ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាកន្លែងលំហែកាយអានសៀវភៅ របស់យុវវ័យ មកពីគ្រប់មជ្ឈដ្ឋាន
ដោយសារតែមានទីធ្លាធំទូលាយ និងបរិយាកាសល្អ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងមានសិស្សនិស្សិតមកពីគ្រប់ ទិសទី ជួបជុំគ្នា ខ្លះមកធ្វើកិច្ចការសាលាជាក្រុម ខ្លះទៀត ក៏មកអង្គុយលំហែកាយ អានសៀវភៅ លេងកីឡាជាដើម រួមនឹងសកម្មភាពសិក្សាផ្សេងទៀត។

តាមរយៈការផ្តល់សម្ភាសជាមួយក្រុមការងារ កម្ពុជាថ្មី យុវវ័យភាគច្រើន បានបញ្ជាក់ស្រដៀងគ្នា អំពីមូលហេតុដែលខ្លួននិយមមកសម្រាកលំហែកាយ និងអានសៀវភៅ នៅក្នុងបរិវេណសាកលវិទ្យាល័យចំណាស់មួយនេះ ក៏ព្រោះតែមានទីធ្លាធំទូលាយ បរិយាកាសល្អ ស្ងប់ស្ងាត់ ស័ក្តិសមនឹងការអង្គុយអានសៀវភៅ និងជួបជុំធ្វើកិច្ចការជាក្រុមបំផុត។


កញ្ញា ចំរើន សាលីតា អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា កញ្ញាមិនមែនជានិស្សិតសាកលវិទ្យាល័យមួយនេះទេ ប៉ុន្តែនៅរៀងរាល់ចុងសប្តាហ៍ កញ្ញាចូលចិត្តចំណាយពេលវេលាអានសៀវភៅ និងអង្គុយលេងនៅទីនេះ ជាមួយមិត្តភក្តិ ឬម្នាក់ឯង។

អតីតនិស្សិតរូបនេះ បញ្ជាក់ទៀតថា ជាទូទៅកញ្ញាចូលចិត្តចំណាយពេលចុងសប្តាហ៍នៅហាងកាហ្វេ ព្រោះមិនក្តៅ ហើយអាចអង្គុយធ្វើកិច្ចការ ឬពិភាក្សាការងារបានយូរម៉ោង ប៉ុន្តែបរិយាកាសនៅហាងកាហ្វេ ពេលខ្លះមិនជាស្ងប់ស្ងាត់ប៉ុន្មានទេ។ ហេតុនេះ កញ្ញាក៏ងាកមកប្តូរបរិយាកាស នៅទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ ព្រោះមានទីតាំងច្រើន ដែលអាចជ្រើសអង្គុយតាមបែបចំណូលចិត្តបាន និងមានកាហ្វេនិស្សិត សម្រាប់អ្នកដែលនិយមផឹកកាហ្វេអានសៀវភៅ ដូចជាខ្លួនផងដែរ។

ជាមួយគ្នានេះ អ្នកនិពន្ធមួយក្រុម ដែលជាអ្នកចូលចិត្តចំណាយពេលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងដែរថា មកទីនេះ ធ្វើឱ្យខ្លួនមានអារម្មណ៍ថា បានជួបមនុស្សមួយក្រុមធំ ដែលមានចំណូលចិត្តដូចគ្នា ព្រោះយុវវ័យភាគច្រើន ដែលមកទីនេះ គឺអង្គុយអានសៀវភៅ ឬពិភាក្សាកិច្ចការសាលា ហើយក្រៅពីនេះ ក៏នៅធ្វើសកម្មភាពផ្សេងទៀត ដូចជាលេងកីឡា អង្គុយលំហែកាយជាដើម បន្ទាប់ពីហត់នឿយនឹងការសិក្សា។

ក្នុងនោះ កញ្ញា មិត្ត រស្មី យល់ឃើញថា ការបង្កើតទម្លាប់នៃការរៀនសូត្រជាក្រុមធំបែបនេះ ជាគំរូមួយដែលល្អសម្រាប់ យុវវ័យ ពិសេសសិស្សនិស្សិតតែម្តង។ កញ្ញា បន្តថា អ្វីដែលអំណោយផលសម្រាប់ការរៀនសូត្រនៅទីនោះ គឺបរិយាកាស ក៏ព្រោះតែបរិវេណសាកលវិទ្យាល័យហ៊ុំព័ទ្ធដោយធម្មជាតិ មានស្រះទឹក មានដើមឈើជាម្លប់ ផ្តល់ខ្យល់ត្រជាក់ ធ្វើឱ្យអារម្មណ៍កាន់តែធូរស្រាល និងមិនមានអារម្មណ៍ថានឿយហត់។



គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ត្រូវបានគេស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេ នៅកម្ពុជា ដែលកសាងឡើងក្នុងឆ្នាំ១៩៦០ ។ ក្នុងបរិវេណដីដ៏ធំ ដោយមានអាគារសិក្សា សាលកម្មវិធី បណ្ណាល័យ និងសំណង់សំខាន់ៗជាច្រើនទៀត បូករួមទាំងសួនច្បារ ក៏ដូចជា ស្រះទឹកប៉ុន្មានកន្លែងទៀត នៅក្នុងបរិវេណសាកលវិទ្យាល័យផងដែរ។ នៅរៀងរាល់ចុងសប្តាហ៍ តំបន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានភាសាបារាំង បានក្លាយជាកន្លែងជួបជុំដ៏ធំ ពិសេសសម្រាប់សិស្សនិស្សិត និងយុវវ័យ មកពីគ្រប់ទិសទី៕
អត្ថបទ៖ សុធាវី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


