កីឡា
ព្រំ សំណាង វាយបក Dave Leduc វិញថា ជាមនុស្សក្រឡេចក្រឡុច
សង្គ្រាមពាក្យសំដីរវាងកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករមីយ៉ាន់ម៉ា Dave Leduc នៅតែបន្តកើតមានមិនដាច់ បន្ទាប់ពីអ្នកទាំងពីរបានប្រកួតស្មើគ្នាកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Dave Leduc បានចេញវីដេអូ និងសារជារឿយៗមកលើកីឡាប្រដាល់កម្ពុជា។ ក្នុងនោះរូបគេបាននិយាយថា ធឿន ធារ៉ា ជាកីឡាករស្រួលបំផុតសម្រាប់ខ្លួន ដូច្នេះរូបគេមិនចាំបាច់ប្រកួតជាមួយទេ។ រូបគេក៏បាននិយាយខ្លួនឯងថាជា«ស្តេចប្រដាល់ឡេតវេ និងគុនខ្មែរ» បើទោះបីជារូបគេមិនធ្លាប់បានប្រកួតលក្ខណៈគុនខ្មែរក៏ដោយ។

Dave Leduc បានប្រកួតស្មើជាមួយ ព្រំ សំណាង បើទោះជាមានប្រៀបតាមរយៈការវាយឲ្យអ្នកលេងគុនខ្មែរត្រូវបានអាជ្ញាកណ្តាលរាប់៨ម្តង ប៉ុន្តែតាមច្បាប់គ្មានអ្នកសន្លប់គឺគ្មានអ្នកឈ្នះចាញ់។ បែបនេះក្តី Leduc បាននិយាយថា ខ្លួនឈ្នះ ព្រំ សំណាង ហើយ ព្រំ សំណាង បានឈ្នះ ធឿន ធារ៉ា ដូច្នេះរូបគេជាស្តេចប្រដាល់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ចុងក្រោយបំផុតកាលពីថ្ងៃទី១១ ខែធ្នូ Dave Leduc បាននិយាយថា ៖«អ្នករាល់គ្នាដឹងហើយថាខ្ញុំផ្តល់ឱកាសដល់សំណាងហើយមិនបានធ្វើឲ្យគាត់សន្លប់ទេ ព្រោះការប្រកួតរបស់យើងជាការប្រកួតមិត្តភាពការទូតរវាងមីយ៉ាន់ម៉ា-កម្ពុជា។ ខ្ញុំបន្ថយល្បឿន បន្ទាប់ពីការដួលលើកទីមួយ នៅពេលខ្ញុំដឹងថា ខ្ញុំខ្លាំងពេក។ ខ្ញុំចង់ឲ្យយើងទាំងពីរនាក់បញ្ចប់ការប្រកួតដោយឈរជើងជាប់នៅលើសង្វៀនទាំងអស់គ្នា ហើយអាចលើកទង់ជាតិមីយ៉ាន់ម៉ា និងកម្ពុជាឲ្យផុតពីអាកាស! ខ្ញុំមិនអាចលើកទង់ជាតិបានទេ ប្រសិនបើគូប្រកួតខ្ញុំដេកលើសង្វៀន…»។

នៅព្រឹកថ្ងៃអង្គារ៍ ទី១២ ខែធ្នូនេះ ព្រំ សំណាង បានឆ្លើយតបទៅ Dave Leduc វិញដោយចាត់ទុកជាមនុស្សក្រឡេចក្រឡុចដោយមិនហ៊ានវាយពាក់ហ្គង់ដៃ និងកូរជាងកន្លះម៉ោងទើបប្រកួតកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែបែរជាថាខ្លួនតឲ្យសម្រាប់ការប្រកួតរុំអំបោះឆៅ។
ព្រំ សំណាង បាននិយាយថា ៖«ខ្ញុំដេកមិនលក់ បក់មិនរហើយ បើក Facebook កាលណា ឃើញគេនិយាយថា ថ្ងៃមុនគេតឲ្យខ្ញុំបាទ ព្រំ សំណាង។ សំណាងហើយដែលខ្ញុំមិនសន្លប់ ហើយតស្អីគេ បើឡើងជង្គង់កណ្តាលៗថ្គាម ឥឡូវខំស្រែកដូចគោ។ សំណាងហើយដែលអាជ្ញាកណ្តាលចាប់ទាន់»។
«លទ្ធផលមុនស្មើគ្នា ចង់ជម្រុះបញ្ជី ខ្ញុំចង់ស្នើឲ្យកម្មវិធីប៊ូសស្ត្រងជួយរៀបចំការប្រកួតលើកទី២ គាត់ថា ចូលនិវត្តន៍ មិនបាច់ចូលនិវត្តន៍ទេ ដាក់ម្តងទៀតមើល ហើយតអីគេ បើកវ៉ៃហ្គង់មិនហ៊ានវ៉ៃផង តអីទៀត។ គេរៀបចំវ៉ៃពាក់ហ្គង់ដៃ អត់ហ៊ានផង។ ប្រសិនបើខ្ញុំអត់ព្រមវ៉ៃរុំអំបោះឆៅវិញ ប្រហែលជាខូចកម្មវិធីបាត់ហើយពេលនោះ។ ឥឡូវសាកមើលគុនខ្មែរ៣ទឹក ធានាថាសន្លប់ ផ្ញើទៅ Dave Leduc»។

មុនការប្រកួតកាលពីថ្ងៃទី៥ ខែវិច្ឆិកា Dave Leduc ទទួលបានការស្រឡាញ់គាំទ្រច្រើនពីអ្នកគាំទ្រកម្ពុជា ពីព្រោះរូបគេបានរួមចំណែកផ្សព្វផ្សាយប្រដាល់គុនខ្មែរ ប៉ុន្តែមួយរយៈពេលចុងក្រោយអ្នកគាំទ្រហាក់ដូចជាមិនសូវពេញចិត្តនឹង Leduc ទេដោយសារបាននិយាយថា ខ្លួនជាស្តេចប្រដាល់ឡេតវេ និងគុនខ្មែរប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទាំងខ្លួនមិនធ្លាប់បានប្រកួតគុនខ្មែរម្តងណាសោះ ហើយប្រកួតជាមួយ ព្រំ សំណាង ប្រើច្បាប់១ទឹកមានរយៈពេល៩នាទីដែលមិនមែនជាច្បាប់គុនខ្មែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


