ព័ត៌មានជាតិ
ធុរជនថៃ កំពុងសម្លឹងឃើញសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា
ធុរជនថៃ កំពុងសម្លឹងឃើញពីសក្តានុពលពាណិជ្ជកម្មសំខាន់ៗនៅកម្ពុជា។ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ និងលោក Audsitti Sroithong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មថៃនៃក្រុមប្រឹក្សាវិនិយោគថៃ បានមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១៥ សីហា ឆ្នាំ ២០២៣។

បើតាមលោក Voratat Tantimongkolsuk គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ ។ ដោយឡែកកាលពីដើមឆ្នាំ២០២៣ កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ផងដែរ។
ទស្សនកិច្ចលើកនេះ គណៈប្រតិភូថៃ នឹងទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម, លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ថ្លែងទៅកាន់គណៈប្រតិភូថៃ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ជាដើម ហើយ លោកសូមស្វាគមន៍ក្រុមអ្នកធុរជនថៃ មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា ដែលកិច្ចប្រជុំថ្ងៃនេះ នឹងផ្តល់ឱ្យនូវឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីអាជីវកម្ម និងឱកាសវិនិយោគ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ លើសពីនេះទៀត កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម។ នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។ នេះជាការបន្ថែមរបស់លោក ប៉ាន សូរស័ក្តិ។
គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៣នេះ ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់ចំនួនជាង ២.២ពាន់លានដុល្លារ ថយចុះ ១៨.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ២.៧ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិក និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


