Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គបណ្តុះបណ្តាល​លើជំនាញសារព័ត៌មានដល់មន្ត្រី និងអ្នកសារព័ត៌មាននានា

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ក្នុងអាណត្តិទី៧ បានលើកឡើងថា ក្រសួងព័ត៌មាននឹងមានការរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មានជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងស្វាគមន៍ផងដែរ អ្នកសារព័ត៌មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះ គឺនៅក្នុងជំនួបពិភាក្សាការងារ និងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន គឺដើម្បីពង្រឹងគុណភាពអត្ថបទដែលផ្សព្វផ្សាយជូនសាធារណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន និងអ្នកទស្សនា។

លោកបន្ថែមថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ គឺជាអាវក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឱ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនដល់តំណាងអង្គការយូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។

លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានចែករំលែកទស្សនៈជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងព័ត៌មានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម