ព័ត៌មានអន្ដរជាតិ
ទ័ពជើងទឹក ឥណ្ឌា រំដោះទូកនេសាទ អ៊ីរ៉ង់ ដែលចោរសមុទ្រ សូម៉ាលី ប្លន់យកទៅ
កងទ័ពជើងទឹកឥណ្ឌាបានរំដោះទូកនេសាទអ៉ីរ៉ង់ ១ គ្រឿងដែលត្រូវចោរសមុទ្រសូម៉ាលីប្លន់យកទៅ ខណៈវាក៏ជាទូកនេសាទអ៉ីរ៉ង់ទី២ ដែលឥណ្ឌាជួយចេញពីកណ្តាប់ដៃក្រុមចោរសមុទ្រក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងពីគ្នាប៉ុណ្ណោះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៣០ ខែមករា ។

អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាចម្បាំងឥណ្ឌា INS Sumitra បានបង្ខំឲ្យចោរសមុទ្រសូម៉ាលីដោះលែងទូកនេសាទអ៊ីរ៉ង់ឈ្មោះ Al Naeemi ព្រមជាមួយជនជាតិប៉ាគីស្ថាន ១៩ នាក់ដែលស្ថិតនៅលើទូកនោះដោយសុវត្ថិភាព ។
ប្រតិបត្តិការជួយសង្រ្គោះបានប្រព្រឹត្តទៅចន្លោះយប់ថ្ងៃចន្ទរំលងចូលថ្ងៃអង្គារនៅចម្ងាយជាង ១,៥០០ គីឡូម៉ែត្រភាគខាងលិចទីក្រុង Kochi របស់ឥណ្ឌា ។ ក្រុមចោរសមុទ្រសូម៉ាលីសរុប ១១ នាក់បានធ្វើសកម្មភាពប្លន់ទូកនេសាទនោះ ហើយចាប់ក្រុមការងារទូកធ្វើជាចំណាប់ខ្មាំង ។ ក្រោយប្រតិបត្តិការជួយសង្រ្គោះ ក្រុមចោរសមុទ្រទាំងនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួនដោយកងកម្លាំងពិសេសឥណ្ឌាផងដែរ ។

ស្របពេលជាមួយគ្នានេះ ការជួយសង្រ្គោះខាងលើបានកើតឡើងក្នុងរយៈពេលត្រឹមតែ ៣៦ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងឥណ្ឌាបានរំដោះសមាជិកទាំង ១៧ នាក់នៃទូកនេសាទអ៉ីរ៉ង់មួយគ្រឿងផ្សេងទៀតដែលត្រូវក្រុមចោរសមុទ្រសូម៉ាលីប្លន់ដូចគ្នា ។
សកម្មភាពវាយប្រហាររបស់ចោរសមុទ្រនៅក្បែរឆ្នេរប្រទេសសូម៉ាលីបានឈានដល់កម្រិតខ្លាំងក្លាបំផុតកាលពីឆ្នាំ ២០១១ ដោយក្រុមខ្មាន់កាំភ្លើងហ៊ានបើកការវាយប្រហារចម្ងាយឆ្ងាយៗខ្លាំងរហូតដល់ ៣,៦៥៥ គីឡូម៉ែត្រពីឆ្នេរសូម៉ាលីនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា មុនពេលថមថយកទៅវិញក្រោយកងទ័ពជើងទឹកអន្តរជាតិបានដាកពង្រាយនាវាចម្បាំង ហើយកប៉ាល់ពាណិជ្ជកម្មចាប់ផ្តើមប្រើឆ្មាំការពារប្រដាប់ដោយអាវុធ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


