Connect with us

ព័ត៌មានជាតិ

ឧត្ដមមន្ត្រី ៣ រូប ទទួលបាន មេដាយ មាស និងប្រាក់ ថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមសន្និសីទលើកទី១ របស់វេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Lianyungang) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានវត្តមានស្វាគមន៍ពីសំណាក់ ឯកឧត្តម WANG XIAOHONG រដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវ “មេដាយមាសអនុស្សាវរីយ៍មហាកំពែង” (The Great Wall Commemorative Medal) ពីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងថ្នាក់ដឹកនាំ ២រូបទៀត គឺ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ទទួលមេដាយមាស និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលបានមេដាយប្រាក់។ មេដាយអនុស្សាវរីយ៍មហាកំពែង គឺជាមេដាយកិត្តិយសថ្នាក់ខ្ពស់បំផុត ដែលសម្រាប់ផ្ដល់ជូនថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។

សន្និសីទនេះ មានអ្នកចូលរួមពីបណ្ដាប្រទេសប្រមាណ ៤០ប្រទេស ដោយក្នុងនោះមានថ្នាក់ដឹកនាំជា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេស ឡាវ, ហុងគ្រី, អេហ្ស៊ីប, វៀតណាម ព្រមទាំង ប្រធាននគរបាលអន្តរជាតិ INTERPOL និងអគ្គលេខាធិការ នៃវេទិកាសម្រាប់អាស៊ី BOAO ជាដើម។

ការទទួលបានមេដាយកិត្តិយសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងបានវាយតម្លៃខ្ពស់ចំពោះគ្រឿងឥស្សរិយយសប្រកបដោយគុណតម្លៃនេះ ដែលជាមោទកភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលជាស្ថាប័នទទួលខុសត្រូវថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា មេដាយមាស និងមេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង” ដែលថ្នាក់ដឹកនាំកម្ពុជាទទួលបាននៅពេលនេះ គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចខិតខំអនុវត្តការងាររបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។

សម្ដេចបន្តថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។

សម្ដេចក៏បានចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែង នាឱកាសនេះ ហើយការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិ និងប្រជាជន។

នាឱកាសថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនោះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខ ក្នុងរយៈពេលប្រមាណ ២ឆ្នាំ ចុងក្រោយនេះ ដោយយើងឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទី ត្រូវបានអនុវត្តជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើសឆ្លងដែន មិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការ កើនឡើងគួរឱ្យព្រួយបារម្ភ។

សម្ដេចបន្តថា ទន្ទឹមនេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន បានផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជនក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន ជាពិសេសអំពើជួញដូរ និងរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (ឬហៅថា Scam) និងបទល្មើសមិនប្រពៃណីមួយចំនួនទៀត។

ពាក់ព័ន្ធនឹងនិន្នាការនៃបទល្មើសទាំងនេះ សម្ដេចបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាក៏ទទួលរងគ្រោះ ដោយសារក្រុមជនល្មើសជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស តាមរយៈការទាក់ទងជាមួយមេក្លោងជាជនជាតិបរទេសដូចគ្នា នៅក្នុង និងក្រៅប្រទេសរបស់ខ្លួន ធ្វើការឆបោក និងអូសទាញជនរងគ្រោះឱ្យចូលមកប្រទេសកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្រោមការសន្យាក្លែងក្លាយនូវការងារដែលទទួលបានប្រាក់កម្រៃខ្ពស់។

សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំងគ្រប់ប្រភេទ រាប់ទាំងអំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្តតែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ។

គួរបញ្ជាក់ថា វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម” ជាតម្លៃស្នូល។ វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម