Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន មិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដូចពេលនេះឡើយ

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានលើកឡើងថា ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានប្រចាំឆ្នាំ តែងតែប្រឈមបញ្ហាមួយចំនួន ទាមទារឲ្យការដោះស្រាយ។ ប៉ុន្តែកន្លងមកអាស៊ាន មិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ក្នុងពេលតែមួយ ដូចពេលនេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ​៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះថា កន្លងទៅ អាស៊ានធ្លាប់ជាតំបន់មួយ ដែលត្រូវប្រឈ​មនឹងបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។ ប៉ុន្តែបច្ចុប្បន្ន អាស៊ានបានក្លាយជាតំបន់មួយ ដែលរីកចម្រើន ដែលយើងបានរួមគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឲ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្ដូរអរិយភាព ក៏ដូចជាការបញ្ហាប្រឈមមុខដាក់គ្នា ឲ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជាមួយនឹងសន្តិភាព និងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ អាស៊ានសម្រេចបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើន និងការអភិវឌ្ឍដ៏ខ្ពស់ និងការកែលម្អជាលំដាប់នៃសុខុមាភាព របស់ប្រជាជន។ នៅក្នុងដំណើរការ នៃការរីកចម្រើន និងការអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដែលរាប់ចាប់ពីភូមិសាស្រ្ដនយោបាយ រហូតដល់បញ្ហាសង្គមសេដ្ឋកិច្ច។

សម្ដេចតេជោ ហ៊ុន​ សែន បានបន្ថែមថា ជាក់ស្ដែងក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេនប្រចាំឆ្នាំ យើងតែប្រឈមបញ្ហាមួយចំនួន ទាមទារឲ្យការដោះស្រាយ។ ប៉ុន្តែយើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូល ដូចពេលនេះឡើយ។

ប្រធានអាស៊ានឆ្នាំ ២០២២នេះ បានបញ្ជាក់ថា «ត្រង់ចំណុចនេះ ខ្ញុំកំពុងតែនិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងធំសម្បើម ដើម្បីស្ដារនិងងើបចេញពីវិបត្តិ ដែលមានលក្ខណៈបែបពហុទិដ្ឋភាព ស្របដែលការប្រកួតប្រជែងដែលកាន់តែគ្រោះថ្នាក់រវាងមហាអំណាច ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើប្រទេសរបស់យើង តាមរយៈឥទ្ធិពលនៃការកាត់ផ្ដាច់ចេញពីគ្នា រវាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ការកើនឡើងនៃចំនួនសម្ព័ន្ធភាពតូចៗ ការរត់ប្រណាំងប្រជែងផ្នែកសព្វាវុធ និងការទណ្ឌកម្មសេដ្ឋកិច្ច»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម