សន្តិសុខសង្គម
តុលាការរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនមុខសញ្ញាមេខ្លោងជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពីបទឆបោក
ផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន៣ បង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្ន លើបុរសជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោស គឺទី១-ឈ្មោះ KRISTOFORUS MUDA SOGE ២-ឈ្មោះ HERLAM និង៣-ឈ្មោះ YOSSA FATHUR RIZIQ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ។

ជនត្រូវចោទទាំង ៣នាក់ នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) បទល្មើសព្រហ្មទណ្ឌ ដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧៧, មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកថា ជនត្រូវចោទទាំង ៣នាក់នេះ ស្ថិតក្នុងចំណោម ជនបរទេសចំនួន១៧នាក់ (ជនជាតិវៀតណាម១៤ នាក់, ស្ត្រី០៣នាក់) ដែលសមត្ថកិច្ចបានឃាត់ខ្លួនពេលចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅទីតាំងសណ្ឋាគារ OCEAN HOTEL ផ្លូវលេខ០៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមានកុំព្យូទ័រ (ALL in One) ចំនួន ១៣១ គ្រឿង, ម៉ូនីទ័រ ចំនួន ០១ គ្រឿង, ទូរស័ព្ទ ចំនួន ២១៥ គ្រឿង, laptop ចំនួន ០១ គ្រឿង។ សូមបញ្ជាក់ជូនថាទីតាំងខាងលើត្រូវបាន ក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជាការវិនិយោគ និងឆបោកស្នេហា មានគោលដៅទៅប្រទេសផ្សេងៗ។
ចំពោះករណីខាងលើនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានសហការ ជាមួយដៃគូ និងភាគីពាក់ព័ន្ធក្នុងការបន្តស្រាវជ្រាវស៊ីឱ្យកាន់តែជម្រៅ ដោយផ្អែកលើវត្ថុតាង ដែលរឹបអូសបានពីទីតាំងប្រព្រឹត្តបទល្មើស ក្នុងគោលបំណងឈានទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញ អង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយក មេខ្លោងពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង ដាច់ខាត។
ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេសរុបចំនួន៨០នាក់ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕



-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


