ព័ត៌មានជាតិ
ទិន្នផលពោតរបស់សហគមន៍កសិករ ក្រុងស្ទឹងត្រែងថមថយចុះ ដោយសារអាកាសធាតុក្តៅ
សហគមន៍កសិករដាំពោតនៅភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានព្យាយាមដាំពោតធ្វើជាភូមិមួយផលិតផលមួយ តែនៅឆ្នាំនេះដំណាំពោតរងផលប៉ះពាល់ពីអាកាសធាតុក្តៅខ្លាំងបង្កឱ្យផលពោត ត្រូវខាតបង់ដោយសារតែផ្លែ វាដាក់គ្រាប់មិនបានពេញល្អ ហើយគ្មានអ្នកបញ្ជាទិញ។

លោក អន ជួន មេភូមិខាំផាន់ប្រាប់ថា៖ ដំណាំពោតកសិករនៅឆ្នាំនេះ ជួបប្រទះអាកាសធាតុប្រែប្រួល បានបង្កឱ្យពោតដាក់គ្រាប់មិនបានពេញល្អ ធ្វើឱ្យកសិករខាតបង់ថវិកាប្រមាណជាង២០% ក្នុងចំការនីមួយៗ ទោះបីបងប្អូនខិតខំប្រើមធ្យោបាយថែទាំ បូមទឹកដាក់ យ៉ាងណាក៏ដោយក៏មិនអាចជួយស្រោចស្រង់បានដែរ។
លោកបន្តថា៖ ការដាំដុះបច្ចុប្បន្នកសិករអនុវត្តតាមបច្ចេកទេស ទាំងការថែទាំ និងការជ្រើសរើសពូជ បានត្រឹមត្រូវហើយ តែឆ្នាំនេះអាកាសអាតុក្តៅហួសការស្មាន បង្កឱ្យដំណាំពោតថយគុណភាព។
«ឆ្នាំនេះវាក្តៅពេកទឹកមិនគ្រប់គ្រាន់ផ្លែវាមានខ្លះអញ្ចឹងមិនអាចបំពេញគ្រាប់ប៉ុន្តែយើងចង់ទប់និងធាតុអាកាសអត់បានទេវាអាចថយចុះប្រមាណ ១៥ ទៅ២០%គុណភាព វាបើដូចរាល់ឆ្នាំអត់អីទេគឺពោតសាច់ពេញៗព្រោះធាតុអាកាសត្រជាក់អត់ដូចឆ្នាំនេះក្តៅខ្លាំង»។ លោក អន ជួន បន្ថែម។

លោក ឈាវ សុគុណថែល រស់នៅភូមិខាំផាន់ បានបញ្ជាក់ថា៖ កសិករប្រមាណជាង៧០គ្រួសារនៅក្នុងភូមិនេះបានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្តិ៍ឈ្មោះភូមិមួយមានផលិតផលមួយ គឺពោតសហគមន៍ភូមិខាំផាន់។
លោកបន្ថែមថា៖ ដំណាំពោតនៅជុំទី៣នេះ ស្ទើរតែបាត់បង់ ផលិតផលមួយភូមិមួយ ព្រោះរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យកសិករខាតបង់ដើមទុនទៅលើការចំណាយទិញប្រេងបូមទឹក។

លោកស្រី ឆៃ ចិត្រា អ្នកស្ងោរពោតលក់ នៅក្រុងស្ទឹងត្រែង បានឲ្យទទួលស្គាល់ថា៖ បច្ចុប្បន្នពោត និងបន្លែផ្សេងៗ ដែលនាំចេញពីភូមិខាំផាន់នេះ ស្រួលលក់ដូរជាងពោតនិងបន្លែនាំចូលមកពីបណ្តាតំបន់នានា ព្រោះអាតិថិជនបានស្គាល់ប្រភពច្បាស់លាស់ និងមានរសជាតិឆ្ងាញ់ផង។
លោកស្រីថា៖ ពោតឆៅក្នុងមួយផ្លែមានតម្លៃចាប់ពី ៥០០ ទៅ៧០០រៀល ពេលស្ងោរឆ្អិនមួយតម្លៃ ១០០០ រៀលតែប៉ុណ្ណោះ។
នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង ២០០ គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រ ហើយបច្ចុប្បន្នដំណាំពោតជាង១៥ ហិកតា កំពុងរងការថមថយទិន្នផលដោយសារតែអាកាសធាតុក្តៅហួសកម្រិត៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


