ព័ត៌មានជាតិ
អភិបាលខេត្តតាកែវបញ្ជាឲ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ និងល្បែងផ្សងសំណាងគ្រប់ប្រភេទ
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឲ្យអាជ្ញាធរគ្រប់ស្រុក ក្រុង ទូទាំងខេត្តត្រូវបញ្ឈប់ជាបន្ទាន់នូវការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តជម្រាបជូនអភិបាល ក្រុង ស្រុក ទូទាំងខេត្តបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ឱ្យស្របតាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍន៍ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ។

ក្នុងសេចក្ដីប្រកាស លោក អ៊ូច ភា ស្នើឱ្យលោកអភិបាលគ្រប់ស្រុក ក្រុង ចូលរួមអនុវត្តទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំងលេងល្បែង ស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង បើក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។

តាមរយៈសារជាសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កាលពេលថ្មីនេះ សម្ដេច បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាបណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។
ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង។
សម្ដេចធិបតី សង្កត់ធ្ងន់ថា ពេលវេលានេះ គឺជាការពង្រាយនូវសមិទ្ធផលជាវិជ្ជាមានផ្សេងៗ ជាអាទិ៍ រោងចក្រសហគ្រាស ក៏ដូចជាការពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ ជាដើម។ ផ្ទុយទៅវិញ មិនមែនជាពេលវេលា ដែលត្រូវពង្រាយតែទីតាំងល្បែងស៊ីសងនោះឡើយ បើទោះបីជាមានច្បាប់ក៏ដោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


