វប្បធម៌ ជំនឿ
មកដឹងលម្អិត បូជនីយដ្ឋានលោកតាព្រះចៅ នៅវត្តភ្នំ ដែលខ្មែរកាត់ចិន និយមកាត់ឆុង
បូជនីយដ្ឋានលោកតាព្រះចៅ នៅលើវត្តភ្នំ ជាកន្លែងទីសក្ការៈ ត្រូវបានប្រជាជនខ្មែរគោរពបូជា ជាពិសេសជាកន្លែងដ៏ល្បីដែលពលរដ្ឋខ្មែរសែស្រឡាយកាត់ចិន វៀតណាម និយមទៅកាត់ឆុង រហូតធ្វើឱ្យមហាជនជាច្រើនយល់ថា បូជនីយដ្ឋានលោកតាព្រះចៅ ជាវិហារសាសនាចិន។


បើតាមភស្តុតាងតាមប្រវត្តិសាស្ត្រ និងរូបថតកាលចុងសតវត្សទី១៩ បង្ហាញថា បូជនីយដ្ឋានលោកតាព្រះចៅ ដើមឡើយមានលក្ខណៈជាខ្មែរ និងមានតម្កល់ទេវរូបសាងពីថ្ម ព្រះហស្ដមានកាន់ដំបង និងស័ង្ខ ជាទេវរូប ព្រះវិស្ណុ ទេពរក្សាលោក។ ដោយឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ឆ្នាំ គេពុំដឹង ទេវរូបដើម នៃលោកតាព្រះចៅ បាត់បង់ ឬស្ថិតនៅទីណា ដោយបច្ចុប្បន្នយើងឃើញមាន បដិមាបែបចិនក្នុងរចនាបថមិនប្រាកដតែប៉ុណ្ណោះ។

តាមឯកសារអក្សរសាស្ត្រខ្មែរ បង្ហាញថា ក្នុងគ្រិស្ដសករាជ ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសទ្រព្យបរិបូណ៌ មានទីលំនៅក្បែរមាត់ច្រាំងទន្លេបួនមុខ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ។ ថ្ងៃមួយ មានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញ បានចុះទៅកំពង់ទឹកក៏ឃើញដើមគគីរមួយធំអណ្ដែតវិលវល់នៅក្បែរមាត់ច្រាំង។

ដូនពេញ ក៏ប្រញាប់រត់ទៅហៅអ្នកជិតខាងឱ្យមកជួយទាញយកគគីរ ហើយកោសកៀរសំអាតភក់ចេញ ក៏បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម។ ទេវរូបនោះទ្រង់ឈរ ព្រះហស្ដម្ខាងទ្រង់ដំបង ព្រះហស្ដម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។ ក្រោយមក ដូនពេញ អំពាវនាវឱ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់ ឱ្យទៅជាភ្នំធំមែនទែន ហើយគាត់ឱ្យគេអារឈើគគីរធ្វើជាសសរវិហារ។

ក្នុង គ្រិស្ដសករាជ ១៣៧២ ដូនពេញ និងអ្នកស្រុកបានស្រុះស្រួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ និងមានបែបបទដូចជាលាវ គាត់ក៏បានសន្មតនាមថា “លោកតាព្រះចៅ”។

កាលសាងវិហាររួចហើយ ដូនពេញ បាននិមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា “វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា “វត្តភ្នំ” ហើយទីភូមិនោះ គេហៅថា “ភ្នំពេញ”។ ព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះ បានបញ្ចេញឥទ្ធិឫទ្ធិពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងពិត ហើយប្រជាពលរដ្ឋក៏មានជំនឿ និងគោរពតៗគ្នារៀងមក។

គួរបញ្ជាក់ថា ថ្មីៗនេះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានបញ្ជាក់ថា “លោកតាព្រះចៅ” ឬ “អ្នកតាព្រះចៅ” នៅវត្តភ្នំ មិនមែនជា អ្នកតាចិន ទេ។ លោកបានលើកឡើងថា តាមឯកសារស្រាវជ្រាវ ក្នុងសម័យអាណានិគមបារាំង អាស្រមរបស់ អ្នកតាព្រះចៅ គឺធ្វើពីឥដ្ឋ ហើយក៏មានរចនាបថជាខ្មែរដែរ ដោយមានទ្វារបាលឈរអមសងខាង។

ចំណេរក្រោយមក ដោយសារមានជនជាតិចិន មានជំនឿលើ អ្នកតាព្រះចៅ គេក៏ធ្វើអាស្រមថ្មីស្រោបពីលើ។ ជាបន្តបន្ទាប់ មនុស្សជំនាន់ក្រោយខ្លះ ក៏យល់ច្រឡំថា អ្នកតាព្រះចៅ ជា អ្នកតាចិន។ នៅពេលចូលឆ្នាំចិន ក៏នាំគ្នាទៅសែនព្រេន ឬកាត់ឆុង និងសុំពរជ័យពី អ្នកតាព្រះចៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


