ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បកស្រាយជុំវិញការកាន់តំណែងរបស់លោក ស សុខា ហើយទាត់ចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីបកស្រាយជុំវិញការឡើងកាន់តំណែងរបស់លោក ស សុខា និងការតែងតាំងលោក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ ខណៈក្រសួង ក៏បានប្រកាសច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានរិះគន់មកលើការតែងតាំងនេះ។

ការប្រកាសច្រានចោលដោយក្រសួងមហាផ្ទៃនាពេលនេះ គឺបន្ទាប់ពីមានការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិលោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ»។
ប្រតិកម្មតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតនូវការផ្សាយព័ត៌មាន ដែលមិនបានស្វែងយល់ពីគោលការណ៍នៃការតែងតាំងមន្ត្រី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺលោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកកាន់តំណែងជំនួសសម្តេច គឺជាការផ្សាយដែលមិនយល់ពីរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍របស់គណបក្សនយោបាយនានា ជុំវិញការរៀបចំ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាល។

ក្នុងន័យនេះ អ្នកនាំពាក្យ លើកឡើងថា តំណែងដែលលោក ស សុខា ទទួលបានជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលនេះ គឺជាការផ្គូរផ្គងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ពិសេស មានការតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា។
ចំពោះការផ្សាយថា សម្ដេចក្រឡាហោម ស ខេង តែងតាំងលោក ស រដ្ឋា ដែលជាកូនប្រុសពៅឱ្យកាន់ជាអគ្គស្នងការរងនគរបាលជាតិនោះ គឺកាន់តែខុសធ្ងន់ទៅទៀត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បកស្រាយថា សម្តេច ស ខេង មិនមានសិទ្ធិអំណាចក្នុងការតែងតាំងមន្ត្រីរាជការក្នុងក្រសួងមហាផ្ទៃ តទៅទៀតឡើយ ដោយសាររាជរដ្ឋាភិបាលចាស់ត្រូវបានរំសាយ ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ស រដ្ឋា បានចូលបម្រើការងារជានគរបាលជាតិក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ រយៈពេល១៨ឆ្នាំមកហើយ បន្ទាប់ពីរៀនចប់បរិញ្ញាបត្រ។ ក្នុងនោះ លោក ស រដ្ឋា បានឆ្លងកាត់ការរៀនជំនាញនគរបាលនៅប្រទេសអូស្ត្រាលី រយៈពេល១ឆ្នាំ រួចមកបន្តរៀនជំនាញប្រឆាំងភេរវកម្ម ១ឆ្នាំទៀត នៅសហព័ន្ធអាល្លឺម៉ង់ និងបានឆ្លងកាត់ការបណ្តុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល ផងដែរ។

ផ្អែកតាមចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារទាំងនេះ ទើបលោក ស រដ្ឋា ត្រូវបានទទួលការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានបំពេញការងារបានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ជាអាទិ៍ ករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកក្នុងខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះជាដើម។ ដូច្នេះ តំណែងជាអគ្គស្នងការរងនគរបាលជាតិរបស់លោក ស រដ្ឋា នាពេលនេះ គ្រាន់តែផ្ទេរពីអង្គភាពមួយទៅអង្គភាពមួយផ្សេងទៀត តែក្រោមចំណុះក្រសួងមហាផ្ទៃដដែលប៉ុណ្ណោះ។
ការផ្សាយបែបនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកជាការផ្សាយដែលមិនស្វែងយល់ពីគោលការណ៍នៃការតែងតាំងមន្ត្រីរាជការ និងមានចេតនាមួលបង្កាច់ធ្វើឱ្យមានការភ័ន្តច្រឡំពីភាពស្អាតស្អំរបស់សម្ដេច ស ខេង។ ផ្ទុយមកវិញ សម្ដេច ស ខេង មិនមែនជាបុគ្គលសួនតួនិយម គិតតែអំពីគ្រួសារនិយម ផលប្រយោជន៍ឯកជន ដូចការផ្សាយនោះឡើយ។ សម្ដេច ស ខេង តែងតែតម្កល់សុខទុក្ខប្រជាពលរដ្ឋ ផលប្រយោជន៍មហាជន ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ប្រទេសជាតិ ជាធំ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា វិទ្យុអាស៊ីសេរី លែងជាវិទ្យុវិជ្ជាជីវៈក្នុងរបបសារព័ត៌មានទៀតហើយ គឺក្លាយជាវិទ្យុបម្រើឱ្យមនោគមន៍វិជ្ជាបរទេស និងពួកឧទ្ទាមដែលនិរទេសខ្លួនតែប៉ុណ្ណោះ។ ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីនេះ ជាការផ្សាយគ្មានវិជ្ជាជីវៈ និងមានចរិតនយោបាយ ក្នុងគោលបំណងទុច្ចរិតធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ស ខេង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


