ព័ត៌មានជាតិ
កម្ពុជាសម្រេចគោលដៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មុនកាលកំណត់ ៤ឆ្នាំ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺនឹងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់៤ឆ្នាំ។ ការប្រកាសនេះ ធ្វើឡើងក្នុង សារលិខិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរជាមួយប្រជាជាតិទាំងអស់ក្នុងពិភពលោក ក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន” (Yes! We Can Eud TB)។ ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

សម្ដេចតេជោ សូមសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី ២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្រ្តដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។

សម្ដេចតេជោ លើកឡើងបន្ថែមថា យើងក៏បានធ្វើការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា យើងមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្តែង អត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ ៥០% ផងដែរ។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺនឹងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់៤ឆ្នាំ។ ជោគជ័យរបស់ កម្ពុជាក្នុងការកំចាត់ជំងឺរបេងគឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏សម្ដេច យល់ថា ប្រទេសកម្ពុជាយើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។

សម្ដេចតេជោ បញ្ជាក់ថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃ ការរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អនឹងនាំឱ្យមាន ជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាព រីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺអាស្រ័យ លើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស។
ព័ត៌មានពិស្ដារ



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


