សន្តិសុខសង្គម
ក្រុមហ៊ុនកាស៊ីណូ បន្តយកទូដែកជាច្រើនគ្រឿង ចេញពីអគារកាស៊ីណូដែលត្រូវភ្លើងឆេះ
ប៉ោយប៉ែត ៖ ទូដែកចំនួន ៧ ធំៗ សង្ស័យផ្ទុកទៅដោយរបស់របរមានតម្លៃ អាចជាលុយ និងឯកសារផ្សេងៗរបស់កាស៊ីណូទាំងពីរ ដែលត្រូវភ្លើងឆេះកាលពីចុងឆ្នាំ ២០២២ នាមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានស្ទូចយកចេញពីក្នុងអគារកាស៊ីណូកំពុងរុះរើឲ្យស្អាតដល់ដី ក្រោយបិទបញ្ចប់ នៃការរុករកជនរងគ្រោះ កាលពីរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលទទួលការងារជាអនុប្រធានសម្របសម្រួលក្រុមការងាររុះរើអគារកាស៊ីណូត្រូវភ្លើងឆេះបណ្ដាលឲ្យស្លាប់ ២៦ នាក់ និងរបួស ៥៧ នាក់ បានឲ្យដឹងកាលពីរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ថា នៅថ្ងៃទី ២ មករា ក្រុមការងារបច្ចេកទេសមានថៃ-កម្ពុជា បាននិងកំពុងរុះរើសំណង់អគារកាស៊ីណូដែលឆេះខូចខាតទាំងស្រុង ស្ទូចយកបានជាបន្តបន្ទាប់ក្នុងពេលមួយព្រឹក យកទូដែកដែលត្រូវឆេះកប់ក្នុងអគារបានចំនួន ៧ ទូដែកធំៗ។



ចំពោះទូដែកដែលក្រុមហ៊ុនស្ទូចយកចេញ មិនត្រូវបានគេឲ្យដឹងថាមានរបស់អ្វីខ្លះនោះឡើយ តែមានបុគ្គលិកកាស៊ីណូខ្លះនិយាយថា ជាឯកសារសំខាន់ៗ និងទ្រព្យសម្បត្តិមានតម្លៃដូចជា លុយជាដើម។

លោក លី សារី បានឲ្យដឹងទៀតថា តាមក្រុមកាស៊ីណូ នៅមានទូដែកមួយចំនួនទៀតដែលត្រូវស្ទូចយកចេញបន្តទៀត។

សម្រាប់រយៈពេល នៃការរុះរើ លោកមិនអាចកំណត់ជាក់លាក់បានទេ តែតាមការវាយតម្លៃរបស់ក្រុមម៉ៅការរុះរើ អាចប្រើពេលមួយខែ។

មុនការរុះរើសំណង់អគារខាងលើ ផ្លូវចូលតំបន់ដែលត្រូវរុះរើ ត្រូវបានហ៊ុមព័ទ្ធដោយស័ង្កសីបិទ ក្នុងនោះផ្លូវចូលច្រកអន្តរជាតិប៉ោយប៉ែតពីខាងកើត នៃរង្វង់មូល ក៏ត្រូវបានបិទដោយស័ង្កសី មិនឲ្យមានការចេញចូល ឬចរាចរ ក្រៅពីក្រុមការងាររុះរើឡើយ។ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

សូមរំលឹកថា អគ្គិភ័យបានឆាបឆេះអគារកាស៊ីណូដាយមេនរីសត Royal G Club ឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នាក្រុងប៉ោយប៉ែត កាលពីយប់ម៉ោង ១១ និង ៣០ នាទី ឈានចូលថ្ងៃទី ២៩ ខែធ្នូ ហើយរលត់ គ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ និងបិទបញ្ចប់ការសង្គ្រោះរុករកជនរងគ្រោះនៅល្ងាចថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងនោះ ខូចខាតសំណង់ ៣ អគារធំៗ ស្ពានថ្មើរជើងឆ្លងផ្លូវ ២ និងទ្រព្យសម្បត្តិ លុយកាក់យ៉ាងច្រើន៕
អត្ថបទ ៖ អ.ពៅ







-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


