត្រូវចំណាយពេលវេលាមួយចំនួនដើម្បីបិទទំនប់ទឹក ធ្វើយ៉ាងណាឱ្យជាប់ល្អ ព្រោះត្រូវការជួសជុលពង្រឹងគ្រឹះជាចាំបាច់។ បញ្ហាប្រឈមមួយទៀតគឺនៅអំឡុងពេលធ្វើការងារ ក៏មានជ្រាបទឹក ហើយត្រូវបូមទឹកចេញជាប្រចាំ។
ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ក៏ជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមមកផ្តិតយករូបភាព ប្រាសាទអង្គរកំពូលប្រាំដ៏ស្រស់ស្អាត។ នៅពេលការជួសជុលរួចរាល់ជាស្ថាពរ នឹងលើកសោភ័ណច្រាំងកសិន្ធុ ស្រស់ស្អាតទ្វេឡើង ហើយរក្សាបាននូវស្នាដៃដូនតាបានអង្វែងជាច្រើនជំនាន់ទៅមុខទៀតផង។
គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងនៃមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងសរុបបានប្រវែង១៤៣ម៉ែត្រ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


