Connect with us

កីឡា

អាជ្ញា​កណ្តាល​បទ​ពិសោធប៉ារ៉ាឡាំពិក​៣០​នាក់​មក​ជួយ​អាស៊ានប៉ារ៉ាហ្គេម​នៅ​កម្ពុជា

បានផុស

នៅ

ក្រុម​អាជ្ញា​កណ្តាល​៣០​នាក់​មក​ពី​ប្រទេស​ជប៉ុន​ដែល​សុទ្ធ​តែ​មាន​បទ​ពិសោធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ដែល​ត្រូវបាន​ធ្វើពិធី​ទទួល​ស្វាគមន៍​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ទទួល​ស្វាគមន៍នៅ​និវេសនដ្ឋាន​ឯកគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ក្រោម​វត្តមាន​លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​​ប្រចាំ​នៅ​កម្ពុជា, លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា, លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​កម្ពុជា, លោក Takahiro Waku អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​ផែន​ការ​ទូទៅ​របស់​ក្រុម​ប្រឹក្សា​លើក​កម្ពស់​កីឡា​ជប៉ុន ព្រម​ទាំង​មន្ត្រី​ស្ថានទូត ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​នោះ​ថា អាជ្ញា​កណ្តាល​មាន​ចំនួន​៣០​រូបលើ​​កីឡា​៤​ប្រភេទ​គឺ​អត្តពលកម្ម ហែល​ទឹក បាល់បោះ​រទេះ និង​លើក​ទម្ងន់​​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ជប៉ុន​បញ្ជូន​មក​ចូល​រួម​ធ្វើ​ការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា ៖«នេះ​ជា​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​ជប៉ុន​ដែល​បាន​​​ចូល​រួម​ចំណែក​ក្នុង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ដោយ​ប្រើ​ប្រាស់​​បទ​ពិសោធ​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ម្ចាស់​ផ្ទះ​​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​ទី​ក្រុង​តូក្យូ ឆ្នាំ​២០២១។ ខ្ញុំ​សង្ឃឹម​ថា អាជ្ញា​កណ្តាល​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​ និង​ដើរ​តួ​នាទី​យ៉ាង​សកម្ម​ពេញ​លេញ​ដោយ​ប្រើ​បទ​ពិសោធ​​របស់​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន»។

ការ​បញ្ជូន​ក្រុម​អាជ្ញា​កណ្តាល​មក​ជួយ​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​នេះ​ឡើង បន្ទាប់​ពីកិច្ច​ប្រជុំ​កំពូល​ក្នុង​ដំណើរ​ទស្សកិច្ចផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គិស៊ិដា នៅ​កម្ពុជា​កាល​ពី​ខែមីនា ឆ្នាំ​២០២២។ នេះ​ជា​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ​ទៀត​​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ស្រប​ពេល​ឆ្នាំ​២០២៣​ជា​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​សម្រាប់​ប្រទេស​ទាំង​ពីរ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី​ បាន​សង្កត់​ធ្ងន់​ថា តាម​រយៈ​​​អាជ្ញា​កណ្តាល​មក​ពី​ប្រទេស​ជប៉ុន​ដែល​រួម​ចំណែក​នេះ កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ​សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម ដូច​​កីឡា​ស៊ីហ្គេម​ដែល​ទើប​តែ​បញ្ចប់​ទៅ​កាល​ពីពេល​ថ្មី​ៗ។

ជា​មួយ​គ្នា​នេះ លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀប​រាប់​ពី​សារ​សំខាន់​នៃ​ការចូល​រួម​របស់អាជ្ញា​កណ្តាល​មក​ពី​ប្រទេស​ជប៉ុន​​ក្នុងអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១២ នៅ​កម្ពុជា។

«មិន​ត្រឹម​តែ​​អាជ្ញា​កណ្តាល​នេះ​ប៉ុណ្ណោះ​ទេ ជប៉ុន​បាន​បញ្ជូន​ក្រុម​ការងារ​មក​ជួយ​បង្ហាត់​អប់រំ​កាយ និង​កីឡា​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា តាមសាលារៀន ជួយ​រៀបចំ​ជា​កម្មវិធី​សិក្សាទាំង​បឋម និងមធ្យម​សិក្សា ហើយ​រៀបចំ​ជា​សៀវភៅ​គោល និង​បង្ហាត់​ហ្វឹក​ហ្វឺន​ដើម្បី​អាច​ឲ្យ​ការ​ហាត់​ប្រាណ​នេះ​មាន​ល្អ​ប្រសើរ​ឡើង​វិញ​សម​ស្រប​តាម​ស្តង់ដាវិទ្យាសាស្ត្រ»។ លោក​​រដ្ឋ​មន្ត្រី​បាន​រៀប​រាប់។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«ការ​ប្រកួតអាស៊ាន​ប៉ារ៉ាហ្គេម​គឺ​ជា​ការ​ប្រកួត​អន្តរជាតិ​ ដូច្នេះ​ការ​ចូល​រួម​ពី​ជប៉ុន​មាន​អាជ្ញា​កណ្តាល និង​ចៅ​ក្រម​នេះ​ ជួយ​ឲ្យ​​កាន់​តែ​មាន​ទំនុក​ចិត្ត។ យើង​ដឹង​ហើយ​ថា ​ស៊ីហ្គេម​កន្លង​ទៅ​ ការ​ប្រកួត​បាល់ទាត់រវាង​ឥណ្ឌូណេស៊ី និង​ថៃ តើ​វា​ផុស​ផុល​យ៉ាង​ណា? អីចឹង បើ​​អាជ្ញា​កណ្តាល​មិន​ដល់​កម្រិត​ស្តង់ដា​ទេ គេ​អត់​ជឿ​ទេ ព្រោះ​អ្នក​ខ្លះ​អាច​និយាយ​ថា អាជ្ញា​កណ្តាល​កាន់​ជើង​ខាង​នេះ កាន់​ជើង​ខាង​នោះ។ អីចឹង​ហើយ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​ដូច​គ្នា​ដែរ។ វត្តមាន​របស់​អាជ្ញា​កណ្តាល​ជប៉ុន​សំខាន់ដើម្បី​ឲ្យ​អ្នក​ចូល​រួម​​ជឿ​ជាក់ មិន​ថា​អ្នក​​ឈ្នះ និង​អ្នក​ចាញ់​ទេ​គឺ​សុខ​ចិត្ត ព្រោះ​យើង​មាន​អាជ្ញា​កណ្តាល​កម្រិត​អន្តរជាតិ»។

អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ដែល​មាន​កីឡា​១៤​ប្រភេទ និង​វិញ្ញាសា​ជាង​៤០០​ត្រូវ​បើក​ជាផ្លូវ​ការ​នៅ​ល្ងាចថ្ងៃ​ទី​៣ និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម