ព័ត៌មានជាតិ
កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នារក្សាចំណងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ
លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឲ្យប្រតិភូថៃ ដែលដឹកនាំដោយលោក មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងជួបប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង ២ (ប៉ៃលិន+ចាន់បុរី)។

ការប្ដេជ្ញារួមគ្នារក្សាចំណងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តចាន់បុរី ដែលកន្លងមក បានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង ២ ដោយរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្ដែងនាពេលកន្លងមក បើទោះបីក្នុងកាលៈទេសៈ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏សកម្មភាពការទំនាក់ទំនង និងកិច្ចសហការនានា រវាងខេត្តទាំងពីរ នៅតែមានដំណើរការធម្មតា។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា «ប្រទេសយើងទាំង ២ មានយន្តការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដូចជា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានរដ្ឋមន្ត្រីការពារជាតិទាំង ២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២» ហើយជាក់ស្ដែងនាពេលកន្លងមក កងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្ដល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្ដៅ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្ដោយព្រំដែន ព្រមទាំងប្រជាពលករខ្មែររស់នៅ និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាត នៃជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីចំណងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង ២។

ជាការឆ្លើយតប លោក មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ ឲ្យកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗ ដែលអាជ្ញាធរខេត្ត (ប៉ៃលិន+ចាន់បុរី) សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អ រវាងបណ្ដាកងឯកភាពជួរមុខ នៅតាមបណ្ដោយព្រំដែន, ការភ្ជាប់ទំនាក់ទំនង រវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនា ស្គាល់គ្នាទៅវិញទៅមកឲ្យបានស្អិតរមួត។

លោក មុនស៊ីត ផៃសានថាណាវ៉ាត់ ក៏បានមានប្រសាសន៍លើកឡើងផងដែរ អំពីការខិតខំចូលរួមចំណែក របស់កងកម្លាំង នៃខេត្តទាំងពីរ ក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្ដោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំងពីរផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ








-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


