សន្តិសុខសង្គម
កាត់ទោសអតីតផ្កាយពីរ ម្នាក់ ស៊ីដាច់ប្រាក់វិនិយោគជិត ៧ លានដុល្លារ
សំណុំរឿងអតីតមេទាហានផ្កាយពីរ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ ស៊ីដាច់ប្រាក់ទុនវិនិយោគពីបរទេសជិត ៧ លានដុល្លារ ក្រោមរូបភាពទិញលក់ដីខ្យល់នៅឧទ្យានមុនីវង្សបូកគោ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លើកយកមកកាត់ទោស កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ចំពោះមុខជនជាប់ចោទ។
លោកស្រី ទិត្យ ដាលីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកឡើងថា តុលាការបានចោទប្រកាន់លោក ហៃ ច័ន្ធភារិទ្ធ និងឈ្មោះ គៀត សូនី ពី «បទឆបោក បទរំលោភលើទំនុកចិត្ត បទសម្អាតប្រាក់ និងបទប្រើប្រាស់លិខិតក្លែង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសទាំងនេះ នឹងត្រូវបញ្ចូលក្នុងសំណុំរឿងតែមួយ ដើម្បីជំនុំជម្រះតាមច្បាប់។
ប្រឈមមុខការចោទប្រកាន់នេះ ជនជាប់ចោទ បានសារភាពថា កាលពីអំឡុងឆ្នាំ ២០១៨ ខ្លួនបានស្គាល់ និងរាប់អានជនជាតិម៉ាឡេស៊ីម្នាក់ មានប្រពន្ធខ្មែរ បានពឹងពាក់ឲ្យខ្លួនរកទិញដីនៅខេត្តកំពត។ បន្ទាប់មក ខ្លួនបានជួបឈ្មោះ គៀត សូនី ដែលជាអ្នកប្រមូលទិញដី ដំបូងឡើយ ទិញបាន ១៦២ ហិកតា នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត តាមរយៈកិច្ចសន្យាទិញលក់ជាមួយខ្លួន ហៃ ច័ន្ធភារិទ្ធ និង ឈ្មោះ គៀត សូនី ក្នុងតម្លៃ ១,២៥ លានដុល្លារ។ ក្រោយមក ជនជាតិម៉ាឡេស៊ី នោះ ស្រលាញ់ដីនៅម្ដុំនោះទៀត ខ្លួនក៏បានឲ្យឈ្មោះ គៀត សូនី ប្រមូលទិញបន្ថែមបាន ៤១ ហិកតាទៀត ដោយសរុបទាំងអស់ ខ្លួនបានទទួលប្រាក់ជាបន្តបន្ទាប់ពីក្រុមហ៊ុនចំនួន ៦,៧ លានដុល្លារ រួមទាំងប្រាក់រត់ការធ្វើប្លង់ដីផង ព្រោះដីដែលប្រមូលទិញ គឺមានលិខិតទិញលក់ត្រឹមមេភូមិប៉ុណ្ណោះ ដោយសារដីនោះជាប់ពាក់ព័ន្ធនឹងដីគម្របឧទ្យានមុនីវង្សបូកគោ លុះក្រោយមកក្រុមហ៊ុនវីនហ៊ីលស៊ីធី ក៏បានដាក់ពាក្យប្ដឹងខ្លួនតែម្ដង នៅពេលដែលក្រសួងបរិស្ថានធ្វើលិខិតបញ្ជាក់ថា ជាដីរដ្ឋ។
លោក ហៃ ច័ន្ធភារិទ្ធ បានសារភាពទៀតថា ក្នុងទំហំដី ២០៣ ហិកតា ដែលខ្លួនប្រមូលទិញឲ្យក្រុមហ៊ុននោះ គឺ មានតែ ២ ហិកតាប៉ុណ្ណោះ មិនស្ថិតក្នុងដីរដ្ឋឧទ្យានជាតិមុនីវង្ស។
ជាមួយគ្នានោះ ដោយសារជនជាប់ចោទបានសារភាព តំណាងអយ្យការ លោក ទី មុនិន្ទ បានតម្កល់ទុកបទចោទប្រកាន់ទាំងអស់លើ លោក ហៃ ច័ន្ទភារិទ្ធ និង ឈ្មោះ គៀត សូនី ហើយស្នើឲ្យតុលាការសម្រេចតាមច្បាប់។
ចំណែកមេធាវីតំណាងក្រុមហ៊ុន បានទាមទារសំណងខូចខាតចំនួន ៦,៧ លានដុល្លារ និងប្រាក់ជំងឺចិត្តចំនួន ២ លានដុល្លារ ពីជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និងសុំឲ្យតុលាការផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់។
លោកស្រី ទិត្យ ដាលីន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីប្រកាសសាលក្រម៕
អត្ថបទ ៖ មករា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង