ព័ត៌មានជាតិ
មន្ត្រីអន្តោប្រវេសន៍ ៖ កម្ពុជា មានពលករបរទេសមួយចំនួន នៅតែលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗ តាមគោលដៅអាជីវកម្ម
លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា នៅកម្ពុជាមានពលករបរទេសមួយចំនួននៅតែលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗ តាមគោលដៅអាជីវកម្មផ្ទុយនឹងច្បាប់ បង្កការរំខានដល់ការងារវិនិយោគ។

នៅក្នុងឱកាសជួបជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៣ ឧសភា លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា បានបន្តថា តាមទិន្នន័យដែលទទួលបានពីក្រសួងការងារ ឆ្នាំ ២០២២ ក្រសួង បានផ្ដល់ប័ណ្ណការងារចំនួន ៧៦ ៩៣០ នាក់ និងនៅឆ្នាំ ២០២៣ អ្នកដែលទទួលប័ណ្ណការងារមានចំនួន ២២ ៥៤៣ នាក់។ ដោយឡែកនៅខេត្តព្រះសីហនុ ជនបរទេសធ្វើប័ណ្ណការងារមានចំនួន ៦ ៥០១ នាក់, ឆ្នាំ ២០២២ និងនៅឆ្នាំ ២០២៣ មានអ្នកធ្វើប័ណ្ណការងារកើនឡើងដល់ចំនួន ១៥ ៧៩៧ នាក់។

លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា បានបន្តទៀតថា «ទន្ទឹមនឹងមានការគោរពច្បាប់កាន់តែច្រើនឡើង ក៏នៅមានម្ចាស់ និងពលករបរទេសមួយចំនួន នៅតែលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗ តាមគោលដៅអាជីវកម្ម ផ្ទុយនឹងច្បាប់ បង្កការរំខានដល់ការងារវិនិយោគ ដែលតម្រូវឲ្យក្រុមការងារហត្ថពលករបរទេស ត្រូវបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាព និងម៉ឺងម៉ាត់ មិនឲ្យប៉ះពាល់ដល់អ្នកវិនិយោគដែលកំពុងរស់នៅប្រកបរបរនៅព្រះរាជាណាចក្រកម្ពុជា»។

លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា បានបន្ថែមថា ការចុះធ្វើអធិការកិច្ចនៅឆ្នាំ ២០២២ កន្លងមក ទទួលបានលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងការពង្រឹងអនុវត្តច្បាប់ ហើយក្នុងឆ្នាំ ២០២៣ នេះ ក្រុមការងារអធិការកិច្ចអត្តពលកម្មបរទេស នឹងបន្តសកម្មភាពរបស់ខ្លួននៅតាមរាជធានី-ខេត្ត។ ដូច្នេះសុំស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមសហការ ដើម្បីឲ្យក្រុមអធិការកិច្ចហត្ថពលករបរទេសទទួលបានលទ្ធផលល្អបន្ថែមទៀតតាមការគ្រោងទុក។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឯកភាពការលើកឡើងរបស់លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ដោយលោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងរង់ចាំសហការចុះប្រតិបត្តិការ ព្រមទាំងបានណែនាំឲ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមរៀបចំមន្ត្រី ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ត្រៀមចូលរួមសហការក្នុងការចុះប្រតិបត្តិការតាមទីតាំងដែលត្រូវចុះត្រួតពិនិត្យឲ្យមានប្រសិទ្ធភាព ដើម្បីជំរុញឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ ក្នុងការគ្រប់គ្រងឲ្យគ្រប់ជ្រុងជ្រោយ ទោះបីការចុះប្រតិបត្តិការមានការខ្វះខាត ក៏ប៉ុន្តែត្រូវសហការគ្នាចុះធ្វើប្រតិបត្តិការ និងធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានបន្តថា ជនបរទេសនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្នមានប័ណ្ណការងារសឹងតែ ១០០ ភាគរយ ហើយការធ្វើសៀវភៅការងារនេះ គឺដើម្បីប្រមូលថវិកាចូលថវិកាជាតិ និងផ្ដល់កិច្ចសហការពេញទំហឹង ដើម្បីឲ្យដំណើរការប្រព្រឹត្តទៅបានល្អ ទន្ទឹមនោះស្នើសុំឲ្យធ្វើផែនការដោយការទទួលខុសត្រូវ និងមានតម្លាភាពឈានទៅការគ្រប់គ្រងភ្ញៀវបរទេសស្នាក់នៅក្នុងការកាត់បន្ថយបទល្មើស ត្រៀមចុះពិនិត្យក្រុមហ៊ុនដែលបានធ្វើស្វ័យប្រកាសរួចហើយក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវធ្វើស្វ័យប្រកាសឲ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិនបើពេលក្រុមការងារចុះត្រួតពិនិត្យរកឃើញមានជនបរទេសស្នាក់នៅមិនមានប័ណ្ណការងារ នឹងតម្រូវឲ្យមានការផាកពិន័យតាមច្បាប់របស់កម្ពុជា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


