ព័ត៌មានជាតិ
មនុស្ស ៦០ នាក់ ស្លាប់-របួសដោយរន្ទះបាញ់ រយៈពេល ៥ ខែឆ្នាំនេះ
រយៈពេល ៥ ខែ ឆ្នាំ ២០២៣ នេះ បាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៦០ លើក បណ្ដាលឲ្យមនុស្សស្លាប់-រងរបួសប្រមាណ ៦០ នាក់ និងងាប់គោក្របីជិត ៦០ ក្បាល។ ក្នុងនោះ នៅក្នុងខែឧសភា មានអ្នកស្លាប់ និងរងរបួសច្រើនជាងគេរហូតដល់ជិត ៤០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅថ្ងៃទី ០២ មិថុនានេះថា រយៈពេល ៥ ខែឆ្នាំនេះ គ្រោះរន្ទះបាញ់បានបណ្ដាលខូចខាតផ្ទះចំនួន ៣ ខ្នង ,ស្លាប់មនុស្ស ៣១ នាក់ ,រងរបួស ២៩ នាក់ ,និងងាប់គោក្របី ៥៩ ក្បាល។

លោកបានបន្តថា ក្នុងចំណោមករណីបាតុភូតរន្ទះបាញ់ ៦០ លើក ក្នុងនោះកើតឡើងនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ច្រើនជាងគេ រហូតដល់ទៅ ៣៩ លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២១ នាក់ ,រងរបួស ១៨ នាក់ និងងាប់គោក្របី ៤១ ក្បាល។

លោកបានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ ៣១ នាក់ ដោយសាររន្ទះបាញ់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ១ នាក់ ,ខេត្តកណ្ដាល ១ នាក់ ,តាកែវ ២ នាក់ ,ស្វាយរៀង ១ នាក់ ,រតនគីរី ១ នាក់ ,ស្ទឹងត្រែង ៣ នាក់ ,ក្រចេះ ៣ នាក់ ,កំពង់ធំ ៣ នាក់ ,ពោធិ៍សាត់ ៣ នាក់ ,បាត់ដំបង ៣ នាក់ ,កំពង់ឆ្នាំង ៣ នាក់ ,បន្ទាយមានជ័យ ១ នាក់ ,ឧត្តរមានជ័យ ២ នាក់ ,ព្រះសីហនុ ១ នាក់ ,កោះកុង ១ នាក់ ,និងព្រៃវែង ២ នាក់។

លោកបានបន្ថែមថា បច្ចុប្បន្នបាតុភូតរន្ទះបាញ់នេះគឺជាបញ្ហាមួយកំពុងគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងសត្វ គួរឲ្យព្រួយបារម្ភ។ ដូចនេះ សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុត។ ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយពីវិធីការពារខ្លួនពីករណីបាតុភូតរន្ទះបាញ់នេះដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីឲ្យពួកគាត់ចេះការពារខ្លួនចៀសផុតពីគ្រោះថ្នាក់ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយរន្ទះបាញ់នេះកាន់តែប្រសើរ។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា លើសពីនេះទៀត រាជធានី-ខេត្តណាមានករណីគ្រោះរន្ទះបាញ់កើតឡើងញឹកញាប់ អាជ្ញាធរគួរតែកៀរគរ និងស្វែងរកដៃគូ សប្បុរសជននានា ដើម្បីដាក់ឧបករណ៍ការពាររន្ទះ ធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ទាំងនោះ ឲ្យចៀសផុតពីគ្រោះថ្នាក់ដោយសាររន្ទះជាបន្តទៀត៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


