ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នឹងបញ្ចប់នៅថ្ងៃស្អែក
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកានេះថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលកំណែចំនួន ១០ គ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់មក ត្រូវដំណើរការស្រង់ពិន្ទុដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

លោកស្រីបានបន្តថា ក្រសួង បានចាប់ផ្តើមដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៥ វិច្ឆិកា និងដំណើរការស្រង់ពិន្ទុដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៦ វិច្ឆិកា រហូតដល់ប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៧ វិច្ឆិកា សម្រាប់ភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ សម្រាប់ខេត្តផ្សេងៗ ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។

លោកស្រីបានបន្តទៀតថា ក្រសួងបានយកមណ្ឌលកំណែចំនួន ១០ នៅរាជធានីភ្នំពេញសម្រាប់កែសន្លឹកកិច្ចការបេក្ខជនប្រឡងដោយបែងចែកទៅតាមមុខវិជ្ជានីមួយៗ។ ក្នុងនោះ មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ កែមុខវិជ្ជាអក្សរសាស្ត្រខ្មែរ មណ្ឌលកំណែវិទ្យាល័យបាក់ទូក កែមុខវិជ្ជាគណិតវិទ្យា មណ្ឌលកំណែវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ កែមុខវិជ្ជាប្រវត្តិវិទ្យា មណ្ឌលកំណែវិទ្យាល័យជាស៊ីមសន្ធរម៉ុក កែមុខវិជ្ជាភាសាបរទេស មណ្ឌលកំណែអនុវិទ្យាល័យចតុមុខ កែមុខវិជ្ជារូបវិទ្យា មណ្ឌលកំណែវិទ្យាល័យជាស៊ីមបឹងកេងកង កែមុខវិជ្ជាគីមីវិទ្យា មណ្ឌលកំណែវិទ្យាល័យបឹងត្របែក កែមុខវិជ្ជាជីវវិទ្យា មណ្ឌលកំណែវិទ្យាល័យព្រះយុគន្ធរ កែមុខវិជ្ជាភូមិវិទ្យា មណ្ឌលកំណែបឋមសិក្សាសន្ធរម៉ុក កែមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា និងមណ្ឌលកំណែវិទ្យាល័យទួលទំពូង កែមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា។

លោកស្រីបន្ថែមថា ក្នុងដំណើរការកំណែសន្លឹកកិច្ចការប្រឡង និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ ត្រូវបានធានាយុត្តិធម៌ តម្លាភាព និងសុក្រឹតភាព ហើយលទ្ធផលអាចទទួលយកបានទាំងអស់គ្នាតាមរយៈយន្តការកាត់រាល់ក្បាលសន្លឹកកិច្ចការដោយចុះលេខសម្ងាត់លើសន្លឹកកិច្ចការ ហើយការបែងចែកសន្លឹកកិច្ចការដល់អ្នកកែដោយឆ្លងកាត់ដំណើរការពីរផ្សេងគ្នា។ បន្ទាប់ពីចុះលេខសម្ងាត់លើសន្លឹកកិច្ចការរួច យើងបញ្ជូនសន្លឹកកិច្ចការទៅកាន់ក្រុមបែងចែកសន្លឹកកិច្ចការ ហើយក្រុមបែងចែកសន្លឹកកិច្ចការនឹងបន្តបែងចែកទៅកាន់ក្រុមកំណែនីមួយៗ។ ដូច្នេះក្រុមកំណែគ្មានសិទ្ធិជម្រើសរើសដុំកំណែដែលខ្លួនត្រូវការឡើយ។ នេះជាការរក្សាការសម្ងាត់ ក៏ដូចជាដំណើរការ នៃការកែសន្លឹកកិច្ចការប្រឡងរបស់សិស្ស។

លោកស្រីបន្ថែមទៀតថា «ដើម្បីធានាសុក្រឹតភាព នៃការកែសន្លឹកកិច្ចការប្រឡង យើងមានយន្តការពីរ គឺ ទី១.យើងមានអ្នកកែពីរនាក់លើសន្លឹកកិច្ចការតែមួយ និងទី២.ការបញ្ចូលពិន្ទុក្នុងប្រព័ន្ធកុំព្យូទ័រត្រូវបានធានាត្រឹមត្រូវក្រោមការត្រួតពិនិត្យដោយអនុគណៈកម្មការផ្ទៀងផ្ទាត់ពិន្ទុលើសន្លឹកកិច្ចការជាមួយនឹងពិន្ទុដែលបានបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ»។

គួរជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មានបេក្ខជនអវត្តមានសរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់)។

បេក្ខជនមានបញ្ហាសុខភាព ៨៥ ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការបានធូរស្រាល និងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ៕
អត្ថបទ ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


