ព័ត៌មានជាតិ
កីឡាករទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង កំពុងខំហ្វឹកហាត់ ប្ដេជ្ញាយកជ័យជំនះលើគូរប្រកួត
ទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង ស្ថិតនៅវត្តឥន្ទកោសី ហៅវត្តកោះជ្រូក ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិងកំពុងត្រៀមលក្ខណៈហាត់សម ដើម្បីដណ្តើមយកជ័យជំនះក្នុងពិធីប្រណាំងទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ ដែលរៀបចំដោយរដ្ឋបាល ខេត្តកំពង់ចាម។ នេះបើតាមថេរដីការបស់ព្រះបុណ្ណសោភ័ណ ជី សំណាង ព្រះធម្មធរអនុគណស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្តឥន្ទកោសីកោះជ្រូក និងជាថ្នាក់ដឹកនាំទូក។

ជាជំនឿតៗគ្នា តាំងពីដូនតារៀងមក នាពេលចុះទូកទៅលើផ្ទៃទឹក ជាពិសេសការចុះទូកនាពេលហ្វឹកសម ឬក៏ចូលរួមពិធីប្រណាំងម្ដងៗ គេតែងប្រារព្ធពិធីក្រុងពាលី ដើម្បីសុំពរសេចក្តីសុខសេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី និងជំនាងទូកជាមុនសិន។ ដូចគ្នានោះដែរ នាពេលចុះហ្វឹកសម ក្រុមកីឡាករចំណុះទូក ត្រូវការចំណាយពេលហ្វឹកហាត់ឲ្យបានច្រើន ដើម្បី ឲ្យយល់ចិត្តគ្នា ស៊ីសង្វាក់គ្នា ជាពិសេស ការរិះរកបច្ចេកទេសថ្មីៗ ឲ្យស្ទាត់ជំនាញ ដើម្បី ឈានទៅយកជ័យជំនះពីគូប្រកួត។

បើតាមលោក អាន ម៉េងសែ ជាអ្នកបញ្ជាក្បាលទូក ក៏ដូចជា អ្នកបញ្ជាកន្សៃទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោងបានលើកឡើងថា ទូកជោគជ័យបាន គឺអាស្រ័យដោយចំណុះទូកទាំងអស់ ជាអ្នកអនុវត្ត ពោលគឺត្រូវស្តាប់តាមការបញ្ជារបស់អ្នកកាន់ក្បាលទូក និងចូលរួមសាមគ្គីគ្នា ស្វែងយល់អំពីបច្ចេកទេសនៃការអុំ ។ ទន្ទឹមនឹងនេះ អ្នកបញ្ជាក្បាលទូក កើតចេញពីកីឡាករចំណុះទូក ដែលគាត់មានសម្លេងល្អ ស្រែកបានឮ ទើបអាចដឹកនាំបញ្ជាក្រុមបានល្អ។

បន្ថែមពីនេះ ការថែទាំសុខភាព គឺជាកត្តាចាំបាច់ ដែលកីឡាករម្នាក់ៗត្រូវតែយកចិត្តទុដាក់។ នេះជាការលើកឡើង របស់ លោក ធារ៉ា តំណាងឲ្យក្រុមកីឡាទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង។ លោកបញ្ជាក់ថា មុនពេលពេលការប្រកួតមកដល់ ក្រុមកីឡាករចំណុះទូកទាំងអស់ ត្រូវថែទាំសុខភាព និងមិនត្រូវទទួលបានគ្រឿងស្រវឹងនោះទេ។ ក្រៅពីនេះ ក្នុងពេលប្រកួត កីឡាករត្រូវស្តាប់តាមការបញ្ជារបស់អ្នកក្បាលទូក។
ដោយឡែក លោក ហូម លោត ជាចុងភៅចម្អិតម្ហូបប្រចាំទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង បានឲ្យដឹងថា ម្ហូបអាហារសម្រាប់កីឡាករ គឺជាម្ហូបសំបូរវីតាមីន និងប្រូតេអ៊ីន ដោយត្រូវចម្អិនឲ្យបានត្រឹមត្រូវ ដើម្បីកីឡាករចំណុះទូកទទួលទានហើយមានកម្លាំងថាមពល និងមានសុខភាពមាំមួនក្នុងពេលប្រកួត។
ជាក់ស្ដែង ទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង បានផ្តួចផ្ដើមបង្កើតឡើងដោយលោក វេង សាខុន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកស្រី ម៉ក់ ស៊ីថា។

សូមជម្រាបថា នៅថ្ងៃទី២៨ និង២៩ ខែតុលាខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផល រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៌ភូមិមួយ ផលិតផលមួយ នៅវេទិការអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ក្នុងនោះ ទូកពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង ក៏ដូចជា ទូកផ្សេងៗទៀតដែរ ក៏ធ្លាប់បានចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីព សំពះព្រះខែ និងអកអំបុក នៅឯរាជធានីភ្នំពេញ ជារៀងរាល់ៗឆ្នាំផងដែរ៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


