ព័ត៌មានជាតិ
បទយកការណ៍៖ កម្ពុជា ធ្លាប់រងគ្រោះ និងសកម្មជាងគេ ដោះស្រាយបញ្ហា គ្រាប់បែកចង្កោម
កម្ពុជា គឺជាប្រទេសមួយធ្លាប់រងគ្រោះដោយសារគ្រាប់បែកចង្កោមតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ហើយរហូតមកដល់ពេលនេះ កម្ពុជាប្រើប្រាស់រយៈពេលជាង ៣០ឆ្នាំ ដើម្បីធ្វើដោះស្រាយ និងកំទេចចោលនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរួមទាំងគ្រាប់បែកចង្កោម។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-10_22-34-13-791x1024.jpg)
របាយការណ៍របស់អាជ្ញាធរមីន បញ្ជាក់ថា ចាប់ពីឆ្នាំ២០០៩ កម្ពុជាបានរំដោះផ្ទៃដីមានគ្រាប់បែកចង្កោម បានប្រមាណជា ៣៤៤ គីឡូម៉ែត្រក្រឡា ស្មើនឹង ២០៣១ ចម្ការគ្រាប់ ដោយរកឃើញ និងកំទេចចោលគ្រាប់បែកចង្កោមចំនួន ៤៥ ១៧៤ គ្រាប់ ក្នុងរាជធានី-ខេត្តចំនួន ១៧ ដោយផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាបានជាង ១ លាននាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/358067903_808901447250983_1979976769372787064_n-1024x576.jpg)
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះថា គ្រាប់បែកចង្កោមត្រូវបានទម្លាក់ និងបាញ់ផ្លោងនៅកម្ពុជាក្នុងសង្គ្រាមឥណ្ឌូចិនដោយកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពសម្ពន្ធ័មិត្តរួមមានវៀតណាមខាងត្បូង ជាដេីម។ គ្រាប់បែកង្កោមមាននៅក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅបណ្តាខេត្តតាមបណ្តោយព្រំដែនជាមួយវៀតណាម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាពបានបោសម្អាត និងកំទេចចោលគ្រាប់បែកចង្កោមនៅតាមតំបន់ជាច្រេីនបានចំនួន ៤៣៧ ០៦០ កូនគ្រាប់បែកចង្កោម។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/338197605_126980713638647_8441945351789561870_n-1024x813.jpg)
លោក ហេង រតនា មានប្រសាសន៍បន្ថែមថា៖ “ការទម្លាក់គ្រាប់បែកនៅកម្ពុជាមានជិត ២០ មុឺនសមរភូមិ ទីតាំងប្រយុទ្ធ ក្នុងនោះមានទីតាំងទម្លាក់ដោយគ្រាប់បែកចង្កោមប្រមាណ ១ មុឺនទីតាំងប្រយុទ្ធ ដែលបរិមាណយន្តហោះចេញប្រយុទ្ធប្រេីគ្រាប់បែកចង្កោមនោះចំនួនប្រមាណជាង ១៩ ០០០ យន្តហោះប្រយុទ្ធ គិតជាចំនួនកូនគ្រាប់បែកចង្កោមដែលបានប្រេីមានចំនួនជិត ៣០ លានកូនគ្រាប់បែកចង្កោម។ តាមការប៉ាន់ស្មានមានប្រមាណ ២៥%-៣០% នៃកូនគ្រាប់បែកចង្កោមទាំងនោះនៅបន្តមានវត្តមានអាចបង្កគ្រោះថ្នាក់នៅឡេីយ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/358046807_808901423917652_3866205453499037246_n-1024x829.jpg)
លោក ហេង រតនា បានឱ្យដឹងថា តំបន់គ្រាប់បែកចង្កោមដែលបានដឹងមានចំនួន ៧០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅរប៉ាយតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តតាមបណ្តោយព្រំដែនជាមួយវៀតណាម និងដងទន្លេមេគង្គ។ កម្ពុជាមិនមែនជាអ្នកផលិត និងប្រេីប្រាស់គ្រាប់បែកចង្កោមដែរ សម្តេចតេជោបានខិតខំជំរុញការបោសសម្អាតគ្រាប់បែកចង្កោមដេីម្បីសេចក្តីសុខសុវត្ថិភាពរបស់ប្រជាជន និងគាំទ្រការអភិវឌ្ឍប្រទេសជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/354027902_795556098585518_6045397199621547550_n-1024x458.jpg)
គ្រាប់បែកចង្កោមអាចបង្កគ្រោះថ្នាក់ស្លាប់ ឬរបួសដល់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងជាបញ្ហាដល់សន្តិសុខសុវត្ថិភាពសង្គម ក៏ដូចជាការអភិវឌ្ឍនានា។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/353817842_795558521918609_115303368874489285_n-1024x768.jpg)
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា ទោះបីកម្ពុជាមិនទាន់បានក្លាយជារដ្ឋសមាជិកនៃអនុសញ្ញាគ្រាប់បែកចង្កោម ប៉ុន្តែកម្ពុជាគឺជារដ្ឋអង្កេតការណ៍ និងសកម្មជាងគេក្នុងចំណោមរដ្ឋសមាជិកទាំងអស់ ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម និងបោសសម្អាតទំហំផ្ទៃដីច្រើនជាងគេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/350508475_836846968156041_76376045883821317_n-1024x682.jpg)
ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍បន្តថា៖ “ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដូចបានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ កម្ពុជានៅសល់ផ្ទៃដីមានគ្រាប់បែកចង្កោមប្រមាណជា ៧៣០ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៥១៤ ចម្ការគ្រាប់ ស្ថិតក្នុងរាជធានីខេត្តចំនួន ១៨ ដែលជាផែនការអាទិភាពទី២ បន្ទាប់ពីដោះស្រាយបញ្ហាមីនឲ្យអស់ឆ្នាំ២០២៥”។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/356860243_748652553724912_8488995020095803511_n-1024x768.jpg)
ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។ ដូច្នេះនៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/358102531_808901227251005_5129694706429928325_n-1024x768.jpg)
ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា៖ “បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះ អាជ្ញាធរមីនមានភាពជឿជាក់ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/349312864_781947103443173_3850602845348117994_n-768x1024.jpg)
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសារតាមបណ្ដាញតេឡេក្រាមផ្លូវការ អំពាវនាវដល់ ប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួល គ្រាប់បែកចង្កោម សូមកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមរវាងរុស្ស៊ី-អ៊ុក្រែន បន្ទាប់ពី សម្ដេចតេជោ បានទទួលព័ត៌មានជាច្រើនបានចុះផ្សាយថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឱ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/180693850_3983383395043461_4388386255522729135_n.jpg)
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនរឿងនេះជាការពិតមែន រឿងនេះនឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ សម្ដេចតេជោ បានរម្លឹកបទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិក នាដើមទស្សវត្តរ៍១៩៧០ ដែលមកដល់ពេលនេះ ជាងកន្លះសតវត្សរ៍ហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/358050365_808901340584327_3315492298092410786_n-768x1024.jpg)
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចដឹងច្បាស់ថា ប្រទេសកម្ពុជាតូច ហើយទន់ខ្សោយ សំឡេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន សម្ដេចសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន ពិសេសគឺអ៊ុយក្រែនតែម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/358044746_808901457250982_7693728376779468677_n-1024x768.jpg)
ក្នុងនាមសហគមន៍សកម្មភាពមីន និងជនរងគ្រោះដោយសារគ្រាប់បែកចង្កោម ទេសរដ្ឋមន្រ្តី លី ធុជ បានប្រកាសគាំទ្រទាំងស្រុងនូវការអំពាវនាវនេះរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបញ្ជាក់ថា ការសម្រេចចិត្តក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម នឹងបង្កការបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលទាំងក្នុងសង្រ្គាម និងក្រោយសង្រ្គាម។ ការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការកំចាត់គ្នាទៅវិញទៅមក គ្រាន់តែរយៈពេលខ្លី ប៉ុន្តែការដោះស្រាយគឺប្រើប្រាស់រយៈពេលវែងណាស់ ចំណាយធនធានច្រើន និងតែងតែបង្កការគ្រោះថ្នាក់ជាប្រចាំ ជាពិសេសកុមារា-កុមារី ក៏ដូចជាបង្កឲ្យមានវិបត្តសង្គមធ្ងន់ធ្ងរផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/341143331_779969729930980_3963874026806385770_n-1024x682.jpg)
លោក ហេង រតនា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើផងដែរ។ លោកលើកឡើងថា គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ក៏គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។ សូមបញ្ឈប់មហិច្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះ ក្នុងសមរភូមិប្រយុទ្ធ ព្រោះថា វិនាសកម្មពិតប្រាកដ គឺប្រជាជនស៉ីវិលស្លូតត្រង់ ដែលត្រូវរងទុក្ខវេទនាយូរអង្វែងក្រោយសង្គ្រាមបានបញ្ចប់។ ទង្វើនេះក៏ពាក់ពន្ធ័ដោយផ្ទាល់ដល់ការគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សផងដែរ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/356415564_802396714568123_2513987867784412775_n-1024x682.jpg)
គួរបញ្ជាក់ថា ក្តីឈឺចាប់ និងផលលំបាក នៃសង្គ្រាម គ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន ក៏ជាចំណែកមួយ នៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូ ស្តីពី “ការហាមប្រាមការប្រើប្រាស់ ការផលិត ការស្តុកទុក និងការដឹកជញ្ជូនគ្រាប់បែកចង្កោម” ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ នៅឆ្នាំ២០០៨ មាន១២៣ ប្រទេស ក្នុងនោះមានរដ្ឋភាគីចំនួន១១១ និងរដ្ឋហត្ថលេខីចំនួន១២។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/358429125_751595146763986_4134544706188616301_n-1024x576.jpg)
គ្រាប់បែកទម្លាក់ពីយន្តហោះខ្លះអាយុជិត ៦០ឆ្នាំហេីយ កប់ក្នុងដី និងទឹកទៀត នៅតែមានប្រសិទ្ធភាពបង្កផ្ទុះគ្រោះថ្នាក់ខ្ពស់នៅឡេីយ។ ជាក់ស្តែងនៅ អង់គ្លេស អាឡឺម៉ង់ ហូឡង់ ជប៉ុន… សង្គ្រាមបានបញ្ចប់ជិត ១០០ឆ្នាំ នៅតែមានបញ្ហាគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមនៅឡេីយ។ ដូចនេះកម្ពុជា ក៏នៅតែប្រឈមមុខជាមួយខ្មាំងសត្រូវទាំងនេះក្នុងរយៈពេលវែងដែរ។ មនុស្សជំនាន់ក្រោយៗទៀតក៏អាចនៅតែប្រឈមមុខការលំបាកនេះ គ្រាន់តែតិចជាងជំនាន់នេះ ព្រោះថា ថ្នាក់ដឹកនាំ និងអ្នកជំនាន់នេះកំពុងខិតខំបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងឡាយ ដេីម្បីប្រយោជន៍ធានាសុវត្ថិភាពមនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://www.kampucheathmey.com/wp-content/uploads/2023/07/១-24-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/២-23-1024x595.jpg)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
កីឡា៣ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត