ព័ត៌មានជាតិ
៥ ខែនេះ រន្ទះបាញ់ បង្កឱ្យមនុស្សស្លាប់ និងរបួសជាង ៧០ នាក់ កើនឡើងជាងឆ្នាំមុន
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ គ្រោះរន្ទះបាញ់ បានកើតឡើងជាង ៥០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៧០ នាក់ និងគោក្របីជាង ៥០ ក្បាល។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៦ មិថុនា នេះថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ បាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៥១ លើក បណ្តាលឱ្យខូចខាតផ្ទះ ៦ ខ្នង ស្លាប់មនុស្ស ២៨ នាក់ របួស ៤៦ នាក់ និងងាប់គោក្របី ៥២ ក្បាល។

លោកបានបន្តថា ក្នុងចំណោមគ្រោះរន្ទះបាញ់ ៥១ លើក នៅខែឧសភាកើតឡើងច្រើនជាងគេមានចំនួន ៣១ លើក នៅខេត្តចំនួន ១៧ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២១ នាក់ (ស្រី ៦ ក្មេង ១) និងរងរបួស ៣៨ នាក់ ខូចខាតផ្ទះ ៤ ខ្នង និងងាប់សត្វពាហនៈ ៣១ ក្បាល។

លោកបានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ ២៨ នាក់ ក្នុងនោះ នៅខេត្តតាកែវស្លាប់ ១ នាក់ ព្រៃវែង ២ នាក់ ស្ទឹងត្រែង ១ នាក់ កំពង់ចាម ១ នាក់ កំពង់ធំ ១ នាក់ កំពង់ឆ្នាំង ១ នាក់ បាត់ដំបង ៤ នាក់ សៀមរាប ៥ នាក់ បន្ទាយមានជ័យ ៣ នាក់ ឧត្តរមានជ័យ ១ នាក់ ព្រះវិហារ ១ នាក់ កំពត ១ នាក់ កែប ២ នាក់ ប៉ៃលិន ១ នាក់ និងខេត្តព្រះសីហនុ ៣ នាក់។

លោកបានបន្ថែមថា តួលេខនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៥ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៤ ឃើញថា ករណីគ្រោះរន្ទះបាញ់មានការថយចុះ តែចំនួនអ្នករងគ្រោះកើនឡើងដោយរយៈពេល ៥ ខែ ឆ្នាំ ២០២៤ បាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៥៨ លើក បណ្តាលឱ្យខូចខាតផ្ទះ ១៤ ខ្នង ស្លាប់មនុស្ស ៣៣ នាក់ របួស ២៨ នាក់ និងងាប់គោក្របី ២០ ក្បាល។

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៦ ខែមិថុនា នេះ បានឱ្យដឹងថា ដោយសារឥទ្ធិពលខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ចាប់ពី ២៥ ដល់ ៣៥ ភាគរយ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ ខណៈសីតុណ្ហភាពមានចន្លោះពី ២៤ ទៅ ៣៧ អង្សាសេ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


