កីឡា
ក្រសួងអប់រំត្រៀមកញ្ចប់ពិសេសសងគុណអត្តពលិកមានស្នាដៃដែលប្រកួតលែងកើត
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាកំពុងត្រៀមគោលការណ៍ពិសេសដើម្បីសងគុណដល់អត្តពលិកជម្រើសជាតិកម្ពុជាដែលមានស្នាដៃជូនជាតិ បន្ទាប់ពីចូលនិវត្តន៍ ឬមិនអាចបន្តអាជីពរបស់ខ្លួនបានដើម្បីឲ្យពួកគាត់មានលទ្ធភាពចិញ្ចឹមជីវិត។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះគ្រាន់តែជាគម្រោង និងជាទឹកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងពេលរៀបចំពិធីជប់លៀងអបអរសាទរអំពីជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួង និងភាគីពាក់ព័ន្ធកំពុងរៀបចំបែបបទដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីរៀបចំថាតើផ្តល់ការតងស្នងសងគុណអត្តពលិកជម្រើសជាតិដែលមានស្នាដៃដោយវិធីណា នៅពេលពួកគាត់ចូលនិវត្តន៍ ឬមិនអាចបន្តអាជីពបាន។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ៖«យើងត្រូវតបស្នងសងគុណកីឡាករ កីឡាការិនីដែលបម្រើជាតិ ទទួលបានជយលាភីជូនជាតិ ឧបត្ថម្ភគាំទ្រពួកគាត់ ទាំងស្មារតីដល់ពួកគាត់ទៅថ្ងៃក្រោយ។ ពេលពួកគាត់ចប់អាជីពថាតើ ពួកគាត់ទទួលបានការថែទាំ ឬការផ្តល់អ្វីមួយពីជាតិវិញ។ ការងារនេះ យើងស្ថិតក្នុងគម្រោងនៅឡើយទេ។ យើងកំពុងតែគ្រោងរៀបចំដោយយោងលើទិដ្ឋភាពនៃច្បាប់ លក្ខន្តិកៈមន្ត្រីរាជការ តើមានអ្វីខ្លះ ឬត្រូវមានលក្ខណៈពិសេសអ្វីមួយ។ នេះជាប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី១៧វិច្ឆិកា»។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កម្ពុជាបានសម្លឹងមើលទៅប្រទេសផ្សេងដើម្បីជាគំរូដែលប្រទេសទាំងនោះបានយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការិនីជម្រើសជាតិរបស់ពួកគេ ក្រោយពេលបញ្ចប់អាជីព។

«គេមានរបៀបពីរ ទី១. គេឲ្យចូលក្របខណ្ឌរដ្ឋដើម្បីបានទទួលនូវការឧបត្ថម្ភពីរដ្ឋ។ ទី២. រដ្ឋមានកញ្ចប់ពិសេសដើម្បីចិញ្ចឹមពួកគាត់នៅពេលពួកគាត់ឈប់ពីអាជីពរហូតដល់ចាស់។ ការយកចិត្តទុកដាក់នេះគឺសំដៅទៅកីឡាករ កីឡាការិនីដែលបានចូលនិវត្តន៍ ឬពួកគេជួបគ្រោះថ្នាក់អ្វីមួយទាំងនៅវ័យក្មេងដែលមិនអាចបន្តអាជីពបាន ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋដែរ»។ នេះជាប្រសាសន៍របស់លោក វ៉ាត់ ចំរើន។

លោកបានបញ្ជាក់ថា ដោយឡែកការផ្តល់ក្របខណ្ឌរដ្ឋដល់អត្តពលិកមួយចំនួននៅតាមក្រសួង ឬសហព័ន្ធកីឡាជាតិកន្លងមកគឺជាគោលការណ៍របស់ស្ថាប័នសាមីផ្សេង ដោយមិនពាក់ព័ន្ធនឹងគម្រោងរបស់ក្រសួងអប់រំ យុវជន និងកីឡាឡើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


