ព័ត៌មានជាតិ
កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើកប្រាក់ឈ្នួល ទាំងថ្ងៃសៅរ៍-អាទិត្យ
កម្មករ-និយោជិត នៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍-អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។

កញ្ញា ឡាយ ថាវង្ស ដែលជាកម្មការិនី Y&W ថា «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល បើទោះបីថ្ងៃសៅរ៍-អាទិត្យ ក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។
លោក ធន ពន្លឺ ដែលជាកម្មករ នៃរោងចក្រ Y&W លើកឡើងដែរថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត ពី រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍-អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករ-និយោជិត នៃរោងចក្រ Y&W ទាំងអស់ ផងដែរ។

ដោយឡែក លោកស្រី ឱក ចន្ថា កម្មការិនី នៃរោងចក្រ Y&W ក៏បានកោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករ-និយោជិត ទាំងអស់ ទទួលបានការដោះស្រាយដ៏សមស្របមួយ។
លោកស្រី ថា «ខ្ញុំមិននឹងស្មានថាក្រសួងធ្វើការនៅថ្ងៃសៅរ៍-អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទេ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួងខិតខំធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករពួកខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះខ្ញុំទើបសម្រាលកូនថ្មីៗ នេះ»។

ទន្ទឹមនឹងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មើលឃើញថា ការបំពេញការងារទាំងថ្ងៃសៅរ៍-អាទិត្យ ទាំងយប់ ទាំងថ្ងៃ លើករណីរោងចក្រ Y&W ជាពិសេសអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ នៅពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់កម្មករ-និយោជិត។
គូសបញ្ជាក់ផងដែរថា ចាប់តាំងពីរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូន កម្មករ-និយោជិត នៃក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ។ ក្នុងនោះ គិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត នៃរោងចក្រ Y&W សរុបចំនួន ៣ ៧២៤ នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល។

ដោយឡែក កម្មករ-និយោជិត ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយផ្ទាល់ ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវដូចមានក្នុងសេចក្ដីណែនាំ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


