កីឡា
កាន់តែល្អ! ឈឿង ល្វៃ ចេញប្រកួតខ្សែក្រវាត់២នៅក្រៅប្រទេសខែក្រោយ
កីឡាករគុនខ្មែរ ឈឿង ល្វៃ ទទួលបានឱកាសចេញប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិ២ខ្សែនៅពីរប្រទេសផ្សេងគ្នានាខែក្រោយនេះ បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងហុងកុងកាលពីខែមីនា ឆ្នាំ២០២៤។
ការប្រកួតដណ្តើមខ្សែក្រវាត់នៅប្រទេសបារាំង
ឈឿង ល្វៃ ត្រូវប្រឈមនឹងជើងខ្លាំងបារាំង Omar Samb សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក (Kun Khmer World Champion) ទម្ងន់៧២គីឡូក្រាម វេលាម៉ោង៩យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Bordeaux ប្រទេសបារាំង ផ្សាយបន្តផ្ទាល់តាមរយៈ BTV។

វាជាការប្រកួតមួយដែលនឹងតឹងតែងខ្លាំងសម្រាប់អ្នកលេងគុនខ្មែរនៅពេលជួបកីឡាករបារាំង Omar Samb ដែលល្បីខ្លាំងជាច្រើនឆ្នាំមកហើយ។ កីឡាករបារាំងរូបនេះបានប្រកាសចង់ជួប ឈឿង ល្វៃ នៅពេលរូបគេមកប្រកួតនៅប្រទេសកម្ពុជាកាលពីមីនា។
នៅចាំបានថា កាលពីខែមីនា ឆ្នាំ២០២៤ ជើងខ្លាំង Omar Samb ត្រូវបានរៀបចំឲ្យប៉ះ រឿង សុភ័ណ្ឌ ប៉ុន្តែដោយសារកីឡាករកម្ពុជាមានបញ្ហាសុខភាព រូបគេក៏ត្រូវបានផ្គូផ្គងឲ្យជួបកីឡាករបរទេសនៅលើទឹកដីកម្ពុជា។ នៅពេលនោះ រូបគេបានប្រកួតតំណាងឲ្យគុនខ្មែរដោយបានផ្តួលកីឡាករតួកគី Adem Kabak ក្នុងទឹកទី១។

Omar Samb ជាកីឡាករប្រដាល់សេរីបារាំងដែលមានបទពិសោធច្រើន ក្នុងនោះរូបគេធ្លាប់ឈ្នះម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក២លើក និងម្ចាស់ខ្សែក្រវាត់ថ្នាក់ជាតិបារាំង។ រូបគេធ្លាប់ឈ្នះពិន្ទុ កែវ រំចង់ កាលពីឆ្នាំ២០១៩ និងចាញ់ពិន្ទុ ម៉ឺន សុភា កាលពីឆ្នាំ២០១៧។ រហូតដល់ពេលនេះ រូបគេនៅតែរក្សាបានភាពខ្លាំងរបស់ខ្លួននៅលើសង្វៀន។
គូនេះប្រាកដជាគួរឲ្យចាប់អារម្មណ៍ខ្លាំង ពីបើនិយាយពីកាយសម្បទាប្រហាក់ប្រហែលគ្នា ប៉ុន្តែ Omar Samb មានបទពិសោធច្រើនជាង ឈឿង ល្វៃ ហើយជាម្ចាស់ទឹកដីថែមទៀតសម្រាប់ការប្រកួតនេះ។
ការប្រកួតដណ្តើមខ្សែក្រវាត់នៅទីក្រុងហុងកុង
បន្ទាប់ពីភារកិច្ចដ៏ធ្ងន់នៅលើទឹកដីបារាំង ឈឿង ល្វៃ ត្រូវបន្តហោះទៅទឹកដីហុងកុងថែមទៀតដើម្បីប្រកួតជាមួយកីឡាករអ៉ីតាលី Luca Lombardo សម្រាប់ការដណ្តើមខ្សែក្រវាត់ពិភពលោក I-1 World Super-4 Championship នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ជំនួបនេះក៏កាន់តែលំបាកសម្រាប់អ្នកលេងគុនខ្មែរដែលត្រូវប្រឈមនឹងកីឡាករអ៉ីតាលីចាស់វស្សា និងមានបទពិសោធច្រើន។ កីឡាករ Luca Lombardo ធ្លាប់បកួត៨០ដងគឺឈ្នះ៦៥ដង ចាញ់១៣ដង និងស្មើ២ដង។ រូបគេបានប្រឡូកសង្វៀនធំៗច្រើននៅតាមបណ្តាប្រទេសផ្សេងៗ។ ការប្រកួតចុងក្រោយកាលពីខែមុននេះ រូបគេបានប្រកួតឈ្នះកីឡាករថៃ Wanchana នៅសង្វៀនធំ Rajadamnern និងធ្លាប់ប្រកួតនៅសង្វៀនធំ ONE Championship កាលពីឆ្នាំ២០២៣។
ឈឿង ល្វៃ បានធ្វើឲ្យសង្វៀន I-1 Championship របស់ទីក្រុងហុងកុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលបានក្លាយជាម្ចាស់ខ្សែក្រវាត់ម៉ារ៉ាតុងកម្រិតពិភពលោក World Super-4 Championship បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ប្រទេសចិន។

ការធ្វើឲ្យសង្វៀននេះកាន់តែល្បីទើបបានធ្វើឲ្យម្ចាស់សង្វៀនផ្តល់ឱកាសឲ្យ ឈឿង ល្វៃ ជាបន្តទៀត ហើយក៏មានកីឡាករដែលធ្លាប់ប្រកួតនៅ I-1 Championship បានមកប្រកួតនៅកម្ពុជាថែមទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ