Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ឲ្យអាជ្ញាធរខណ្ឌ​ធ្វើរបាយការណ៍​ការដាំដើមឈើនៅក្នុងមូលដ្ឋាន

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ ថែរក្សាដើមឈើ​ឲ្យ​បានគង់វង្សនិងធ្វើរបាយការណ៍ ៣ ខែម្តងមករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍នៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយដើមនៅអាចរស់នៅដោយភាពគង់វង្ស និងរក្សាបានជាទីក្រុងមានពណ៌បៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជម្រុញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងពិធីដាំនិងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា នេះធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ ធ្វើអោយភ្នំពេញមានមានពណ៌បៃតងស្រស់ស្អាត។

ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អុកហ្សីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំនិងរក្សាព្រៃឈើអោយបានគង់វង្សទាំងអស់គ្នា។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ពិធីដាំនិងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ១២៩៦ដើម ដោយ ២៣០ ដើមចែកនៅតាមវត្តអារាមនិងសាលារៀន និងចំនួន ២០០០ ដើមផ្សេងទៀតសម្រាប់ចែកនៅទូទាំង១៤ខណ្ឌ ។ ជាមួយនេះក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន ៣៥០០០ ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារណៈ។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានជម្រុញអាជ្ញាធរខណ្ឌទាំងអស់លើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមដាំដើមឈើយ៉ាងហោចណាស់ក្នុង១ខណ្ឌយ៉ាងតិច២០០ដើម។ បន្ថែមពីលើនេះលោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើអោយបានគង់វង្ស ដោយក្រោយការដាំ ត្រូវធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអោយបានដឹងថា ដើមឈើរស់ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញជាទីក្រុងរក្សាមានភាពបៃតង ស្រស់ស្អាត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម